(ភ្នំពេញ)៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ពេជ្រ វិជ្ជាធរ បានសម្រេចឃុំខ្លួនបណ្តោះអាសន្ន មន្រ្តីសាលារាជធានីភ្នំពេញ២នាក់ ដែល ACU ឃាត់ខ្លួនករណីពុករលួយ នៅល្ងាចថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧នេះ។
ការប្រកាសសម្រេចឃុំខ្លួនបណ្តោះអាសន្ននាពេលនេះ បានធ្វើឡើងក្រោយពីមន្រ្តីតុលាការ បានបំពេញនីតិវិធីសាកសួរ មន្រ្តីសាលារាជធានីភ្នំពេញទាំង២នាក់ ចំនួន២លើករួមមកហើយ ពោលគីលើកទី១ នៅថ្ងៃទី០១ ខែមីនា និងលើកទី២ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧នេះ។
លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ពួកគេត្រូវបានចោទប្រកាន់ពីបទវិតិក្រម តាមមាត្រា៥៩២ និង៥៩៣នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២ ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។
មន្រ្តីតុលាការបានលួចបង្ហើបថា កន្លងមកមន្ត្រីទាំងពីររូបនេះ ធ្លាប់ត្រូវបានមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ហៅទៅសាកសួរអស់រយៈពេល៤៨ម៉ោងម្តងរួចមកហើយ។ ក្រោយមកទើបអនុញ្ញាតឲ្យត្រឡប់មកវិញ តែនៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧ អង្គភាពប្រឆាំងអំពើពុករលួយ បានហៅមន្ត្រីដដែលនេះ ទៅសាកសួរម្តងទៀត រួចឃាត់ខ្លួនបញ្ជូនមកតុលាការតែម្តង។
ចំពោះមូលហតុនៃការឃាត់ខ្លួននេះ គឺបានកើតឡើងកាលពីអំឡុងខែសីហា ឆ្នាំ២០១៥ ខណៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយក្រសួងមហាផ្ទៃ កំណត់រួមគ្នាថា រាល់គម្រោងវិនិយោគដែលមានទំហំលើស២លានដុល្លារអាមេរិក ត្រូវបង់ចូលការិយាល័យច្រកចេញចូលតែមួយ ចំនួន៧លានរៀល។ ប៉ុន្តែ ពួកគេបានរួមគំនិតគ្នា ទារប្រាក់ពីម្ចាស់ក្រុមហ៊ុនវិនិយោគ រហូតដល់២១លានរៀល ទើបឈានដល់ការដាក់ពាក្យបណ្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនតែម្តង។
មន្រ្តីសាលារាជធានីភ្នំពេញ២នាក់នោះ រួមមានទី១.ឈ្មោះ រ័ត្ន បុរី មុខងារប្រធានការិយាល័យវិនិយោគសាលារាជធានីភ្នំពេញ និងទី២. ឈ្មោះ ម៉ៃ វ៉ាន់ណារុំ មុខងារបុគ្គលិកការិយាល័យវិនិយោគសាលារាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឲ្យថា តុលាការកំពុងស្រាវជ្រាវបន្ត ចំពោះជនសង្ស័យដែលបានទារលុយលើសពីម្ចាស់គម្រោងជាច្រើនក្រុមហ៊ុនទៀត៕