(សៀមរាប)៖ ការលក់ប័ណ្ណ ចូលទស្សនារមណីយដ្ឋានអង្គរ ប្រចាំខែកុម្ភៈ ឆ្នាំ២០១៧ ជាខែដែលរាជរដ្ឋាភិបាលកម្ពុជា កែសម្រួលថ្លៃរួចមកនោះ ចំនួនភ្ញៀវទេសចរបរទេស នៅបន្តកើនឡើង ខណៈចំណូល ក៏នៅតែកើនឡើងដដែល នេះបើតាមរបាយការណ៍ របស់គ្រឹះស្ថានអង្គរ។
របាយការណ៍ស្តីពីការអនុវត្តតម្លៃលក់ប័ណ្ណថ្មី ចូលទស្សនារមណីយដ្ឋានអង្គរ ដែលត្រូវបានចាប់អនុវត្តពីថ្ងៃទី០១-២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
១-អំពីស្ថានភាពភ្ញៀវទិញប័ណ្ណ មានចំនួន ២៥១,៧៥៤សន្លឹក ធៀបនឹងរយៈពេលដូចគ្នាខែកុម្ភៈ ឆ្នាំ២០១៦ មានការកើនឡើង ២.៤១% ក្នុងនោះ៖
* ភ្ញៀវទិញប័ណ្ណរយៈពេលមួយថ្ងៃ តម្លៃ៣៧ដុល្លារ មានចំនួន១៤៥,៩២៥សន្លឹក។
* ភ្ញៀវទិញប័ណ្ណរយៈពេលបីថ្ងៃ តម្លៃ៦២ដុល្លារ មានចំនួន១០២,៧៣៥សន្លឹក។
* ភ្ញៀវទិញប័ណ្ណរយៈពេលប្រាំពីរថ្ងៃ តម្លៃ៧២ដុល្លារ មានចំនួន៣,០៩៤សន្លឹក។
២- អំពីចំណូល មានចំនួន១១,៩៩១,៥៦៣ដុល្លារអាមេរិក ធៀបរយៈដូចគ្នាក្នុងខែកុម្ភៈ ឆ្នាំ២០១៦ មានការកើនឡើង៦៦.៣៦%។
* ចូលជាចំណូលជាតិចំនួន ១១,៤៨៨,០៥៥ដុល្លារ។
* បង់ចូលមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាមានចំនួន ៥០៣,៥០៨ដុល្លារ។
សូមជម្រាបថា រយៈពេល២ខែ ចាប់ពីខែមករា ដល់ ខែកុម្ភៈ ឆ្នាំ២០១៧ គ្រឹះស្ថានអង្គរបានលក់ប័ណ្ណ ចូលទស្សនាតំបន់អង្គរ បាន៥៣៨,៧៩៤នាក់ កើនឡើង៩.១០% បានចំណូល២០,២៩៦,៣០៣ដុល្លារ កើន៤១.៣៥ភាគរយ៕