(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ បានថ្លែង នូវមោទនភាពចំពោះកំណើន សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដោយបានកើនឡើងក្នុងរង្វង់៧% រយៈពេល៣ឆ្នាំចុងក្រោយនេះ ដែលកំណើនសេដ្ឋកិច្ចដ៏ខ្ពស់នេះត្រូវបានសម្តេចតេជោ អះអាងថា បានមកពីការដាក់ចេញនូវ គោលនយោបាយសេដ្ឋកិច្ច និងធុរកិច្ចដ៏ត្រឹមត្រូវ ពិសេសបានពីជាកុសលនៃសុខសន្តិភាព និងស្ថិរភាព នយោបាយទូរទាំងប្រទេសកម្ពុជា។
លើសពីនេះទៅទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រកាសការពារនូវកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា ដោយសម្តេចបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ខិតខំការពារដាច់ខាតនាពេលកន្លងមក ពេលបច្ចុប្បន្ន និងទៅអនាគត ដើម្បីឲ្យប្រទេសមានសុខសន្តិភាព និងស្ថិរភាពនយោបាយ។
ការថ្លែងយ៉ាងដូច្នេះរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសដែល សម្តេចអញ្ជើញជាអធិបតីភាព ក្នុងសន្និសីទចក្ខុវិស័យកម្ពុជា ឆ្នាំ២០១៧៖ ភាពជាដៃរវាងវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា និងធនាគារ ANZ Royal «ការឈានឡើងក្នុងខ្សែសង្វាក់បង្កើតតម្លៃ សម្រាប់ ឧស្សាហូបនីយកម្មកំណើន និងការអភិវឌ្ឍក្នុងសម័យឌីជីតាល់» ដែលរៀបចំឡើងនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ពិតជាមិនអាចប្រកែកបានទេថា ការសម្រេចនូវកំណើនថេរ ក្នុងរង្វង់៧%នេះគឺបានមកពីការ ដាក់ចេញ នូវគោលនយោបាយសេដ្ឋកិច្ច និងធុរកិច្ចត្រឹមត្រូវ ពិសេសគឺកុសលនៃសុខសន្តិភាព និងស្ថិរភាពនយោបាយនៅទូទាំងប្រទេស ដែលរាជរដ្ឋាភិបាល ខិតខំការពារជាដាច់ខាត នាពេលកន្លងមកពេលបច្ចុប្បន្នទៅអនាគត»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ទៀតថា តាមការព្យាករណ៍នៅឆ្នាំ២០១៧នេះ សេដ្ឋកិច្ចកម្ពុជា អាចនឹងសម្រេចបានក្នុងរង្វង់៧% ក្នុងនោះកំណើនក្នុងវិស័យកសិកម្មរំពឹងថា និងល្អប្រសើរដូចគ្នានេះដែរ ចំពោះកំណើននៃវិស័យកាត់ដេរ និងរើបឡើងប្រសើរជាងឆ្នាំ២០១៦ ដោយឡែកវិស័យសំណង់ និងអចលទ្រព្យ និងបន្តថមថយកំណើន ដោយការកែតម្រូវនៃស្ថានភាព ឥណទាននិងការផ្គត់ផ្គង់លើស។ ក្រៅពីនេះកំណើននៃឧស្សាហកម្មផ្សេងៗ មិនមែនកាត់ដេរ រំពឹងថានឹងមានកំណើនខ្ពស់ ដែលនឹងជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជារួម។ ស្ថានភាពបែបនេះរំពឹងថា នឹងបន្តរហូតដល់ឆ្នាំ២០១៨ ដែលកំណើនសេដ្ឋកិច្ច អាចនឹងសម្រេចបានដូចគ្នាក្នុងរង្វង់៧%។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងពីហានិភ័យចំពោះ កំណើនសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ ដែលបញ្ហាប្រឈមទាំងនោះ រួមមាន ភាពមិនប្រាកដប្រជា ពាក់ព័ន្ធទៅនឹងការដំឡើង អត្រាការប្រាក់គោលធនាគារកណ្តាលអាមេរិក, ការចាកចេញរបស់អង់គ្លេស និងអនាគត របស់សហភាពអឺរ៉ុប, ហានិភ័យនៃការធ្លាក់ នៃកំណើនសេដ្ឋកិច្ចចិន និងការថមថយនូវកំណើនសេដ្ឋកិច្ចនៃប្រទេសកំពុងរីកលូតលាស់, ភាពចម្រោងចម្រាស ក្នុងការធ្វើពាណិជ្ជកម្ម រវាងប្រទេសចិន និងរដ្ឋការរបស់ប្រធានាធិបតីអាមេរិកថ្មី ក៏ដូចជាការកើនឡើងនូវកំដៅ ភូមិសាស្ត្រនយោបាយជាដើម។ល។ លើសពីនេះ ការរំពឹងទុកនៃការងើបឡើងវិញនៃតម្លៃប្រេង និងទំនិញលើទីផ្សារអន្តរជាតិ ក៏ជាហានិភ័យសម្រាប់សេដ្ឋកិច្ចកម្ពុជាផងដែរ។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចសមិទ្ធផលធំធេង និងគួរឲ្យកត់សម្គាល់ តួយ៉ាងការកំណត់គោលដៅក្នុងការរក្សា កំណើនសេដ្ឋកិច្ចខ្ពស់ ដែលជាមធ្យមកំណើនស្ថិតក្នុងរង្វង់៧ភាគរយ ជាប់ៗគ្នាដែលធ្វើឲ្យកម្ពុជា ទទួលបានចំណាត់ថ្នាក់ជាប្រទេស ជោគជ័យបំផុតទី៤ លើពិភពលោក ក្នុងការកាត់បន្ថយភាពក្រីក្រ និងប្រែក្លាយកម្ពុជាពីប្រទេសក្រីក្រ ឲ្យទៅជាប្រទេសដែលមានចំណូល មធ្យមកម្រិតទាប និងនាំកម្ពុជាឲ្យក្លាយជាកូនខ្លាសេដ្ឋកិច្ចមួយនៅអាស៊ី៕
សូមស្តាប់ប្រសាសន៍ទាំងស្រុងរបស់ សម្តេចតេជោ ហ៊ុន សែន៖