(ភ្នំពេញ)៖ នៅម៉ោងប្រមាណ៨៖៤៥នាទីព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧នេះ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងព្រះមហាក្សត្រិយ នរោត្តម មុនិនាថ សីហនុ បានយាងចេញទៅពិនិត្យព្រះរាជសុខភាពនៅទីក្រុងប៉េកាំង ប្រទេសចិន។
អញ្ជើញយាងព្រះរាជដំណើររបស់ព្រះមហាក្សត្រ និងព្រះមហាក្សត្រិយឡើងយន្តហោះនាព្រឹកនេះ រួមមានវត្តមាន សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំងមន្រ្តីជាន់ខ្ពស់រាជរដ្ឋា ភិបាលកម្ពុជា និង ព្រះញាតិវង្សានុវង្សជាច្រើនអង្គទៀត។
សូមបញ្ជាក់ថា ព្រះមហាក្សត្រខ្មែរ និងសម្តេចព្រះមហាក្សត្រិយ តែងតែយាងទៅពិនិត្យព្រះរាជសុខភាពយ៉ាងទៀងទាត់នៅទីក្រុងប៉េកាំង ប្រទេសចិន គឺក្នុងមួយឆ្នាំពីរដង។ ការយាងចេញទៅពិនិត្យព្រះរាជសុខភាពលើកនេះ មិនទាន់មានការបញ្ជាក់ព័ត៌មានថា ព្រះអង្គទាំងទ្វេ នឹងយាងត្រឡប់មកកម្ពុជាវិញនាពេលណានោះទេ។
ក្នុងអំឡុងព្រះអវត្តមានព្រះមហាក្សត្រខ្មែរនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងទទួលភារៈជាប្រមុខរដ្ឋស្តីទី ដើម្បីធ្វើការសម្រេចលើការងារផ្សេងៗជំនួសព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី៕