(ភ្នំពេញ)៖ ក្រុមហ៊ុន Hitachi (ហ៊ីតាឈី) របស់ប្រទេសជប៉ុន ក៏ដូចជាក្រុមហ៊ុន Siam Hitachi Elevator Co.,Ltd របស់ប្រទេសថៃ បានចាប់ដៃគ្នាជាមួយក្រុមហ៊ុន តំណាងផលិតផល Hitachi Elevator របស់ប្រទេសកម្ពុជា បើកកិច្ចសហប្រតិបត្តិការផ្គត់ផ្គង់ជណ្ដើរយន្ត និងជណ្ដើរយោង នៅក្នុងប្រទេសកម្ពុជា ខណៈដែលបច្ចុប្បន្ននេះ វិស័យសំណង់ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍មួយនេះ កំពុងតែរីកដុលដាលខ្លាំង គួរឲ្យកត់សម្គាល់។
ពិធីប្រកាសស្ដីពីគម្រោង វិនិយោគជណ្ដើរយន្តរួមនេះ បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយ នារសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧នេះ នៅឯសណ្ឋាគារ សូហ្វីតែល ដោយមានការចូលរួម ពីភាគីក្រុមហ៊ុនទាំងអស់ ដើម្បីធ្វើបទបង្ហាញ ស្ដីពីកិច្ចទំនាក់ទំនង សហប្រតិបត្តិការ និងបញ្ជាក់ពីសេវាកម្ម ការផ្គត់ផ្គង់ផ្នែកជណ្ដើរយន្ត Hitachi នៅក្នុងប្រទេសកម្ពុជា។
លោក ហ៊ីកាស៊ីហារ៉ា តូស៊ីអាគី ប្រធាន និងជានាយកប្រតិបត្តិ Hitachi Co.,Ltd បានថ្លែងបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជា សព្វថ្ងៃនេះ មានការីកដុះដាលផ្នែកហេដ្ឋា រចនាសម្ព័ន្ធដូចជាផ្លូវថ្នល់ អគ្គិសនី ជាដើម ដែលសុទ្ធសឹងជាកត្តាចំបាច់ មិនអាចខ្វះបាន ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ហើយក៏មានការព្យាករណ៍ថា អត្រាកើនឡើងនៃ GDP ប្រចាំឆ្នាំនឹងមានកម្រិតលើសពី ៧% គិតមកទល់ឆ្នាំ២០២០។ ម្យ៉ាងទៀត ដោយមានសកម្មភាពច្រើនឡើង នៃការវិនិយោគទុនពីបរទេស ផ្ដោតសំខាន់លើឧស្សាហកម្មផលិត និងផ្នែកអចលនទ្រព្យ អត្រាប្រចាំឆ្នាំ នៃតម្រូវការផ្នែកផ្គត់ផ្គង់ជណ្ដើរយន្ត នៅក្នុងទីក្រុង ក៏ត្រូវបានរំពឹងទុកថា នឹងមានការកើនឡើងខ្ពស់ លើសពី១០%។
ដោយឡែកលោក Sakchai Worrasangasilpa នាយកគ្រប់គ្រង ក្រុមហ៊ុន Hitachi Elevator Cambodia Co.,ltd បានថ្លែងឲ្យដឹងថា នៅក្នុងប្រទេសកម្ពុជា ចាប់តំាងពីពេលនំាចូលនូវជណ្តើរយន្តកំា នៅឆ្នាំ១៩៨២មក ក្រុមហ៊ុនហ៊ីតាឈីបានចាប់ផ្តើមធ្វើការផ្តល់ ជូននូវសេវាកម្មលក់ តម្លើង និងថែទំាជណ្តើរយន្ត ដែលមានគុណភាពខ្ពស់ ដូចជាការនំាចូលនូវជណ្តើរយន្តប្រអប់ និងជណ្តើរយន្តកំា ដល់មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ដែលជាមន្ទីរពេទ្យលំដាប់ខ្ពស់ជាងគេ នៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៤ ដោយទំនាក់ទំនងឆ្លងកាត់ តាមក្រុមហ៊ុនជណ្តើរយន្តប្រអប់ ហ៊ីតាឈីសៀម។
លោកបន្តថា ពីពេលនេះតទៅមុខ មិនត្រឹមតែសម្រាប់អតិថិជន ក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ក្រុមហ៊ុនហ៊ីតាឈី នឹងខិតខំប្រឹងប្រែង ក្នុងការលក់ផលិតផល ទៅកាន់សហគ្រាសវិនិយោគទុននៅក្រៅប្រទេស រួមទំាងសហគ្រាសជប៉ុនផងដែរ ក្នុងគោលបំណងពង្រីកចំណែកទីផ្សារ នៃផលិតផលជណ្តើរយន្ត នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាបង្កើនល្បឿន នៃការពង្រីកពាណិជ្ជកម្មជណ្តើរយន្ត នៅក្នុងទ្វីបអាស៊ី។
រីឯលោក ជា ហ៊ុយ នាយកប្រតិបត្តិក្រុមហ៊ុន CMED Group Co.,Ltd ដែលជាដៃគូដ៏សំខាន់នៅក្នុងប្រទេសកម្ពុជា បានគូសបញ្ជាក់ថា លោកបានមើលឃើញពីតម្រូវការកាន់តែខ្ពស់ ពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសវិស័យសំណង់ អគារផ្សេងៗនៅក្នុងប្រទេសកម្ពុជា កំពុងតែរីកដុះដាល កាន់តែច្រើន ទើបមានកិច្ចសហការនេះកើតឡើង។ ការចាប់ដៃគូជាមួយក្រុមហ៊ុន Hitachi របស់ប្រទេសជប៉ុន នៅពេលនេះ គឺដើម្បីផ្ដល់ជូននូវអតិថិជន និងដៃគូពាណិជ្ជកម្មផ្សេងទៀត លើសេវាកម្មផ្គត់ផ្គង់ តម្លើង ចែកចាយ សេវាថែទាំ ផលិត ជណ្ដើរយន្តប្រអប់ និងជណ្ដើរយោង ឲ្យកាន់តែមានភាពទូលំទូលាយ និងប្រកបដោយគុណភាពខ្ពស់បំផុត ស្របទៅតាមសម័យបច្ចេកវិទ្យាដ៏ទំនើប នៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ៕