(តាកែវ)៖ ប៉ុន្មានថ្ងៃចុងក្រោយនេះ កម្លាំងមន្ត្រី នៃមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) បានបន្តរំដោះគ្រាប់បែកទម្លាក់ពីយន្តហោះអាមេរិក ប្រភេទ MK82 ជាបន្តបន្ទាប់ ជាក់ស្តែងនៅថ្ងៃនេះ មន្ត្រី CMAC បានដោះគ្រាប់បែកដ៏គ្រោះថ្នាក់មួយគ្រាប់ទៀត នៅស្រុកបាទី ខេត្តតាកែវ។
លោក ហេង រតនា អគ្គនាយក CMAC បានបញ្ជាក់ថា នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែមីនានេះ នៅភូមិ ឱភាសាំង ឃុំ កន្តឹង ស្រុកបាទី ខេត្តតាកែវ មន្ត្រី CMAC បានឃើញនិងដោះបន្សាបគ្រាប់បែកទំលាក់ពីយន្តហោះប្រភេទ MK82 បានមួយគ្រាប់ទៀតហើយ។ គ្រាប់បែកទំលាក់ពីយន្តហោះនេះ បានឃើញពេលដែលប្រជាជនជីកស្រះដោយគ្រឿងចក្រ។
សូមរំលឹកថា កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧ គ្រាប់បែកប្រភេទ MK82 ចំនួន៣គ្រាប់ ដែលកងទ័ពអាកាសអាមេរិក បានទម្លាក់យ៉ាងព្រៃផ្សៃ លើទឹកដីកម្ពុជា ត្រូវបានមន្ត្រីជំនាញ CMAC ដោះបាននៅភូមិគោកព្រីង ឃុំគោកត្រាប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ជាមួយគ្នានេះ កាលពីល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ CMAC បានដោះគ្រាប់បែក ប្រភេទ MK82 មួយគ្រាប់ នៅភូមិភ្នំបុរី ឃុំព្រែកទោល ស្រុកអង្គរបុរី ខេត្តតាកែវ។
អាមេរិកបានទម្លាក់គ្រាប់បែកលើទឹកដីកម្ពុជា ចាប់ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ហើយទិន្នន័យទម្លាក់គ្រាប់ទាំងនោះ ត្រូវបានឯកភាពនៅឆ្នាំ២០០០ ដោយប្រធានាធិបតីជំនាន់ក្រោយ គឺលោក Bill Clinton ដែលបានបញ្ចេញឯកសារចំហរថា អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជាអស់ ២.៨លានតោន និងគ្រាប់បែកគីមីផងដែរ ក្រោមលេសថា តាមកម្ទេចពួកយៀកកុង ប៉ុន្តែស្លាប់តែប្រជាពលរដ្ឋខែ្មរ អស់ជាងកន្លះលាននាក់ និងកម្ទេចតែភូមិឋាន ផ្ទះសម្បែងខែ្មរ អស់រាប់ម៉ឺនកន្លែងទៀត៕