(ភ្នំពេញ)៖ សហភាពសហជីពធំៗចំនួន១០នៅកម្ពុជា ដែលមានសហព័ន្ធសហជីព៧០ អង្គភាព២ និងសមាគម២ ខ្លះនៅឯករាជ្យមិនទាន់ ចូលក្រុមណាមួយ ហើយមានសណ្តានចិត្តប្រហាក់ប្រហែលគ្នានោះ បានមូលមតិគ្នាចងក្រងជា «សម្ព័ន្ធមិត្តសហជីព» ដើម្បីជាកម្លាំងរួមជួយគ្នាទៅវិញទៅមកក្នុងករណីចាំបាច់ ក្នុងសង្គមជាតិ។
សហភាពសហជីពកម្ពុជាទាំង១០ បានសម្រេចចុះអនុស្សារណៈយោគយល់គ្នា (MoU) បង្កើតជា «សម្ព័ន្ធមិត្តសហភាពសហជីពនៃកម្ពុជា» ហៅកាត់ថា (សម្ព័ន្ធមិត្តសហជីព) នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧នេះ នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ។
ក្រុមសហជីពទាំងនោះ បានឲ្យដឹងថា «សម្ព័ន្ធមិត្តសហជីព» បង្កើតឡើងក្នុងគោលបំណងប្រមូលផ្តុំរួបរួមគ្នារវាងសហជីព និងសហភាព សហជីពមួយចំនួន ដោយមិនប្រកាន់និន្នាការបក្ខពួក សាសនា ពូជសាសន៍ ស្ថិតក្នុង ឬក្រៅប្រទេសឡើយ ហើយក៏ដើម្បីសហការជាមួយ យ៉ាងពេញទំហឹង នៅពេលដែលសមាជិករបស់ខ្លួន ត្រូវបានរងគ្រោះជំងឺការរំលោភបំពានពីបុគ្គល ឫអង្គភាពដ៏ទៃដើម្បីផលប្រយោជន៍ សម្ព័ន្ធមិត្តសហជីព។
លោកបណ្ឌិត ជួន មុំថុល ប្រធានសហភាពសហព័ន្ធសហជីពជាតិកម្ពុជា CCTU បានលើកឡើងថា សម្ព័ន្ធមិត្តសហជីព ដែលទើបបង្កើត ឡើងនេះ បានយកនិមិត្តសញ្ញាចាប់ដៃ ជាសញ្ញាសំគាល់របស់សម្ព័ន្ធ។ ការជ្រើសរើសនេះចង់បញ្ជាក់ថា សម្ព័ន្ធមិត្តសហជីពបង្កើតឡើង ដើម្បីរួមគ្នា ធ្វើការងារជាមួយគ្នា និងតស៊ូរួបរួមជាធ្លុះ ក្នុងគោលដៅអភិវឌ្ឍសង្គមជាតិឲ្យមានការរីកចំរើន។ លោកបានបន្តថា សម្ព័ន្ធមិត្ត សហជីព នឹងធ្វើការជ្រើសរើស ប្រធានដឹកនាំ ឲ្យបានត្រឹមត្រូវ និងមានតម្លាភាពដើម្បីភាពរីកចំរើននៃសម្ព័ន្ធមិត្តថ្មីស្រឡាងមួយនេះ។
សហភាពសហជីពកម្ពុជាទាំង១០រួមមាន៖
១៖ សហភាពសហព័ន្ធសហជីពជាតិកម្ពុជា CCTU បណ្ឌិត ជួន មុំថុល
២៖ សហភាពសហជីពមរតកជាតិកម្ពុជា CCTUH លោក ហង្ស រ៉ាវី
៣៖ សម្ព័ន្ធសហព័ន្ធសហជីពការងារជាតិកម្ពុជា CNC លោក ម៉ៃ វឌ្ឍនា
៤៖ សហភាពពលកម្មជាតិកម្ពុជា NLC លោក សំសឿន
៥៖ សហភាពស្មារតីយុវជនដើម្បីការងារកម្ពុជា USCCL លោក មុំ សៀក
៦៖ សភាសហជីពកម្ពុជា CUC លោកស្រី ជូលមុំថុល រស្មី
៧៖ សហភាពឯករាជ្យការពារកម្មករនិយោជិក ICWP លោក ឡាយ សូរ៉ាផាក់
៨៖ សម្ព័ន្ធសហព័ន្ធសហជីពកម្ពុជា CAFTU លោក ថុល ណន
៩៖ សហភាពអភិវឌ្ឍន៍ការងារ COLD លោក ឌិន សំអាត
១០៖ សហភាពសហជីពជាតិខ្មែរ KNCU លោក សុខ រ៉ាវុធ។
គួរបញ្ជាក់ថា MoU នេះមានសុពលភាពរយៈពេល២ឆ្នាំ គិតចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ និងចុះហត្ថលេខា និងបោះត្រាដោយតំណាងសហភាពសម្ព័ន្ធមិត្តមួយៗ និងជាធរមានចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕