(ឈាងម៉ៃ-ថៃ)៖ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានគណៈកម្មការ ទទួលបន្ទុកសហប្រតិបត្តិការអន្តរជាតិ នៃយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់កម្ពុជា លោក កៅ ខុនដារ៉ា បានថ្លែងប្រាប់ថ្នាក់ដឹកនាំប្រទេសជិតខាងថា «កម្ពុជាមិនមែនជាប្រទេសផលិត គ្រឿងញៀននោះទេ ប៉ុន្តែដោយសារកម្ពុជា នៅជិតតំបន់ត្រីកោណមាស ធ្វើឲ្យឧក្រិដ្ឋជនគ្រឿងញៀនប្រើបាស់ប្រទេសកម្ពុជា ធ្វើជាទីកន្លែងឆ្លងកាត់ ដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់ ទៅកាន់ប្រទេសទី៣ និងប្រើប្រាស់មួយចំនួន នៅក្នុងប្រទេសកម្ពុជា ដែលធ្វើឲ្យប៉ះពាល់ដល់ដល់បញ្ហាសណ្តាប់ធ្នាប់ និងសុខមាលភាពប្រជាពលរដ្ឋ»។
នៅថ្ងៃទី២-៣ ខែមីនា ឆ្នាំ២០១៧ លោក កៅ ខុនដារ៉ា បានដឹកនាំប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំស្តីពីផែនការ «ប្រតិបត្តិប្រឆាំងគ្រឿងញៀន នៅក្នុងតំបន់ត្រីកោណមាសជាមួយប្រទេសផ្តល់ជំនួយ និងទីភ្នាក់ងារអន្តរជាតិ»។
លោកបានថ្លែងថា «បច្ចុបន្ននេះរាជរដ្ឋាភិបាលកម្ពុជា បានកំពុងបើកយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនទូទាំងប្រទេស ហើយក្នុងរយៈពេល២ខែប៉ុណ្ណោះ កម្ពុជាបានអប់រំដល់ប្រជាពលរដ្ឋជិត១លាននាក់ បានបញ្ជូនអ្នកញៀនគ្រឿងញៀន ឲ្យទៅទទួលយកសេវាព្យាបាលជិត៤ពាន់នាក់ បង្រ្កាបបទល្មើសគ្រឿងញៀន២១០០ករណី និងឃាត់ខ្លួនជនល្មើសបាន៤៩៤០នាក់»។
លោកបានបន្តទៀតថា បើទោះបីកម្ពុជាទទួលបានលទ្ធផលគួរឲ្យកត់សំគាល់ក៏ដោយ ក៏កម្ពុជាពិតជាមិនអាចឈានទៅលុបបំបាត់ បញ្ហាគ្រឿងញៀនឲ្យបានទាំងស្រុងនោះទេ ប្រសិនបើតំបន់ត្រីកោណមាស មិនត្រូវបានបង្រ្កាប និងលុបបំបាត់ឲ្យបានទេនោះ។
បើតាមលោក កៅ ខុនដារ៉ា «កម្ពុជាសូមគាំទ្រពេញទំហឹងនូវផែនការប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងតំបន់ត្រីកោណមាស និងប្តេជ្ញាចូលរួមគ្រប់លទ្ធភាព និងបានអំពាវនាវឲ្យប្រទេសផ្តល់ជំនួយ និងទីភ្នាក់ងារអន្តជាតិពិនិត្យលទ្ធភាព ផ្តល់ការគាំទ្រក្រោមរូបភាពជាជំនួយសម្ភារ ថវិកា បច្ចេកទេស មធ្យោបាយក៏ដូចជា ការលើកកម្ពស់សមត្ថភាពមន្រ្តីពាក់ព័ន្ធដើម្បីឲ្យផែនការនេះអនុវត្តន៍បានជោគជ័យ»។
ក្នុងកំឡុងពេលកិច្ចប្រជុំនេះ ប្រតិភូទាំងអស់ក៏បានចូលរួមទស្សនកិច្ចតាមដងទន្លេមេគង្គ នៅតំបន់ត្រីកោណមាសព្រំដែនឡាវ ថៃ និងភូមា ដែលជាច្រកផ្លូវទឹកដែលមានការចរាចរគ្រឿងញៀនដ៏សំខាន់ផងដែរ និងទស្សនកិច្ចមជ្ឈមណ្ឌល សម្របសម្រួលសុវត្ថិភាពទន្លេមេគង្គ សម្រាប់ប្រឆាំងគ្រឿងញៀនផងដែរ៕