(ភ្នំពេញ)៖ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ (CIA FIRST International School) នាពេលថ្មីៗនេះ បានប្រារព្ធ «ទិវាវប្បធម៌អន្តរជាតិ» ជាលើកទី៣ ដោយស្ថិតក្រោមការ រៀបចំរបស់សមាគមសិស្ស។
ទិវាវប្បធម៌អន្តរជាតិនេះ បានប្រារព្ធឡើងក្នុងគោលបំណង លើកកម្ពស់ការប្រកួតប្រជែង និងសាមគ្គីភាព ជាលក្ខណៈសកល លើកទឹកចិត្តក្នុងការផ្សារភ្ជាប់ ទំនាក់ទំនងជាអន្តរជាតិ និងផ្ដល់ជូននូវឱកាសឲ្យសិស្សានុសិស្ស បានស្វែងរកព័ត៌មាន អំពីវប្បធម៌ អរិយធម៌ពីបណ្តាប្រជាជាតិនានា លើពិភពលោក។
ថ្នាក់នីមួយៗតំណាងឲ្យប្រទេសផ្សេងៗគ្នា មកពីជុំវិញពិភពលោក ដែលតម្រូវឲ្យមានការបង្ហាញអំពី វប្បធម ប្រពៃណី ម៉ូដសម្លៀកបំពាក់បែបប្រពៃណី និងការបង្ហាញអាហារ របស់ប្រទេសនីមួយៗ។
កម្មវិធីដែលបានប្រារព្ធឡើងមាន ការសម្តែងលើឆាកដូចជា របាំប្រពៃណី និង ការសម្តែង ឈុតឆាកខ្លីៗ ការប្រកួតបង្ហាញសំលៀកបំពាក់ប្រពៃណី និងការប្រជែងម្ហូបអាហារ របស់ប្រទេសតំណាងនីមួយៗ។ ការប្រកួតទាំងនោះត្រូវ បានដាក់ពិន្ទុដោយក្រុមការងារសាលាដែល បានស្ម័គ្រចិត្តជាគណៈកម្មការ ក្នុងកម្មវិធីទាំងនោះ។
រង្វាន់ផ្សេងៗត្រូវបានប្រគល់ជូនថ្នាក់ ដែលទទួលបានជ័យលាភីនៅ ក្នុងការសម្ដែងសិល្បៈ និងកម្មវិធីកំសាន្ដផ្សេងៗទៀត ដែលបានលើកកម្ពស់ នូវឱកាសសិក្សាដល់សិស្សានុសិស្សផងដែរ។ ជារួម «ទិវាវប្បធម៌អន្តរជាតិ» ត្រូវបានប្រព្រឹត្តទៅយ៉ាង ជោគជ័យ និង ទទួលបានចំណាប់ អារម្មណ៏យ៉ាងខ្លាំង ពីសំណាក់ក្រុមការងារសាលា និង សិស្សានុសិស្សទាំងអស់៕