(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន ប្រាប់ឲ្យមន្រ្តី និងអាជ្ញាធរមូលដ្ឋានទាំងអស់ ឲ្យចុះប្រកាសប្រចាំថ្ងៃថា «គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទាំងអស់នៅកម្ពុជា ជារបស់ឯកជន មិនមែនជារបស់រដ្ឋទេ» ដែលធ្វើឡើងក្នុងគោលបំណង ឲ្យប្រជាពលរដ្ឋទូទាំងខេត្ត កុំចាញ់បោកការឃោសនា និងការលើកឡើងពីសំណាក់ជននយោបាយនានា។
នៅចំពោះមុខមន្រ្តី និងប្រជាពលរដ្ឋជាង១ពាន់នាក់ នាថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧នេះ លោកបានបញ្ជាក់ថា «គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា ជារបស់ឯកជន មិនមែនជារបស់រដ្ឋទេ រួមទាំងក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋានទូទាំងខេត្តពោធិ៍សាត់ ឲ្យចុះប្រកាសជាប្រចាំថ្ងៃ ជូនបងប្អូនប្រជាពលរដ្ឋ ឲ្យបានជ្រាបកាន់តែច្បាស់ និងកុំឲ្យពួកគាត់យល់ច្រឡំឲ្យសោះ»។
ជាមួយគ្នានេះ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧នេះ បានជំរុញទៅប្រជាការពារដែលជាសេនាធិការ ឲ្យចៅសង្កាត់ ដូច្នេះត្រូវធ្វើការជូនចៅសង្កាត់ ក្នុងភាពស្មោះត្រង់ និងត្រូវចេះសហការគ្នាជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឲ្យបានល្អ ចេះស្រឡាញ់គ្នាដូចបងប្អូន ត្រូវចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ នូវគោលនយោបាយ «ភូមិ-ឃុំ មានសុវត្ថិភាព» ដើម្បីរក្សាសន្តិសុខជូនប្រជាពលរដ្ឋឲ្យខាងតែបាន។
ការជំរុញរបស់លោក ម៉ៅ ធនិន ត្រូវបានធ្វើឡើងនៅបរិវេណពហុកីឡដ្ឋាន ខេត្តពោធិ៍សាត់ ក្នុងឱកាសលោក និងលោកស្រី ហ៊ុន ចាន់ធី បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយ ចែកជូនដល់បងប្អូនកងកម្លាំងប្រជាការពារមកពី៦៦ភូមិ ៧សង្កាត់ ទូទាំងក្រុងពោធិ៍សាត់ ដោយបានការអញ្ជើញចូលរួមពី លោកស្រី ឯម ប៉ុណ្ណា តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ លោក ម៉ក់ រ៉ា ប្រធានគណៈអចិន្ត្រៃយ៍គណបក្សខេត្ត លោក លោកស្រី អភិបាលរងខេត្ត អាជ្ញាធរក្រុង មន្ត្រីអ្នកមុខអ្នកការ សរុបប្រមាណជិត១ពាន់នាក់។
លោក ម៉ៅ ធនិន បានថ្លែងថា ការចុះសំណេះសំណាលជាមួយបងប្អូន ប្រជាការពារនាពេលនេះ ក្នុងនាមលោកជាអភិបាលខេត្ត និងក្នុងនាមជាក្រុមគ្រួសារតែមួយ គឺចង់ដឹងពីស្ថានភាពរស់នៅរបស់បងប្អូន ប្រជាការពារ និងជាឱកាសមួយសម្រាប់ក្តាប់បាននូវព័ត៌មានជាក់ស្តែង ពីប្រជាការពារ ដែលជាអ្នកការពារសុវត្ថិភាព ជូនពលរដ្ឋក្នុងមូលដ្ឋាន និងដើម្បីលើកទឹកចិត្តដល់កងកម្លាំង ជំរុញការពង្រឹងសន្តិសុខ សុវត្ថិភាព ក្នុងមូលដ្ឋាន ជូនប្រជាពលរដ្ឋឲ្យបានខ្លាំងក្លាថែមទៀត។
លោកអភិបាលខេត្ត បានបន្តថា «ប្រជាការពារជាសេនាធិការ ឲ្យចៅសង្កាត់ ដូច្នេះត្រូវធ្វើការជូនចៅសង្កាត់ ក្នុងភាពស្មោះត្រង់ និងត្រូវចេះសហការគ្នាជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឲ្យបានល្អ ចេះស្រឡាញ់គ្នាដូចបងប្អូន រួមគ្នាចេញល្បាតពួនស្ទាក់បទល្មើស ក្នុងស្មារតីប្រុងប្រយ័ត្នខ្ពស់ និងកុំធ្វេសប្រហែសឱ្យសោះ។ ជាពិសេសត្រូវចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ នូវគោលនយោបាយ «ភូមិ-ឃុំ មានសុវត្ថិភាព» ហើយនៅក្នុងឱកាសនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧ខាងមុខ ត្រូវតែពង្រឹងសន្តិសុខជូនប្រជាពលរដ្ឋឲ្យខាងតែបាន»។
នៅក្នុងឱកាសនោះ លោក ម៉ៅ ធនិន និងលោកស្រី ហ៊ុន ចាន់ធី បានចែកជូនវត្ថុកំដរដល់ដៃបងប្អូនកងកម្លាំងប្រជាការពារ និងអ្នកចូលរួម សរុបប្រមាណជិត១ពាន់នាក់ ក្នុងម្នាក់ៗទទួលបានអង្ករ ១០គីឡូក្រាម និងសារុង១ ព្រមទាំងបានពិសារអាហារសាមគ្គីជួបជុំគ្នា ប្រកបដោយភាពអធិកអធមក្រៃលែង៕