(ភ្នំពេញ)៖ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧នេះ ក្រុមប្រឹក្សាធម្មនុញ្ញា ចេញសេចក្តីសម្រេចជាស្ថាពរបិទផ្លូវតវ៉ា ចំពោះច្បាប់ស្តីពីវិសោធនកម្ម ស្តីពីគណបក្សនយោបាយ ហើយមានអនុភាពអនុវត្តទៅលើអំណាចទាំងអស់ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។

ការចេញសេចក្តីសម្រេចនេះ ធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញាបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យច្បាប់ស្តីពីវិសោធនកម្ម ស្តីពីគណបក្សនយោបាយ ដែលរដ្ឋសភាបានអនុម័ត កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ និងព្រឹទ្ធសភាបានពិនិត្យ និងឲ្យយោបល់ឯកភាពទាំងស្រុងលើទម្រង់ និងគតិច្បាប់ ដោយឥតកែប្រែក្នុងសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅ និងបានប្រកាសថា ស្របនឹងរដ្ឋធម្មនុញ្ញ។

សូមបញ្ជាក់ច្បាប់ស្តីពីវិសោធនកម្មស្តីពីគណបក្សនយោបាយនេះ ត្រូវនឹងដាក់ជូនសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ក្នុងនាមប្រមុខស្តីទី នាពេលឆាប់ៗនេះ។