(ភ្នំពេញ)៖ បុរសជាប្តីកំណាចម្នាក់ មកពីផឹកស្រាស្រវឹងជោគជាំ បានប្រើកូនរបស់ខ្លួនឲ្យទៅដួសទឹកមកឲ្យផឹក តែប្រពន្ធបានហាមកូនមិនឲ្យទៅដួស ធ្វើឲ្យប្ដីក្តៅចិត្តវាយប្រពន្ធដែលសសៃខ្ចីបែកក្បាលឈាមហូរស្រោចជោគខ្លួន។ ហេតុការណ៍ខាងលើនេះ បង្កឲ្យមានភ្ញាក់ផ្អើលកាលពីយប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧នេះ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីជាប្រពន្ធដែលរងគ្រោះ ឈ្មោះ ផែន ចាន់ អាយុ៣៧ឆ្នាំ មុខរបរជាអ្នក លក់ប្រហុក ចំណែកប្តីចិត្តភ្លើងដៃដល់ឈ្មោះ សល់ អាយុជាង៣០ឆ្នាំ និងមានស្រុកកំណើត នៅខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចបានឲ្យដឹងថា តាមដំណើរឿងនៅមុនកើតហេតុបុរសជាប្តី បានមកពីផឹកស្រាវិញ ក្នុងសភាពស្រវឹងជោគជាំត្រេងត្រាង ខណៈពេលដែលត្រឡប់មកដល់ផ្ទះវិញ ក៏បានប្រើកូនតូចអាយុជាង១ខួប ឲ្យទៅយកធុងទឹកមកឲ្យខ្លួនផឹក តែស្រ្តីជាប្រពន្ធបានឃាត់កូនតូចនោះមិនឲ្យទៅដួស ស្រាប់តែបុរសជាប្តីចិត្តក្តៅខណៈដែលស្រវឹងផង ក៏ខឹងច្រឡោតវាយស្រ្តីដែលជាប្រពន្ធដែលសសៃខ្ចី បែកក្បាលឈាមហូរស្រោចជោគខ្លួន រួចគេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុភ្លាមៗ ស្រ្តីរងគ្រោះខាងលើត្រូវបានប្រជាពលរដ្ឋ ដឹកយកទៅព្យាបាលនៅគ្លីនិកឯកជនផងដែរ៕