(កណ្តាល)៖ ថ្លែងចេញពីស្រុកស្អាង ខេត្តកណ្តាល លោក ហ៊ុន ម៉ាណែត បានថ្លែងប្រាប់ទៅប្រជាពលរដ្ឋថា «ការដឹកនាំប្រទេសប្រកបដោយ ព្រហ្មវិហាធម៌ ឆន្ទៈនៅក្នុងការថែរក្សាសន្តិភាព ស្ថេរភាព សូមជឿជាក់លើរាជរដ្ឋាភិបាល គឺមានសម្តេចតេជោ ហ៊ុន សែន ដើម្បីដឹកនាំប្រទេសឲ្យ មានការរីកចម្រើន បម្រើប្រជាពលរដ្ឋ និងសមិទ្ធិជាច្រើនទៀត សម្រាប់មនុស្សជំនាន់ក្រោយ»។
លោក ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត បានអញ្ជើញចូលរួម ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ភោធសមិទ្ធិផលនានា ក្នុងវត្តពោធិអណ្តែត ស្ថិតនៅឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧។
នៅក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត បានរំលឹកថា រាជរដ្ឋាភិបាលបានរំដោះប្រទេសជាតិយើង ជួយជីវិតប្រជាជន និងបានកសាងប្រទេសលើ គ្រប់វិស័យដោយបាតដៃទទេ ដែលមានការចូលរួមពីប្រជាជនទូទាំងប្រទេសដើម្បីប្រយោជន៍រួម។ សមិទ្ធិផលដែលយើង ខិតខំកសាងទូទាំងប្រទេសគឺដើម្បីនរណា? គឺដើម្បីប្រជាជនទាំងអស់នៅទូទាំងប្រទេស។ ជាក់ស្តែង សមិទ្ធិផលនៅក្នុងវត្តនេះ គឺដើម្បីពុទ្ធបរិស័ទគ្រប់រូបទាំងក្នុង និងក្រៅប្រទេសដើម្បីធ្វើបុណ្យទាន។
លោកបានបន្តថា «កាលពីអតីតកាលប្រទេសយើង មានការដឹកនាំជាច្រើនជំនាន់ ហើយបានជួបប្រទះនូវសង្គ្រាម ប៉ុន្តែនៅពេលនេះ យើងមានសន្តិភាព និងចក្ខុវិស័យច្បាស់លាស់។ បើគ្មានចក្ខុវិស័យច្បាស់លាស់នោះទេ យើងមិនអាចកសាងប្រទេសបានទេ។ មកដល់ពេលនេះយើងសេរីភាព មានឱកាសគ្រប់បែបយ៉ាង យើងមានសមិទ្ធិផលជាច្រើន និងកិត្យានុភាពជាតិនៅលើពិភពលោក»។
លោកថា គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺគ្មានអ្វីក្រៅពីធ្វើឲ្យប្រជាជនមានជីវភាពរស់នៅធូរធា បម្រើជូនសេចក្តីត្រូវការរបស់ប្រជាជន និងផ្តល់ឱកាសគ្រប់បែបយ៉ាងដល់យុវជនមានឱកាសរៀនសូត្រ មានសមត្ថភាព មានការងារធ្វើដើម្បីជួយដល់គ្រួសារ បម្រើជូនសេចក្តីត្រូវការលោកគ្រូ អ្នកគ្រូ មន្ត្រីរាជការឲ្យមានប្រាក់បៀវត្សសមរម្យ និងកសាងហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យដែលបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។ យើងបានកសាងសមិទ្ធិផលជាច្រើន មកដល់សព្វថ្ងៃនេះ កម្រិតជីវភាពរបស់ប្រជាជន មន្រ្តីរាជការ គឺមិនទាន់គ្រប់គ្រាន់ទេ គឺរាជរដ្ឋាភិបាលបាន ខិតខំផ្តល់ឱកាស និងកសាងសមិទ្ធិផលជាច្រើនទៀត គឺយើងមានដំណើរទៅមុខទៀត ដែលនេះគឺជាប្តេជ្ញា ឆន្ទៈនិងស្មារតីក្នុងការបម្រើប្រជាពលរដ្ឋរបស់ប្រមុខរាជរដ្ឋាភិបាល។
លោក ហ៊ុន ម៉ាណែត ក៏បានផ្តល់ដំបូន្មានល្អៗ ដល់យុវជនឲ្យដឹងគុណឱពុកម្តាយ លោកគ្រូ អ្នកគ្រូ និងខិតខំរៀនសូត្រ ក្នុងការកសាងអនាគតរបស់ពួកគេ ព្រោះអនាគតភូមិស្រុករបស់យើងគឺអាស្រ័យលើយុវជន។
ក្រោយបញ្ចប់ការសំណេះសំណាលជាមួយ ប្រជាពលរដ្ឋនៅទីនោះ លោក ហ៊ុន ម៉ាណែត បានកាត់ខ្សែបូរសម្ពោធសមិទ្ធិផលថ្មីៗ ដែលបានកសាងឡើងក្នុង វត្តពោធិអណ្តែត សម្រាប់បម្រើដល់ប្រជាពុទ្ធបរិស័ទ្ធគ្រប់រូប ហើយសម្រាប់កូនចៅជំនាន់ក្រោយៗទៀត៕