(ភ្នំពេញ)៖ លោក កៅ ខុនដារ៉ា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្ត វិធានការទាំងក្របខណ្ឌជាតិ អន្តរជាតិ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញឱ្យអនុវត្តន៍នូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី១ ហើយរយៈពេល២ខែនេះ កម្ពុជាបានអប់រំដល់ប្រជាពលរដ្ឋបានចំនួនជិត១លាននាក់ និងបានបញ្ជូនអ្នកញៀនគ្រឿងញៀន ឲ្យទៅទទួលយកសេវាព្យាបាលស្តារនីតិសម្បទា បានចំនួនជិត៤ពាន់នាក់ ពិសេសបង្រ្កាបបទល្មើសគ្រឿងញៀន បាន១៨៧៥ករណី ឃាត់ខ្លួនជនល្មើសបាន៤៤២៥នាក់ ដែលបានធ្វើឱ្យ បទល្មើសមានការថយចុះ។
លោក កៅ ខុនដារ៉ា បានថ្លែងបែបនេះ ខណៈលោកបានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំ ស្តីពីផែនការប្រតិបត្តិ ក្នុងតំបន់ត្រីកោណមាស ជាមួយប្រទេសផ្តល់ជំនួយ និងទីភ្នាក់ងារអន្តរជាតិ នៅប្រទេសថៃ នាថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧នេះ។
បន្ថែមពីលើនេះ លោក កៅ ខុនដារ៉ា បានឲ្យដឹងថា កម្ពុជាមិនមែនជា ប្រទេសផលិតគ្រឿងញៀននោះទេ ប៉ុន្តែដោយសារ ឥទ្ធិពល នៃការផលិត និងចរាចរគ្រឿងញៀន នៅក្នុងតំបន់និងពិភពលោក រួមជាមួយភូមិសាស្រ្តកម្ពុជានៅជិតតំបន់ ត្រីកោណមាស ធ្វើឲ្យឈ្មួញទុច្ចរិត បន្តរិះរកគ្រប់កលល្បិច និងមធ្យោបាយដើម្បីប្រើ្របាស់ប្រទេសកម្ពុជា ធ្វើជាទីកន្លែងឆ្លងកាត់ ដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់ទៅកាន់ប្រទេសទី៣ និងប្រើប្រាស់មួយចំនួន នៅក្នុងប្រទេសកម្ពុជាដែលបណ្តាល ឲ្យបញ្ហាគ្រឿងញៀនកាន់តែស្មុគស្មាញ និងបង្កគំរាមកំហែង ដល់បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការអភិវឌ្ឍជាតិ និងសុខមាលភាពប្រជាពលរដ្ឋ។
ក្នុងឱកាសនោះ លោក កៅ ខុនដារ៉ា បានថ្លែងប្រាប់ពី គោលបំណងនៃកិច្ចប្រជុំថា គឺដើម្បីស្វែងរកការគាំទ្រ ដល់ការអនុវត្ត ផែនការ កិច្ចសហប្រតិបត្តិការប្រឆាំងនឹងការផលិតនិងចរាចរគ្រឿងញៀនខុសច្បាប់នៅក្នុងតំបន់ត្រីកោណមាស។
លោក កៅ ខុនដារ៉ា បានថ្លែងគាំទ្រយ៉ាងពេញទំហឹងនូវផែនការប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងតំបន់ត្រីកោណមាស ប្តេជ្ញាចូលរួមគ្រប់លទ្ធភាព និងបានអំពាវនាវឱ្យប្រទេសផ្តល់ជំនួយ និងទីភ្នាក់ងារអន្តជាតិពិនិត្យលទ្ធភាព ផ្តល់ការគាំទ្រក្រោម រូបភាព ជាជំនួយសម្ភារ ថវិកា បច្ចេកទេស មធ្យោបាយ ក៏ដូចជាការលើកកម្ពស់ សមត្ថភាពមន្រ្តីពាកព័ន្ធដើម្បីឱ្យផែនការនេះ អនុវត្តន៍បានជោគជ័យ៕