(ភ្នំពេញ)៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) បានបញ្ជាក់ថាឲ្យដឹងថា ប្រទេសកូឡុំប៊ី​ និងប្រទេសកម្ពុជា សិ្ថតនៅឆ្ងាយពីគ្នា​ មួយចំហៀងផែនដីម្នាក់​ ពោលម៉ោងខុសគ្នា១២ម៉ោងក៏ដោយ ក៏កម្ពុជានិងកូឡុំប៊ី ផ្តើមកិច្ចសហប្រតិបតិ្តការ អន្តរជាតិលើសកម្មភាពកំចាត់មីនរវាងប្រទេសទាំងពីរផងដែរ។

លោក ហេង រតនា បានបញ្ជាក់ថា ក្រោយមានសង្គ្រាមជាង៥០ឆ្នាំ​ ប្រទេសកូឡុំប៊ី ទើបបានបញ្ចប់សង្គ្រាមស៉ីវិល​ ហើយចាប់ផ្តើមអនុវត្តសន្តិភាពពេញលេញក្នុងទូទាំងប្រទេស​ ហើយមានបញ្ហាគ្រាប់មីន និងស្តារសន្តិភាពឡើងវិញ​ តែងតែនឹកឃើញកម្ពុជា ដែលអ្នកមានបទពិសោធន៍ លើការធ្វើសមាហរកម្មសង្គមឡើងវិញ​។

លោកបន្តថា នាយករដ្ឋមន្ត្រីជប៉ុន​ បានប្រកាសក្នុងរដ្ឋសភាជប៉ុន​ ឲ្យពិចារណាស្នើសុំកំលាំង CMAC ជួយគាំទ្រដល់សកម្មភាពមីនរបស់កូឡុំប៊ី។​ ផ្អែកតាមសំណូពរនេះ​ CMAC បានបញ្ជូនគណៈប្រតិភូទៅប្រទេសកូឡុំប៊ី​ ដឹកនាំពិភាក្សាអំពីកិច្ចសហការ និងផ្តល់ការហ្វឹកហ្វឺននេះ។​

លោកបញ្ជាក់ទៀតថា​ CMAC នឹងផ្តល់កំលាំងគាំទ្រដល់ប្រទេសកូឡុំប៊ីតាម៣រូបភាព៖

១៖ ផ្តល់ការហ្វឹកហ្វឺនការងារ គ្រប់គ្រងសកម្មភាពមីន​ ចំនួន៤ឆ្នាំ​ (២០១៧-២០២០)​ ក្រោមជំនួយរបស់ទីភ្នាក់ផ្តល់ជំនួយអន្តរជាតិជប៉ុន​ (JICA) ។

២៖ ​បញ្ជូនកំលាំង CMAC ចំនួនប្រមាណ៣០នាក់ ក្នុងមួយវគ្គៗ ដើម្បី​ដឹកនាំអនុវត្តការដោះមីន និងហ្វឹកហ្វឺន​ ក្រោមជំនួយ និងការដោះមីនរបស់ក្រសួងការបរទេសជប៉ុន ផ្តល់ជូនប្រទេសកូឡំប៊ី​ចុងឆ្នាំ២០១៧ និងឆ្នាំ២០១៨។

៣៖ ​ដៃគូរមួយចំនួនកំពុងទំនាក់ទំនង CMAC ឲ្យជួយផ្តល់អ្នកជំនាញកំរិតតូចៗ រយៈពេល៣-៦ខែ​ ជួយដល់ការដឹកនាំ និងហ្វឹកហ្វឺនការដោះមីន សំរាប់អង្គការដោះមីនជាតិ និងអន្តរជាតិនៅតាមខេត្ត របស់ប្រទេសកូឡុំប៊ី​។

លោក ហេង រតនា បានឲ្យដឹងទៀតថា នេះជាភារកិច្ចចែករំលែកបទពិសោធន៍​ ហើយ CMAC មោទនភាពដែលអាចជួយធ្វើសកម្មទាំងនេះបាន​ ជាពិសេសមោទនភាពជាតិ ដែលមានសុខសន្តិភាពពេញផ្ទៃប្រទេស ធ្វើឲ្យជាតិសាសន៍ដទៃ ទទួលស្គាល់ និងបានផ្តល់ឲ្យយើងមានឱកាស ជួយប្រជាជាតិខ្លះទៀតលើពិភពលោកយើងនេះ ​ដែលកំពុងហែលឆ្លងសង្គ្រាម​ ឬទើបបញ្ចប់សង្គ្រាម៕