បុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ «អភិវឌ្ឍជំនាន់ថ្មី» ត្រូវបានចោរ១ក្រុម ទៅឆក់យកកាបូបលុយ អស់ជាង១ម៉ឺនដុល្លារ ពេលកំពុងឈរនោម
02-03-2017 18:30
(ភ្នំពេញ)៖ បុរសម្នាក់ជាបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ «អភិវឌ្ឍជំនាន់ថ្មី ហៅកាត់«NPG» ត្រូវបានចោរ១ក្រុម ធ្វើសកម្មភាពឆក់យកកាបូបលុយ អស់ជាង១ម៉ឺនដុល្លារ រួមជាមួយឯកសារមួយចំនួនទៀតផងដែរ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង០៣៖៣០នាទីរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ ក្នុងខណៈពេលដែលបុរសខាងលើ កំពុងឈប់នោម តាមមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតនៅក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ចន ចំរើន អាយុ៣០ឆ្នាំ ជាបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ «NPG» ដែលស្នាក់នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលនៅក្នុងកាបូបនោះមានលុយជាង១ម៉ឺនដុល្លារ ប្លង់ដីចំនួន៣ច្បាប់ កាតគ្រីរថយន្ត១សន្លឹក និងកាតគ្រីម៉ូតូ១សន្លឹក។
បុរសរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ខ្លួនបានឈប់ម៉ូតូបត់ជើងតូច ដោយបានដាក់កាបូបនៅលើរានកណ្ដាលម៉ូតូ ហើយនៅ ខណៈកំពុងនោមស្រាប់តែមានជនសង្ស័យ ជិះម៉ូតូទៅជិត ធ្វើសកម្មភាពឆក់យកកាបូបទៅបាត់ ប៉ុន្តែពេលនោះខ្លួនមិនបានដឹងថា ចោរមានគ្នាប៉ុន្មាននាក់ហើយ ជិះម៉ូតូម៉ាកអ្វីនោះឡើយ ព្រោះក្រោយពេលនោមរួច មើលទៅម៉ូតូស្រាប់តែបាត់កាបូប ទើបធ្វើដំណើរទៅប្ដឹងនគរបាលឲ្យជួយអន្តរាគមន៍តែម្ដង៕