(ភ្នំពេញ)៖ ប្រិយមិត្ត ក៏ដូចជាទស្សនិកជន ពិតជាមានចម្ងល់ថា ហេតុអ្វីបានជាផលិតកម្ម Clips Media ជ្រើសរើសយកចំណងជើង «ជួយអូនផង!» មកដាក់នៅក្នុងភាពយន្តខ្នាតធំរបស់ខ្លួន ខណៈដែលរឿងនេះ ជាប្រភេទរឿងខ្មោចបែបកំប្លែង ហើយមើលទៅហាក់មិនសម នឹងចំណងជើងនេះសោះ។ ប៉ុន្តែនៅពេលនេះ ផលិតកម្ម Clips Media បានចេញមុខ បញ្ជាក់យ៉ាងច្បាស់ថា មូលហេតុដែលខ្លួនដាក់ចំណងជើង «ជួយអូនផង!» នៃភាពយន្តខ្នាតធំលើកដំបូង របស់ខ្លួន ព្រោះតែមានន័យចង់សម្ដៅ ដល់ការជួយដល់កុមារកំព្រា ដែលពួកគេ កំពុងតែរងនូវភាពលំបាកវេទនា បាត់បង់ភាពកក់ក្ដៅ ដង្ហោយរកជំនួយ និងជាគោលដៅចំបងមួយ របស់ផលិតកម្ម ដែលផលិតរឿងនេះឡើង ដើម្បីរកប្រាក់កម្រៃជួយដល់កុមារកំព្រា នៅក្នុងប្រទេសកម្ពុជា។
ម្ចាស់ផលិតកម្ម Clips Media លោក ពីជិត សិរីរិទ្ធ បានថ្លែងបញ្ជាក់ថា តាមការពិតផលិតកម្ម មានចំណងជើងសម្រាប់ដាក់រឿងនេះ រួចរាល់ទៅហើយ ប៉ុន្តែដោយមើលឃើញថា គោលដៅរបស់ផលិតកម្ម ពេលដាក់បញ្ចាំង ត្រូវយកមួយភាគធំនៃប្រាក់ចំណេញ ជួយដល់កុមារកំព្រា ទើបសម្រេចថា ដាក់ចំណងជើង «ជួយអូនផង!» នេះតែម្ដង។ លោកបន្តថា ចំណងជើងដែលត្រៀមដាក់នោះ រួមមាន «ភូមិលំដាប់ VIP ឬ វិញ្ញាណក្លែងក្លាយ» ជាដើម ដែលជាចំណងជើង ត្រូវនឹងសាច់រឿងទាំងមូល។
ម្ចាស់ផលិតកម្មដដែលបានបន្តទៀតថា ថ្មីៗនេះផលិតកម្ម បានបញ្ចេញវីដេអូឃ្លីបមួយ ដែលមានរយៈពេលជា៥នាទី ដោយក្នុងវីដេអូឃ្លីបនោះ តួឯកស្រីក្នុងរឿង «ជួយអូនផង!» គឺអ្នកនាង សារ៉ាយ សក្ខណា បានសម្ដែងនូវអារម្មណ៍ពិត ចេញពីក្រអៅបេះដូងរបស់ខ្លួន អាណិតដល់ជីវិតក្មេងកំព្រា ដែលបាត់បង់ភាពកក់ក្ដៅ ពីឪពុកម្ដាយ ត្រូវរស់នៅឯកា ធ្វើឲ្យនាងនិយាយទាំងអួលដើមក ស្ទើរស្រក់ទឹកភ្នែក ទាំងមិនដឹងខ្លួន។
«ជួយអូនផង ! ជួយកុមារកំព្រា.!» ៕