(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានការតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ជំនួស លោក Lee Tae Hoon ហើយភ្លាម គ្រូបង្វឹកថ្មីលោក Leonado Luis បានប្រកាសថា «ក្រោមការដឹកនាំរបស់លោក ក្រុមជម្រើសជាតិកម្ពុជា គឺគ្មានកីឡាករតួឯក ឬ Super Star ប្រចាំក្រុមនោះទេ បើល្អគឺល្អជាក្រុម» ។ នេះគឺជាការផ្ដាំផ្ញើរបស់គ្រូបង្វឹកសញ្ជាតិប្រេស៊ីលរូបនេះ មុននឹងលោកធ្វើការប្រមូលផ្ដុំក្រុមជម្រើសជាតិកម្ពុជា ត្រៀមការប្រកួតលក្ខណៈអន្ដរជាតិផ្សេងៗ នាពេលខាងមុខ ។
លោក Leonado Luis បានបញ្ជាក់ផងដែរថា លោកនឹងធ្វើការជ្រើសរើសកីឡាករ ដោយយកចិត្តទុកដាក់បំផុត ហើយចាប់ផ្ដើមដំបូង លោកនឹងធ្វើការសង្កេតកីឡាករគ្រប់ក្លឹបដោយស្ងាត់ៗ មិនឲ្យដឹងមុនឡើយ ដើម្បីដឹងពីគុណភាព និងអត្តពលិកពិតប្រាកដរបស់កីឡាករម្នាក់ៗ មុននឹងកោះហៅមកចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា ។ ជារួមលោកមើលឃើញថា កីឡាករកម្ពុជាភាគច្រើន គឺសុទ្ធតែមានសមត្ថភាព ប៉ុន្ដែដោយសារការគាំទ្រ និងលើកស្ទួយតែកីឡាករម្នាក់ៗ ទើបពួកគេមិនសូវមានឱកាស ។
ដោយហេតុនេះហើយ ទើបលោកប្រកាន់គោលជំហរចាស់ ដែលធ្លាប់ប្រើជោគជ័យក្នុងការដឹកនាំក្រុម Lanexang United របស់ឡាវនាពេលកន្លងទៅ មកអនុវត្តបន្ដជាមួយក្រុមជម្រើសជាតិកម្ពុជា គឺក្រុមបាល់ទាត់ ត្រូវលេងជាក្រុម មានស្មារតីជាក្រុម ហើយល្អជាក្រុម ទើបទទួលបានជោគជ័យ លោកមិនត្រូវការកីឡាករ Super Star នៅក្នុងក្រុមនោះទេ ។ នេះជាសម្ដីរបស់លោក Leonado Luis នៅក្នុងពិធីប្រកាសចូលកាន់តំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា នាល្ងាចថ្ងៃទី០២ ខែមិនា ឆ្នាំ២០១៧នេះ ។
ជាមួយនឹងការមកកាន់តំណែងគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជានេះដែរ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានផ្ដល់ឱកាសឲ្យលោក Leonado Luis នាំមកជាមួយនូវគ្រូជំនួយបរទេស ២រូបផ្សេងទៀតផងដែរ ហើយបើសរុបជាប្រាក់ខែវិញ សហព័ន្ធត្រូវចំណាយប្រមាណ ១២,០០០ដុល្លារដល់គ្រូបង្វឹកទាំង ៣រូប ។ លើសពីនេះ សហព័ន្ធត្រូវផ្គត់ផ្គងមធ្យោបាយធ្វើដំណើរក្នុងការបំពេញការងារ និងកន្លែងស្នាក់នៅទៀតផង ៕