(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ ចេញសេចក្ដីជូនដំណឹង ឲ្យប្រតិបត្តិករទេសចរណ៍ ដែលមិនទាន់បានមកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណទេសចរណ៍ថ្មី ឬខកខានមិនបានមកដាក់ពាក្យសុំ អាជ្ញាបណ្ណទេសចរណ៍បន្ត ត្រូវរួសរាន់ទៅដាក់ពាក្យស្នើសុំ ឲ្យបានត្រឹមចន្លោះរយៈពេល ៣ខែ ចាប់ពីថ្ងៃទី០១ ខែមីនា ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧។
តាមសេចក្ដីជូនដំណឹងរបស់ ក្រសួងទេសចរណ៍ ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា «ក្រសួងទេសចរណ៍ ផ្ដល់ចន្លោះពេលអន្តរការ រយៈពេល៣ខែ គឺចាប់ពីថ្ងៃទី០១ ខែមីនា រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ ជារយៈពេលមួយ ដែលលើកលែងរាល់ការពិន័យ ចំពោះប្រតិបត្តិករទេសចរណ៍ ដែលមិនទាន់បានមកដាក់ពាក្យ ស្នើសុំអាជ្ញាបណ្ណទេសចរណ៍ថ្មី ឬខកខានមកដាក់ពាក្យសុំបន្ត»។
សេចក្ដីជូនដំណឹងខាងលើបានបន្តថា ប្រតិបត្តិករទេសចរណ៍ ដែលមិនទាន់មានអាជ្ញាបណ្ណទេសចរណ៍ ត្រូវរួសរាន់ទៅដាក់ពាក្យស្នើសុំអាជ្ញាបណ្ណទេសចរណ៍ ពីក្រសួងទេសចរណ៍ ឬពីមន្ទីរទេសចរណ៍រាជធានី-ខេត្ត តាមរយៈការដាក់ពាក្យដោយផ្ទាល់ ឬតាមរយៈប្រព័ន្ធចុះបញ្ជីអាជ្ញាបណ្ណទេសចរណ៍ តាមប្រព័ន្ធអនឡាញ ដែលមានគេហទំព័រ «www.cambodiatourismdustry.org» ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ឬអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០២៣ ៥៣ ១០ ៩៩៩។
បើតាមមាត្រា៦៥ នៃច្បាប់ស្ដីពីទេសចរណ៍ បានចែងថា «បុគ្គលណា ដែលប្រកបអាជីវកម្មទេសចរណ៍ ដោយគ្មានអាជ្ញាបណ្ណទេសចរណ៍ ត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ ដែលអប្បបរមា ស្មើនឹង ២,០០០,០០០រៀល និងអតិបរមា មិនលើសពី ២០,០០០,០០០រៀល»៕
សូមអានខ្លឹមសារលម្អិត ក្នុងសេចក្ដីជូនដំណឹងរបស់ ក្រសួងទេសចរណ៍ ដូចខាងក្រោម៖