(ភ្នំពេញ)៖ Soroban គឺជាឧបករណ៍គណនាលេខបុរាណមួយរបស់ជនជាតិជប៉ុន ព្រោះតែឧបករណ៍បុរាណនេះ បានជួយឲ្យពលរដ្ឋជប៉ុន មានសមត្ថភាពគណនាលេខបានលឿន រហូតពលរដ្ឋខ្លះគណនាលឿនជាងម៉ាស៊ីនគិតលេខទៅទៀត។
ក្នុងមហោស្រពគីហ្សូណាជប៉ុន-កម្ពុជាឆ្នាំ២០១៧ ដែលបានធ្វើឡើងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) នាសប្តាហ៍កន្លងទៅ លោក Shinnosuke Sawada គ្រូបង្រៀន Soroban នៅប្រទេសជប៉ុន ត្រូវបានអញ្ជើញមកធ្វើបទបង្ហាញពីការប្រើប្រាស់ ព្រមទាំងបង្ហាញសមត្ថភាពគណនាលេខដោយប្រើឧបករណ៍ Soroban និងសមត្ថភាពគណនាលេខដោយប្រើខួរក្បាលថែមទៀតផង។
ជាមួយការបង្ហាញសមត្ថភាពគណនាលេខតាមរយៈឧករណ៍ Soroban និងគណនាដោយប្រើខួរក្បាលផ្ទាល់របស់លោក Shinnosuke Sawada បានធ្វើឲ្យសិស្ស និស្សិតខ្មែរចូលរួមទស្សនាការបង្ហាញសមត្ថភាពនោះ មានការស្ញប់ស្ញែងខ្លាំង ព្រោះការគណនារបស់លោក លឿនជាម៉ាស៊ីនគិតលេខទៅទៀត។
លោក Shinnosuke Sawada បានឲ្យដឹងថា ឧបករណ៍គិតលេខបុរាណ Soroban នេះ មានអាយុកាលប្រមាណ ៤៥០ឆ្នាំមកហើយ។ លោក Shinnosuke ថា ឧបករណ៍បុរាណនេះ ត្រូវបានដាក់ឲ្យសិស្សជប៉ុនរៀនជារៀងរាល់ឆ្នាំ។
ការដាក់ឲ្យបង្រៀន Soroban នៅតាមសាលានេះ ព្រោះការគណនាលេខតាមរយៈ Soroban បានជួយពលរដ្ឋជប៉ុន មានសមត្ថភាពគណនាលេខបានលឿន។ នេះបើតាមការបញ្ជាក់របស់លោក Shinnosuke។
សូមបញ្ជាក់ថា នៅកម្ពុជា នាពេលបច្ចុប្បន្ន ក៏មានការបើកបង្រៀនរបៀបគណនាលេខតាមរយៈឧបករណ៍ Soroban នេះផងដែរ តែមិនទូលំទូលាយនោះទេ៕