(ភ្នំពេញ)៖ លោក ប្រាជ្ញ សីហា ប្រធានគណៈឃោសនាអប់រំ និងជាសមាជិកអចិន្ត្រៃយ៍ គណបក្សខណ្ឌឫស្សីកែវ បានជំរុញបន្ថែមទៀត ក្នុងការពង្រឹងស្មារតី ទៅលើការកសាង ការគ្រប់គ្រង ការពង្រឹងកម្លាំងឃោសនិក មេខ្យល់ ជនប្រតិក ម្មរហ័ស សកម្មជន គឺជាកិច្ចការដ៏សំខាន់ចំពោះមុខ និងយូរ អង្វែង របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ដើម្បីទទួលយកបាននូវជ័យជំនះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។
ការជុំរុញ ដើម្បីពង្រឹងបន្ថែមរបស់លោក ប្រាជ្ញ សីហា បានធ្វើឡើងនៅក្នុងវគ្គបំពាក់បំប៉នមួយ ទៅដល់ឃោសនិក មេខ្យល់ ជនប្រតិកម្មរហ័ស សកម្មជន របស់CPP ខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅសណ្ឋាគារ «ម៉ូដែន៥» ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ដោយមានការអញ្ជើញចូលរួមពីលោក ឌី សានិត ប្រធានក្រុមការងារចុះជួយសង្កាត់ទួលសង្កែទី១ លោក ស៊ឹម ស៊ឹកគ្រីយ៉ា ប្រធានមន្ទីរបក្សខណ្ឌ លោក សន សោភ័ណ្ឌ លោក អ្នក បូរ លោក មាស សុផា ជាសមាជិកគណៈកម្មាធិការបក្សខណ្ឌ រួមនិងប្រធានគណៈកម្មាធិការបក្ស សង្កាត់ទួលសង្កែទី១ លោក សយ កុសល ព្រមទាំងសមាជិក សមាជិកា ក្រុមការងារមកពីតាមបណ្ដាសាខាបក្សភូមិជិត២០០នាក់ផងដែរ។
ក្នុងវគ្គបំពាក់បំប៉ននេះដែរលោក ប្រាជ្ញ សីហា បានលើកឡើងថា ក្នុងវគ្គបំពាក់បំប៉ននេះ គឺពាក់ព័ន្ធតួរនាទី ភារកិច្ចរបស់ មេខ្យល់ ជនប្រតិកម្មរហ័ស សកម្មជន គឺជាកិច្ចការដ៏សំខាន់ ចំពោះមុខ និងយូរអង្វែងរបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ដើម្បីទទួលយកបាននូវជ័យជំនះ ក្នុងយុទ្ធនាការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។
លោកបន្តថា ទី១-អំពីមេខ្យល់៖ ត្រូវចំណាំថា ជាអ្នកនាំមុខមហាជនដែលមានទីតាំង និងការរៀបចំបានត្រឹមត្រូវ និងមានលក្ខណៈសម្បត្តិ ជាអ្នកមានឥទ្ធិពលលើក្រុម (ផ្លូវការ ឫក្រៅ ផ្លូវការ)ព្រមទាំងមានប្រជាប្រិយភាព ទាំងការនិយាយស្ដី ឫធ្វើការអំពាវនាវចំពោះអ្នកដ៏ទៃ ហើយជាអតីត ឫបច្ចុប្បន្នជា អ្នកដឹកនាំ ឫក៏អ្នកមានគុណសម្បត្តិ ក្នុងមូលដ្ឋាននោះដោយ គួបផ្សំមានជីវភាពបង្គួរ បើប្រៀបធៀបទៅសមាជិកក្នុងក្រុម ជាពិសេស ត្រូវចេះចែករំលែកផលប្រយោជន៍ដល់ក្រុមចេះដឹងសុខទុក្ខ និងជួយយកអាសារអ្នកដ៍ទៃ។
ម្យ៉ាងទៀត ត្រូវមានអាកប្បកិរិយា ថ្លៃថ្នូរ មានភាពចាស់ទុំ មានសីលធម៌ល្អ ជាជនគំរូ ចេះគោរពវិន័យ និងមានមហាជនចូលចិត្តស្រឡាញ់ច្រើន។ សំខាន់បំផុតត្រូវចេះលើកទឹកចិត្ត ដែលតម្រូវឲ្យ អ្នកកសាង ឫគ្រប់គ្រងផ្ទាល់ ឧស្សាហ៍ចុះជួបសំណេះសំណាល សួរសុខទុក្ខមេខ្យល់បានជាប្រចាំ ឫចូលរួមដោះស្រាយ នៅពេលមានបញ្ហានៅក្នុងក្រុម ហើយត្រូវបានស្នើឡើង ដើម្បីជួយដោះស្រាយ។
ទី២-ជនប្រតិកម្មរហ័ស៖ ជាមនុស្សដែលអង់អាចក្លាហាន ហ៊ាននិយាយ ហ៊ានវាយបកទាន់ពេល ដោយផ្ទាល់ ឫដោយប្រយោល ទៅលើគំនិតមិនចម្រើនជឿនលឿន ឫក៏ការឃោសនា អកុសលរបស់មជ្ឈដ្ឋានអគតិនានា ពិសេសជាអ្នកធ្វើ សកម្មភាពជាមួយមហាជន ដែលគ្មានការរៀបចំច្បាស់លាស់ នៅតាមទីផ្សារ ឫកន្លែងសាធារណៈ។ ចាំបាច់ ជនប្រតិកម្មរហ័ស ត្រូវមានលក្ខណៈសិល្បៈ នៅក្នុងការបកស្រាយ ឫឆ្លើយទៅនិងសំនួរនានា ត្រូវមានភាពហ្នឹងហ្នឹរ អត់ធ្មត់ មិនប្រឡោត ហើយសំខាន់ជាងនេះ ត្រូវមានភាពប៉ិនប្រសប់ដោយ ខិតខំរកវិធី ដោយចេះឆ្លៀតឱកាស យកព័ត៌មានវិជ្ជមាន និងអវិជ្ជមានពីគណបក្សនានា មកធ្វើការវិភាគសរុប និងសន្និដ្ឋានខ្ចាប់លើតថៈភាព សច្ចៈភាព និងភាពសមហេតុផល នៃរឿងរ៉ាវនីមួយៗ ដោយសមស្របទៅនិងមូលដ្ឋានផង។
ម្យ៉ាងទៀតត្រូវចេះធ្វើសកម្មភាព សម្រាប់បំផុសអប់រំមហាជនពីគោលការណ៍ មាគ៌ានយោបាយគណបក្ស និងវាយបកទាន់ពេល រាល់មតិយោបល់របស់ជនអគតិ ឫចូលរួមនៅកន្លែងណា ដែលមានសភាពស្មុគ្រស្មាញ ឫក៏មេខ្យល់កំពុងប្រឈមមុខ និងសភាពការណ៍អាក្រក់ ហើយត្រូវប្រជុំទៀងទាត់ជាមួយ សមាជិកក្នុងក្រុមដើម្បីត្រួតពិនិត្យការងារ និងលើកទិសដៅ បន្តដោយធ្វើរបាយការណ៍ជាប្រចាំរាល់បាតុភូតដែលសមាជិ កម្នាក់ៗជួបប្រទះនៅតាមគ្រប់មូលដ្ឋាន និងធ្វើការកសាង ការគ្រប់គ្រងជនប្រតិកម្មរហ័ស ត្រូវប្រជុំសម្រេចជ្រើសរើស ក្នុងគណៈកម្មាធិការបក្ស ខណ្ឌ-សង្កាត់ រួមនិងគណៈកម្មាធិការបក្ស មន្ទីរ អង្គភាពដោយផ្អែកតាមលក្ខណៈសម្បត្តិខាងលើ។ បន្ថែមពីនេះចំនួនជនប្រតិកម្មរហ័ស របស់អង្គភាពនិ មួយៗអាស្រ័យទៅតាមសភាពជាក់ស្ដែង ក្នុងនោះគប្បីយកចិត្តទុកដាក់លើនារីភេទផងដែរ។
ទី៣-ឃោសនិក៖ គណបក្សប្រជាជនកម្ពុជា ជាអ្នកដែលផលិត ចងក្រងខ្លឹមសារ និងបំពេញការងារឃោសនាអប់រំ និងជាអ្នកផ្សប់ផ្សាយបន្ត គោលមាគ៌ានយោបាយ កម្មវិធីនយោបាយរបស់គណបក្ស សេចក្ដីសម្រេចនានារបស់បក្ស។ល។ ដើម្បីជូនដល់សមាជិកបក្ស និងមហាជនគ្រប់មូលដ្ឋាន ដោយមានភាពប៉ិនប្រសប់ សិល្ប៍វិធី និងវោហាសាស្ត្រធ្វើឲ្យអ្នកចូលរួមចាប់អារម្មណ៍ និងយកចិត្តទុកដាក់ស្ដាប់ពិសេស លក្ខណៈសម្បត្តិរបស់ឃោសនិក គឺជាអ្នកមានចំណេះដឹងទូទៅ មានសមត្ថភាព ក្ដាប់ជាប់គោលមាគ៌ា គោលនយោបាយ កម្មវិធីនយោបាយរបស់គណបក្ស ព្រមទាំងមានភាពឈ្លាសវៃ ជាអ្នកគ្រប់គ្រងអារម្មណ៍ខ្លួនបាន នៅគ្រប់កាលៈទេសៈ ហើយជាអ្នកចូលចិត្តការស្រាវជ្រាវ និងចងក្រងខ្លឹមសារនានា តាមដានសភាពការ ជាតិ-អន្តរជាតិ រួមនិងមានសិលធម៌ របៀប រស់នៅល្អ និងមានសុខភាពល្អ។
ទី៤-សកម្មជននយោបាយ៖ គឺជាជនពាក់ព័ន្ធក្នុងដំណើរការ នយោបាយ ដែលប៉ិនប្រសប់ ជម្រុញលើកទឹកចិត្ត ឫរារាំងបង្កើនការយល់ដឹងអំពីបញ្ហាអ្វីមួយ ដល់អ្នកចូលរួម ព្រមទាំងហ៊ានប្រយុទ្ធដើម្បីផលប្រយោជន៍ក្រុម ឫគណបក្ស។ ម្យ៉ាងទៀត សកម្មជនគណបក្ស ជាអ្នកមានទឹកចិត្តស្មោះត្រង់ជាមួយបក្ស ចេះឃោសនា ហ៊ានការពារ ហ៊ានប្រឈមទៅ និងកម្លាំងប្រឆាំង ដែលវាយប្រហារមកលើគណបក្ស ពិសរសលក្ខណៈសម្បត្តិរបស់សកម្មជនគណបក្ស ជាអ្នកមានសមត្ថភាព និងក្ដោបក្ដាប់ គោលមាគ៌ា គោលការណ៍ គោលនយោបាយ កម្មវិធីនយោបាយរបស់គណបក្ស និងស្ថានភាពរបស់ប្រទេសជាតិ ហើយប៉ិនប្រសប់ប្រើប្រាស់វិធីសាស្ត្រក្នុងការពន្យល់ និងបកស្រាយរាល់បញ្ហា ដែលកំពុងកើតមាន ដោយពន្យល់ដល់អ្នកចូលរួម ងាយយល់ដឹង មានវោហាសាស្ត្រគ្របដណ្ដប់លើដៃគូរ ព្រមទាំងមានកាយសម្បទាមាំមួន និងមានលក្ខណៈសិល្បៈក្នុងការនិយាយ ដោយចូលរួមគ្រប់វេទិកា ព្រិត្តិការណ៍នយោបាយរបស់បក្ស រួមនិងឃោសនា ចលនា មហាជនឲ្យគាំទ្រគណបក្ស ការពារប្រយុទ្ធដើម្បីផលប្រយោ ជន៍គណបក្ស។
បន្ថែមពីនេះទៀត ការកសាងសកម្មជន ត្រូវប្រជុំសម្រេចជ្រើសរើសក្នុងគណៈកម្មាធិការបក្សខណ្ឌ-សង្កាត់ និងគណៈកម្មាធិការសាខាបក្សមន្ទីរ អង្គភាព ដោយផ្អែកតា មលក្ខណៈសម្បត្តិខាងលើ រួមនិងធ្វើការបំពាក់បំប៉នសកម្មជ នក្នុងការបណ្ដុះបណ្ដាល អំពីការងាររបៀបរបបចេញធ្វើសកម្មភាព វិន័យ ខ្លឹមសារដែលត្រូវប្រើប្រាស់ក្នុងពិធី ឫប្រើប្រាស់ នៅក្នុងពេលនិយាយជាមួយអ្នកចូលរួមពីថ្នាក់ដឹកនាំ គណៈកម្មាធិការបក្សខណ្ឌ-សង្កាត់ ឫគណៈកម្មាធិការសាខាបក្សមន្ទីរ អង្គភាព និមួយៗត្រូវគ្រប់គ្រង និងថែបំប៉នសកម្មជនឲ្យ បានល្អត្រឹមត្រូវ៕