(ប៉ៃលិន)៖ កងកម្លាំងយោធានៃ វរសេនាតូចអន្តរាគមន៍លេខ៥៣៤ ចំណុះកងពលតូចថ្មើរជើងលេខ៥៣ បានទទួលការយកចិត្តទុកពី លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប្រធានកាំកុងត្រូលសាខាខេត្តប៉ៃលិន និងមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត ដែលបានផ្តល់នូវអណ្តូងទឹក១ តម្លៃជាង២ពាន់ដុល្លារ និងគ្រឿងអាហារបរិភោគសំភារៈមួយចំនួនទៀត។

ការថ្លែងអំណរគុណនេះធ្វើឡើងក្រោយពី លោក សាន  វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលតំណាងលោករដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម ឧត្តមសេនីយ៍ទោ ជា ភួងភិរម្យ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ បានចុះជួបកម្លាំង វរៈសេនាតូចអន្តរាគមន៍លេខ៥៣៤ ស្ថិតនៅភូមិអូរកន្ទាងវ៉ាខាងត្បូង ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧នេះ។

លោក សាន វិជ្ជាសារ៉ាវុធ បានលើកឡើងថា ទាំងអស់នេះគឺមានការយកចិត្តទុកដាក់ ពីលោកប៉ាន សូរស័ក្តិ តែងតែយកចិត្តទុកដាក់ដល់កងកម្លាំងប្រដាប់អាវុធ កងកម្លាំងយោធាដែល មានទីតាំងដាច់ស្រយ៉ាល។

លោកបន្តថា លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ពុំដែលបំភ្លេចកងទ័ពឡើយ ព្រោះកងទ័ពបានលះបង់សាច់ ឈាមស្រស់ ទាំងស្មារតី ឃ្លាតឆ្ងាយពីក្រុមគ្រួសារ បងប្អូន ដើម្បីរដ្ឋ ការពារទឹកដី មាតុភូមិ រហូតឈានដល់មានការរីកចំរើន គ្រប់វិស័យមានផ្លូវ ស្ពាន ហេដ្ឋារចនាសម្ព័ន្ធ ទូទាំងប្រទេសកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ឧត្តមសេនីយ៍ទោ ជា ភួងភិរម្យ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ បានថ្លែងថា ក្នុងនាមយើងជាកងកម្លាំងយោធា មានតួរនាទីបំរើប្រជាពលរដ្ឋ ការពារមាតុភូមិ ប្រទេសជាតិយើងជាសំខាន់ ជាពិសេសសមិទ្ធផលដែលលោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានផ្តល់ជូនដល់វរសេនាតូចអន្តរាគមន៍លេខ៥៣៤។

សូមបញ្ជាក់ថា លោកសាន វិជ្ជាសារ៉ាវុធ លោក សុខ សាធីម លោកឧត្តមសេនីយ៍ទោ ជា ភួងភិរម្យ សូត្រមន្តប្រោះព្រំអណ្តូងទឹក និងចែកគ្រឿងអាហារបរិភោគ សំភារៈ មាន មីចំនូន ១០កេសធំ  ទឹកសុទ្ធ ចំនួន ១៦កេសធំ ត្រីខ ចំនួន ៦កេសធំ អង្រឹងចំនួន ១០០អង្រឹង អាវយឺត ចំនួន១០០អាវ និងគ្រឿងភេជ្ជៈចំនួន ៤៥កេស និងថវិកា៣លានរៀល និងបានផ្តល់​​​រោងដាក់រថយន្ត នៃអធិការ​ដ្ឋាននគរបាល​ស្រុក​សាលាក្រៅ​ ពន្លត់អគ្គីភ័យ មានតម្លៃ១៥០០ ដុល្លា និងថ្លៃជួសជុលរថយន្ត​ពន្លត់អគ្គីភ័យ​៥០០ដុល្លា​ ៕