Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឯកអគ្គរដ្ឋទូតអាមេរិក៖​ ការអភិវឌ្ឍជាប្រទេសសេដ្ឋកិច្ច បែបឧស្សាហកម្មទំនើប ជាគន្លឹះសម្រាប់អាមេរិកមកវិនិយោគរាប់ពាន់លានដុល្លារ នៅកម្ពុជាថ្ងៃអនាគត!

03-03-2017 10:08

(ភ្នំពេញ)៖ លោក វីលៀម ហើដ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា បានថ្លែងអះអាង ការអភិវឌ្ឍវិស័យឧស្សាហកម្មរបស់កម្ពុជា ក្លាយជាគន្លឹះដ៏សំខាន់មួយ ក្នុងការទាក់ទាញនូវវិនិយោគិនធំៗរបស់អាមេរិក ដែលមានទំហំវិនិយោគរាប់ពាន់លានដុល្លារ ឲ្យមកបណ្តាក់ទុករកស៉ី នៅកម្ពុជា នាថ្ងៃអនាគត។

ថ្លែងប្រាប់អ្នកព័ត៌មាន ក្នុងពេលចូលរួមវេទិកាចក្ខុវិស័យកម្ពុជាឆ្នាំ២០១៧ ស្តីពី «ការឈានឡើងក្នុងខ្សែចង្វាក់បង្កើត តម្លៃសម្រាប់ឧស្សាហូបនីយកម្ម កំណើន និងការអភិវឌ្ឍក្នុងសម័យឌីជីតាល់» នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ លោក វីលៀម ហើដ បញ្ជាក់ថា លោកនឹងប្រើតួនាទីរបស់លោក ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ធ្វើការទាក់ទាញវិនយោគរបស់អាមេរិក មកកាន់កម្ពុជា។

លោកបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំគិតថា កិច្ចអត្ថាធិប្បាយរបស់ នាយករដ្ឋមន្ត្រីកម្ពុជា ពិតជាអស្ចារ្យ ដែលលើកឡើងច្បាស់ៗ ពីការប្រកួតប្រជែងដែលកម្ពុជាប្រឈមមុខ ដូច្នេះខ្ញុំគិតថាប្រធានបទ នៃសន្និសីទខាងលើនេះ គឺសំដៅឆ្ពោះទៅនឹងអ្វីដែលបានលើកឡើងថា តើកម្ពុជានឹងបោះជំហានបន្ទាប់យ៉ាងដូចម្តេច? ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច ពីអ្វីដែលសម្រេចបានបច្ចុប្បន្ន, ពីប្រទេសដែលពឹងមួយភាគធំលើវិស័យកសិកម្ម, ទេសចរណ៍, និងវិស័យកាត់ដេរ, ហើយឈានទៅអភិវឌ្ឍ ក្នុងនាមជាប្រទេសសេដ្ឋកិច្ចបែបឧស្សាហកម្មទំនើប ដែលខ្ញុំគិតថាជាគន្លឹះមួយសម្រាប់សហរដ្ឋអាមេរិកមកកម្ពុជានៅថ្ងៃអនាគត»

ជាមួយគ្នានេះ លោក វីលៀម ហើដ បានលើកឡើងទៀតថា ក្រុមហ៊ុនឧស្សាហកម្មទំនើបៗភាគច្រើន នៅលើពិភពលោកជាក្រុមហ៊ុនរបស់អាមេរិក ដែលក្រុមហ៊ុនទាំងនោះ ក៏បាននិងកំពុងធ្វើការវិនិយោគ នៅប្រទេសក្បែរខាងកម្ពុជាដូចជា ថៃ វៀតណាមផងដែរ ដូច្នេះលោកសង្ឃឹម ក្នុងនាមជាឯអគ្គរដ្ឋទូតអាមរិកនៅកម្ពុជា លោកនឹងការទាក់ទាញការវិនិយោគទាំងនោះ មកកម្ពុជាដូចគ្នា។

លោកបន្ថែមទៀតថា អ្នកតំណាងផ្នែកសេដ្ឋកិច្ចដ៏ជំនាញរបស់អាមេរិក មកពីក្រុមប្រឹក្សាសេដ្ឋកិច្ច អាមេរិក-អាស៊ាន បានកាន់កម្ពុជាកាលពីសប្តាហ៍មុន ជាមួយនឹងក្រុមហ៊ុនចំនួន១៤ ដែលមានចំណែកទីផ្សារ ២ពាន់ពាន់លានដុល្លារ ដែលធំជាងសេដ្ឋកិច្ចកម្ពុជាទាំងមូល ដោយពួកគេមានភាពសប្បាយរីករាយខ្លាំង ដែលបានជួបជាមួយរដ្ឋមន្ត្រីកម្ពុជានានា នៅក្នុងការពង្រីកសក្តានុពលសេដ្ឋកិច្ចរបស់អាមេរិក ជាមួយនឹងប្រទេសកម្ពុជា...។

លោក វីលៀម ហើដ បានថ្លែងទៀតថា «សេដ្ឋកិច្ចកម្ពុជា នឹងដើរទៅកាន់តែរលូន ដោយសហការជាមួយអ្នកជិតខាងរបស់ខ្លួន ដែលបង្កឲ្យវិស័យនាំចូល និងនាំចេញទៅកាន់បណ្តា ប្រទេសនានារហ័សបំផុត... ហើយវាក៏យោងទៅលើធនធានមនុស្សផងដែរ ពីព្រោះក្រុមហ៊ុនអាមេរិកចូលចិត្ត ជួលមនុស្សក្នុងតំបន់ធ្វើការ ពួកគេមិនចង់នាំជនជាតិអាមេរិកមកទេ ព្រោះវាថ្លៃខ្លាំងណាស់.. ពួកគេចង់ជួលវិស្វករកម្ពុជា គេចង់ជួលអ្នកបច្ចេកទេសកម្ពុជា ដូច្នេះធនធានមនុស្សទាំងនោះពិតជាសំខាន់ខ្លាំងណាស់»