(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់មួយចំនួនរបស់គណបក្សសង្រ្គោះជាតិ ហាក់អវត្តមាន នៅក្នុងសមាជវិសាមញ្ញ របស់គណបក្សសង្រ្គោះជាតិ ដើម្បីបោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីនថ្មីរបស់បក្ស នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧នេះ។ មន្រ្តីជាន់ខ្ពស់ដែលគេពុំឃើញមានវត្តមាន នៅក្នុងសមាជនោះរួមមាន លោក ជា ប៉ូច, លោក គង់ សភា និង លោក គង់ បូរ៉ា ដែលជាកូនរបស់លោកព្រឹទ្ធាចារ្យ គង់ គាំ ជាដើម។
ការពុំឃើញវត្តមានរបស់មន្រ្តីជាន់ខ្ពស់ បានធ្វើឡើងស្របពេលដែល Facebook ឈ្មោះ សីហា ទម្លាយអំពីសំឡេងសន្ទនាមួយរបស់ពួកគេ ដែលបង្ហាញថា ពួកគេពុំពេញចិត្តនឹងការរៀបចំរចនាសម្ព័ន្ធថ្នាក់ដឹកនាំថ្មីរបស់គណបក្សសង្រ្គោះជាតិ ដោយសារតែ លោក គង់ គាំ ដែលជាព្រឹទ្ធចារ្យនៅក្នុងបក្ស ពុំបានទទួលតំណែងអ្វីសោះ។
Facebook ឈ្មោះ សីហា បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «យើងខ្ញុំទើបនឹងបានទទួលសំឡេងឆ្លើយឆ្លងគ្នារវាងលោក ជា ប៉ូច និយាយជាមួយ លោក គង់ បូរ៉ា ដែលជាកូនប្រុសរបស់លោក គង់ គាំ។ លោក ជា ប៉ូច ដែលគេដឹងថា ជាមនុស្សរបស់ សម រង្ស៊ី ម្នាក់ដែរនោះ បានបង្ហាញនូវ អារម្មណ៍ខឹង និងបានប្រកូកប្រកាសតំណាងរាស្ត្រមួយចំនួនទៀត ជាសមាជិកគណៈកម្មាធិការនាយក មិនឲ្យទៅចូលរួមប្រជុំបោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២ ខែមីនា នេះឡើយ ហើយសូម្បីតែបេក្ខជនលោក អេង ឆៃអ៊ាង ដែលខំប្រឹងបញ្ចុះបញ្ចូល ដើម្បីបានការគាំទ្រធ្វើជាអនុប្រធានគណបក្សក៏ ជា ប៉ូច មិនបោះឆ្នោតឲ្យដែរ»។
អង្គភាពព័ត៌មាន Fresh News មិនអាចទំនាក់ទំនងទៅ លោក គង់ បូរ៉ា និង លោក គង់ សភា តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បាននៅឡើយទេ នៅរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧នេះ។ ចំណែក លោក ជា ប៉ូច ដែលគេពុំឃើញមានវត្តមាននៅក្នុងសមាជនោះដែរ បានអះអាងថា លោកបានចូលរួមសមាជបានមួយភ្លេតប៉ុណ្ណោះ ហើយដោយសារតែមានភារកិច្ចត្រូវរៀបចំ បញ្ជីឈ្មោះបេក្ខជនឃុំ/សង្កាត់ ទើបលោកចាកចេញពីសមាជ ទៅធ្វើការងាររបស់ខ្លួននៅក្បែរនោះ។
កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ខណៈដែលគណៈកម្មាធិការនាយករបស់គណបក្សសង្រ្គោះជាតិ រៀបចំបេក្ខជនក្បាលម៉ាស៊ីនថ្មី របស់គណបក្សសង្រ្គោះជាតិ លោក គង់ សភា បានបង្ហោះនៅលើបណ្តាញសង្គម Facebook ដោយរៀបរាប់អំពីការខិតខំរបស់ឪពុករបស់លោក ក្នុងការបម្រើជាតិ និងបម្រើបក្ស ជាមួយលោក សម រង្ស៊ី។
លោក គង់ សភា បានសរសេរយ៉ាងដូច្នេះថា «លោកប្រធាន សម រង្ស៊ី និងលោក គង់ គាំ មានទស្សនៈនយោបាយ និងឆន្ទៈដូចគ្នា មិនស្រលាញ់ អំណាច គាត់បានលាលែងពីតួនាទី ពីប្រធានបក្សគឺដើម្បីផលប្រយោជន៍ជាតិ និងផ្តល់ឱកាស ដល់អ្នកដឹកនាំ ជំនាន់ក្រោយហើយចំនុចល្អ របស់លោកទាំងពឺរគឺរាល់ការធ្វើសេចក្តីសំរេចធំៗ នៅក្នុងគណបក្សគ្មានការលូកដៃ ពីក្រុមគ្រួសារប្រពន្ធកូនឡើយ គឺធ្វើសេចក្តីសំរេចដោយ តម្កល់ផលប្រយោជន៍ជាតិជាធំ»៕