(ភ្នំពេញ)៖ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧នេះ គណបក្សប្រឆាំងធំជាងគេនៅកម្ពុជា គឺគណបក្សសង្គ្រោះជាតិ (CNRP) បានរៀបចំសមាជវិសាមញ្ញ របស់ខ្លួន ដើម្បីបោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីនថ្មី ជាលទ្ធផល៖ លោក កឹម សុខា ត្រូវបានជាប់ជាប្រធានគណបក្ស អមដោយអនុប្រធាន៣រូប គឺលោក ប៉ុល ហំម លោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង។
បន្ទាប់ពីប្រកាសលទ្ធផល នៃការជ្រើសរើសក្បាលម៉ាស៊ីនថ្មីភ្លាម នៅថ្ងៃដដែលនេះ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា បានសរសេរលិខិតជូនពរលោក កឹម សុខា យ៉ាងដូច្នេះថា៖ «ជូនឯកឧត្តម កឹម សុខា នៅក្នុងឱកាសដែល ឯកឧត្តម ត្រូវបានជ្រើសតាំងជាប្រធានគណបក្សសង្គ្រោះជាតិ ខ្ញុំសូមជូនពរឯកឧត្តមមានសុខភាពល្អ និងសុភមង្គលក្នុងគ្រួសារ។ សូមឯកឧត្តមទទួលនូវការរាប់អានពីខ្ញុំ»។
ដោយឡែកនៅថ្ងៃដដែលនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន ក៏បានចេញសារនយោបាយមួយចំនួន ពាក់ព័ន្ធការរៀបចំរចនាសម្ព័ន្ធថ្មីរបស់ គណបក្សសង្គ្រោះជាតិផងដែរ ក្នុងនោះលោក ស៊ីផាន ក៏បានចំអកឲ្យក្រុមអ្នកវិភាគមួយចំនួន ត្រូវតែទទួលយកភាពអាម៉ាស់ និងអសមត្ថភាព ដែលថា «CNRP ត្រូវរំលាយតាមរយៈវិសោធនកម្មច្បាប់គណបក្ស»។
នៅលើបណ្តាញសង្គម Facebook របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានបញ្ជាក់យ៉ាងដូច្នេះថា «នៅក្នុងឱកាសដែល ឯកឧត្តម ត្រូវបានជ្រើសតាំងជាប្រធានគណបក្សសង្រ្គោះជាតិ ខ្ញុំសូមជូនពរ ឯកឧត្តមមានសុខភាពល្អ និងសុភមង្គលក្នុងគ្រួសារ សូមឯកឧត្តមទទួលនូវការរាប់អានពីខ្ញុំ» (សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន)។ នេះជាសារជូនពររបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យបណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិ មានការភ្ញាក់ផ្អើល និងមានការវាយតម្លៃខុសៗគ្នា ទាំងទិដ្ឋភាពច្បាប់ ក៏ដូចជានយោបាយ។
ចំណុចមួយ៖ ចម្លើយរបស់ខ្ញុំ គឺប្រាកដណាស់ នូវភាពស្មោះស្មគ្រ័ ចំពោះជំរើសរបស់សមាជិក សមាជិកា គណបក្សសង្គ្រោះជាតិ ក៏ដូចជា ក្នុងនាមប្រធានគណបក្សក្នុងអំណាច និងជានាយករដ្ឋមន្រ្តី ដែលមានប្រជាប្រិយប្រកប ដោយស្នាដៃដ៏ធំធេង រាប់ទាំងរំដោះជីវិតពលរដ្ឋខ្មែរ ផ្សះផ្សាជាតិ ធានាឯករាជ្យ និងអធិបតេយ្យភាពរបស់កម្ពុជា។ នៅក្នុងចំណុចនៃការគោរពសេចក្តីសម្រេច និងជ្រើសតាំងដោយអ្នកគាំទ្ររបស់គណបក្សសង្រ្គោះជាតិ ក៏បង្ហាញផងថា៖ នូវជំហរ នៃវប្បធម៌សេរីពហុបក្សនៅកម្ពុជាគោរពទៅវិញទៅមក។
ចំណុចពីរ៖ ខ្ញុំយល់ឃើញថា គណបក្សសង្រ្គោះជាតិ ទទួលនូវយន្តការថ្មី និងគោលការណ៍ថ្មី នៃភាពដឹកនាំ ដែលពីមុនមានតែប្រធាន និងអនុប្រធានម្នាក់ ឥឡូវជំនួសដោយអនុប្រធានបីនាក់ ដែលមាននិន្នាការនយោបាយ និងប្រភពពីក្រុមខុសគ្នា ដែលអាចធ្វើឲ្យមានតុល្យភាពសម្របសម្រួល នៅក្នុងបក្សអោយប្រសើរជាងមុន។
ចំណុចបី៖ គឺអ្នកដែលវិភាគទាំងនោះទេ ដែលបានធ្វើឲ្យការព្រួយបារម្មណ៍ខុសគេ ប្រាសចាកពីការពិតដែលថា CNRP ត្រូវរំលាយ តាមរយៈវិសោធនកម្មច្បាប់គណបក្សដែលគេទាំងអស់នោះ ត្រូវតែទទួលយកភាពអាម៉ាស់ និងអសមត្ថភាព កិច្ចពិចារណាហេតុផលនយោបាយនៅកម្ពុជា។
ចំណុចបួន៖ អ្នកសារព័ត៌មានបានលើកឡើងថា «ខ្ញុំបាទផ្ទាល់តែងតែចោទថា CNRP ជាក្រុមឧទ្ទាមនោះ តើមានអារម្មណ៍យ៉ាងដូចម្តេច ចំពោះការវិវត្តន៍ថ្មីនេះ»? ចម្លើយ! អ្វីដែលជាបទពិសោធន៍កន្លងមក ប្រជាពលរដ្ឋខ្មែរភាគច្រើន ក៏បានយល់យ៉ាងច្បាស់ នៃចលនាមហាជន ដែលអុចអាល និងបញ្ជោះ តាមរយៈចលនាថ្មី គឺអហិង្សា និងវាយប្រហារជាអចិន្រ្តៃយ៍ដល់ស្ថាប័នរដ្ឋគ្រប់ទីកន្លែង និងញែកប្រជាពលរដ្ឋពីការចូលរួមសហប្រតិបត្តិការ នៅក្នុងកិច្ចកសាង កែលម្អរ ការងារនៃប្រជាជាតិតែមួយ។ នៅក្នុងរបតថ្មីចាប់ផ្តើមពីថ្ងៃនេះទៅ ខ្ញុំសង្ឃឹមថា ក្រោមការដឹកនាំថ្មី យន្តការថ្មីរបស់ CNRP ច្បាស់ជាមានភាពប្រសើរ នៅក្នុងចូលរួមវប្បធម៌ សេរីពហុបក្ស និងរួមចំណែកកសាងពង្រឹងនូវការអភិវឌ្ឍជាតិ។
កាយវិការរបស់សម្តេចតេជោ ហ៊ុន សែន ជាកាយវិការ ក្នុងទិដ្ឋភាពទីបី ពីការផ្សះផ្សាជាតិចពង្រឹងសណ្តាប់ធ្នាប់នយោបាយ នៃទិសដៅរក្សាសន្តិភាព ឯករាជ្យ និងវិបុលភាពកម្ពុជា។ ដោយទិដ្ឋភាពទីមួយសម្តេចតេជោ បានស្នើសូមព្រះរាជទានទោស។ ទិដ្ឋភាព ទីពីរ គឺបង្កើតវប្បធម៌សន្ទនាដើម្បី បញ្ជៀសការប្រឈមពាក្យសម្តីដ៏គ្មានប្រយោជន៍សម្រាប់ជាតិ។
នៅក្នុងចម្លើយរបស់ខ្ញុំចំពោះ អ្នកសារព័ត៌មាន ដែលចោទថា ឯកឧត្តម កឹម សុខា ស្ថិតនៅក្នុងកណ្តាប់ដៃ ឬអាយ៉ងរបស់សម្តេចតេជោ គឺជាការគិតមួយដ៏អាក្រក់សម្រាប់ផលប្រយោជន៍របស់ CNRP ក៏ដូចជាផលប្រយោជន៍ខ្មែរជារួម។ ការផ្តល់នូវសេចក្តីគោរពរបស់សម្តេច ចំពោះការសម្រេចចិត្តរបស់ CNRP គឺជាការឲ្យតម្លៃក្នុងលទ្ធិប្រជាធិបតេយ្យរបស់សម្តេចតេជោ ក្នុងការគោរព អធិបតេយ្យភាព និងឯករាជ្យរបស់បក្សនេះ។ ហើយក៏ជាផលប្រយោជន៍រួមរបស់ខ្មែរ នៅក្នុងទិសដៅ សម្តេចតេជោ នាំមុខគោរពដល់បណ្តាំព្រះបរមរតនកោដ្ឋ ក្នុងកិច្ចសាមគ្គី រក្សាសន្តិភាព ឯករាជ្យ និងអធិបតេយ្យភាពរបស់ជាតិខ្មែរ៕