(ប៉ៃលិន)៖ ក្រុមការងារមូលនិធិគាំទ្រសុខភាព និងសង្រ្គោះបន្ទាន់ ដែលមានលោកស្រី បាន ស្រីមុំ ជាប្រធានមូលនិធិ នៅថ្ងៃទី​០៣ ខែមីនា ឆ្នាំ២០១៧នេះ បានជួបសំណេះសំណាល និងសួរសុខទុក្ខលោកយាយ លោកតា ចាស់ជរាគ្មានទីពឹង ក្នុងខេត្ត​ចំនួន​១៦០នាក់ និងចែកជូន ប្រាក់ឧបត្ថម្ភប្រចាំខែមីនា ឆ្នាំ២០១៧ ដោយក្នុងម្នាក់ៗ ទទួលបានថវិកាឧបត្ថម្ភ​១០០,០០០រៀល (មួយសែនរៀលគត់) ហើយចំពោះលោកយាយ លោកតាដែលមានទីលំនៅឆ្ងាយ ពិបាកធ្វើដំណើរ គឺក្រុមការងារបានយក​ថវិកាទៅប្រគល់ជូនដល់គេហដ្ឋានផ្ទាល់ផងដែរ។

ចាស់ជរាគ្មានទីពឹងចំនួន១៦០នាក់ ក្នុងខេត្តប៉ៃលិន បានទទួលប្រាក់ឧបត្ថម្ភជាប្រចាំខែ គិតមកដល់ពេលនេះ មានរយៈពេល​៦ឆ្នាំមកហើយ ពីលោកស្រី បាន ស្រីមុំ  អ្នកតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាមណ្ឌលប៉ៃលិន ដោយមិនរើសអើយ និងមិនប្រកាន់និន្នាការនយោបាយសាសនា។

ក្នុងឱកាសនោះ ក្រុមការងារ បាននាំបណ្តាំសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធាន​គណបក្ស​ប្រជាជនកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចក្រឡាហោម ស ខេង  ព្រមទាំងថ្នាក់​ដឹកនាំជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជាទាំងអស់ ជូនចំពោះលោកយាយ លោកតា និងបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្ត​ប៉ៃលិន​ទាំងអស់ ដោយសម្តេច សូមជូនពរឲ្យលោកយាយ លោកតាមានសុខភាពល្អ អាយុយឺនយូរ និងសូមថែរក្សាសុខភាព ឲ្យបានល្អគ្រប់គ្នា។

សូមបញ្ជាក់ថា ដោយមានការផ្តួចផ្តើមពី លោក អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលចុះជួយ ខេត្តប៉ៃលិន និងលោកស្រីប្រធានមូលនិធិ បានផ្តល់ប្រាក់ឧបត្ថម្ភជាប្រចាំខែ ដល់លោកយាយ លោកតាចាស់ជរា និងមាន ជីវភាព ខ្វះខាត ដើម្បីជួយសម្រាលការលំបាក និងលើកកម្ពស់សុខមាលភាពលោក​យាយ លោកតាដែលមានវ័យចំណាស់ គ្មានទីពឹងក្នុងខេត្តប៉ៃលិន ដោយមិនរើសអើង និងប្រកាន់និន្នាការនយោបាយសាសនាឡើយ។

ជាការកត់សំគាល់ ក្រោមការដឹកនាំពី លោកស្រី បាន ស្រីមុំ តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាមណ្ឌលប៉ៃលិន ជានិច្ច​កាល​តែង​យកចិត្តទុកដាក់ និងជួយឧបត្ថម្ភ ដល់ប្រជាពលរដ្ឋក្រីក្រ នៅពេលមានបញ្ហាលំបាក គ្រប់ទីកន្លែង​ទូទាំងខេត្តប៉ៃលិន និងក្រៅពីនោះ ក៏មានការយកចិត្តទុកដាក់ ដល់ជនចាស់ជរា គ្មានទីពឹង ដោយមានការឧបត្ថម្ភប្រាក់ប្រចាំខែផងដែរ៕