(ស្វាយរៀង)៖ យោងតាមសមត្ថកិច្ចពីស្រុករមាសហែក ខេត្តស្វាយរៀង បានបង្ហើបភ្នាក់ងារ Fresh News ឲ្យដឹងថា យ៉ាងហោចណាស់ក៏មាន ឈើប្រណីតប្រភេទធ្នង់ប្រមាណ៣២ដុំដែរ ត្រូវបានឈ្មួញនាំចេញមិនទាន់ ក៏ដឹកយកទៅលាក់ទុក នៅក្រោយផ្ទះប្រជាជន ហើយត្រូវបានសមត្ថកិច្ច រកឃើញ ក៏នាំគ្នាដឹកជញ្ជូនយកមកផ្ញើនឹង ដេប៉ូលក់ឈើរបស់ ឧកញ៉ាម្នាក់នៅក្បែរនោះ ដែលគេសង្ស័យថាមិនយូរ មិនឆាប់ឈើនេះអាចរបូតទៅ ដល់ប្រទេសវៀតណាមតាមបំណងម្ចាស់ជាមិនខាន។
ទីតាំងលាក់ឈើ និងដេប៉ូឈើដែលសមត្ថកិច្ចយកទៅផ្ញើនោះត្រូវបានគេអះអាងថាស្ថិតនៅក្នុងភូមិថ្នល់ពាម ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលតាមសេចក្តីរាយការណ៍មកថា ឈើខាងលើនេះជារបស់ឈ្មួញឈើដ៏ល្បីឈ្មោះម្នាក់ ដែលតែងរកសុីនាំចេញតាមច្រករបៀង នានានៅក្នុងស្រុករំដួល ស្រុករមាសហែក ដោយមានអ្នករត់ការមើលការខុសត្រូវឈ្មោះ លៀប។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងបន្តថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងចម្រុះបានប្រទះឃើញ ឈើធ្នង់ជាច្រើនដុំឈ្មួញលាក់ ទុកក្នុងព្រៃនៅខាងក្រោយផ្ទះប្រជាពលរដ្ឋឈ្មោះ តូច ឈិន រស់នៅភូមិថ្នល់ពាម ដោយខ្លាចក្រុមសមត្ថកិច្ចឆែករកឃើញ តែក្រោយពីសមត្ថកិច្ចរក ឃើញក៏ដឹកយកទៅផ្ញើទុកនៅក្នុងដេប៉ូឈើរបស់ឈ្មួញម្នាក់វិញយ៉ាងស្ងៀមស្ងាត់ ដោយគេមិនដឹងថាមានធ្វើរបាយការណ៏ឬអត់នោះទេ។
ដោយសារ ការយកទៅផ្ញើស្ងាត់ៗបែបនេះ បានធ្វើអោយអ្នកដឹងរឿងសង្ស័យថាគេយកពងមាន់ទៅផ្ញើក្អែក ចាប់អោយតែល្អភ្នែកប៉ុណ្ណោះ ព្រោះប្រជាជនឃើញ រាយការណ៏ប្រាប់សមត្ថកិច្ចហើយ បើមិនធ្វើជាចាប់ដូចជាធ្វើអោយគេដឹងថានៅលើគោកពេក ព្រោះរវាងឈ្មួញនាំឈើទៅវៀតណាម និងសមត្ថកិច្ច ពាក់ព័ន្ធនៅខេត្តស្វាយរៀង គេត្រូវរ៉ូវគ្នាអស់ហើយ។
សូមបញ្ជាក់ថាកាលពីខែកុម្ភៈ កន្លងទៅនេះសមត្ថកិច្ច បានចុះឆែកឆេរដេប៉ូឈើជាច្រើនកន្លែងរកឃើញ ឈើប្រណីតជាច្រើន ដោយបាន លាក់ទុក ជ្រកក្រោមផ្លាកដេប៉ូស្របច្បាប់ តាមពិតសុទ្ធតែជាឈើបម្រុងលោតឆត្រទៅប្រទេសវៀតណាមសោះ ហើយ PC របស់ដេប៉ូឈើទាំងនោះ ក៏មិនត្រឹមត្រូវទាំងស្រុងនោះដែរដោយការអនុញ្ញាត ឲ្យនាំឈើលេខ២យកមកលក់តាមដេប៉ូ ក្នុងខេត្តស្វាយរៀង តែបែរជានាំទៅលក់នៅ ប្រទេសវៀតណាមទៅវិញ ហើយរថយន្តដឹកឈើរបស់លោកឧកញ៉ា និងឈ្មួញឈើទាំងអស់នោះសុទ្ធតែប្រភេទយីឌុប ដឹកបំផ្លាញផ្លូវផងដែរ។
យ៉ាងណាក៏ដោយសមត្ថកិច្ច ដែលលួចបង្ហើប ព័ត៌មានបានបញ្ជាក់ថា ឈើក្នុងដេប៉ូនេះពិតជាស្របច្បាប់មែន ប៉ុន្តែអាជ្ញាធរអនុញ្ញាត តែឈើ សម្រាប់ធ្វើផ្ទះ ហើយលក់នៅក្នុងខេត្តស្វាយរៀងតែប៉ុណ្ណោះ ប៉ុន្តែឈើនៅដេប៉ូរបស់ឈ្មួញឈ្មោះលៀប នេះ មានប្រភេទឈើប្រណីតជាច្រើនផងដែរ៕