(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) និងដៃគូអភិវឌ្ឍន៍ នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧នេះ បានបើកកិច្ចប្រជុំរួមគ្នា ពិនិត្យវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្រ្ត និងកម្មវិធីកំណែទម្រង់ និងទំនើបកម្មរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ២០១៤-២០១៨។

កិច្ចប្រជុំនេះធ្វើឡើងសណ្ឋាគារឡឺរ៉ូយ៉ាល់ រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ជូ វិជិត្ត រដ្ឋមន្ត្រីស្ដីទីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ សមាសភាពចូលរួមមាន តំណាងដៃគូអភិវឌ្ឍន៍មកពី JICA ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា, ស្ថានទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា, IMF, ADB, EU, UNIDO, UNODC ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីគយនិងរដ្ឋាករជាច្រើនរូបទៀត។

កិច្ចប្រជុំមានគោលបំណងសំខាន់ចំនួនបីគឺ៖ ១. បង្ហាញដៃគូអភិវឌ្ឍន៍នូវវឌ្ឍនភាពលទ្ធផលការងារសម្រេចបានក្នុងរយៈពេល ៣ឆ្នាំ ២០១៤-២០១៦ ក្នុងការអនុវត្តយុទ្ធសាស្រ្ត និងកម្មវិធីកំណែទម្រង់និងទំនើបកម្មគយ ២០១៤-២០១៨, ២. គូសបញ្ជាក់ជូនអង្គប្រជុំនូវគោលដៅជាអាទិភាពដែល អគរ ត្រូវអនុវត្តបន្តក្នុងរយៈពេល ២ឆ្នាំ ២០១៧-២០១៨ ខាងមុខ និង ៣.ស្វែងយល់ពីសក្ដានុពលជំនួយបច្ចេកទេស ពីដៃគូអភិវឌ្ឍន៍នាពេលអនាគត លើវិស័យអាទិភាពនានារបស់ អគរ ក្នុងការគាំទ្រយុទ្ធសាស្ត្រកំណែទម្រង់និងទំនើបកម្មរបស់ខ្លួន។

ក្នុងសុន្ទរកថាបើកកិច្ចប្រជុំ លោកបណ្ឌិត ជូ វិជិត្ត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជានិច្ចកាលគាំទ្រ និងចាត់ទុកការអនុវត្តកម្មវិធីកំណែទម្រង់ និងទំនើបកម្មរដ្ឋបាលគយ មានសារៈសំខាន់បំផុតក្នុងការប្រមូលចំណូល ក៏ដូចជាកែលម្អបរិយាកាសវិនិយោគកាន់តែប្រសើរនៅកម្ពុជា អនុលោមតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ និងគោលនយោបាយកៀរគរចំណូលរបស់រាជរដ្ឋាភិបាលកម្ពុជា។
 
តាមរយៈបទបង្ហាញនានារបស់តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អង្គប្រជុំបានស្តាប់របាយការណ៍លទ្ធផលការងារសម្រេចបានកន្លងមក និងទិសដៅការងារជាអាទិភាពសម្រាប់រយៈពេល ២ឆ្នាំបន្ទាប់ ព្រមទាំងវិស័យនានា ដែលអង្គភាពត្រូវការជំនួយជាចាំបាច់សម្រាប់គាំទ្រការអនុវត្ត។

ក្នុងរយៈពេលកន្លងមក អគរ សម្រេចបានប្រមាណ ៦៤% នៃផែនការសកម្មភាពកំណែទម្រង់និងទំនើបកម្មគយរយៈពេល ៥ឆ្នាំ (២០១៤-២០១៨) ទាំងមូល។ ទោះជាយ៉ាងណាក៏ដោយ អង្គប្រជុំក៏បានទទួលស្គាល់ថា នៅមានសកម្មភាពការងារមួយចំនួនទៀត ដែលត្រូវការចាំបាច់នូវការជួយឧបត្ថមផ្នែកបច្ចេកទេសបន្ថែមទៀត ដើម្បីឈានទៅសម្រេចបានដោយជោគជ័យ។

បន្ទាប់ពីកិច្ចពិភាក្សាដែលដឹកនាំដោយលោកបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កិច្ចប្រជុំទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា ដោយបានកំណត់បាននូវគោលដៅជំនួយបច្ចេកទេស និងការចាប់អារម្មណ៍ចូលរួមគាំទ្រពីសំណាក់ដៃគូអភិ វឌ្ឍន៍នានា លើវិស័យអាទិភាពមួយចំនួនដូចជា ការកសាងធនធានមនុស្ស ការងារបច្ចេកទេសគយ ប្រព័ន្ធបញ្ជរតែមួយជាតិ ប្រព័ន្ធព័ត៌មានវិទ្យា កិច្ចសម្រួលពាណិជ្ជកម្ម និងការងារអនុលោមភាពគយជាដើម៕