(ភ្នំពេញ)៖ បន្ទាប់ពីលោក កឹម សុខា បានឡើងកាន់តំណែងប្រធានគណបក្ស សង្រ្គោះជាតិជាផ្លូវការហើយនោះ ភ្លាមៗសម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំប្រទេសបានផ្ញើលិខិតជូនពរលោក កឹម សុខា «ជូនពរឯកឧត្តមមានសុខភាពល្អ និងសុភមង្គលក្នុងគ្រួសារ»។ ជាមួយនោះដែរ, នៅរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧នេះប្រជាពលរដ្ឋឈ្មោះ «ចៅចាក់ស្មុក» បានផ្ញើលិខិត មិត្តអ្នកអានមួយច្បាប់មកកាន់អង្គភាពព័ត៌មាន Fresh News ដែលមានចំណងជើងថា «ទេវតាស្រោចសុគន្ធវារី ដល់មេទ័ពបន្ទាយព្រះអាទិត្យ» ខាងក្រោមនេះជាខ្លឹមសារទាំងស្រុង៖
ចៅចាក់ស្មុកធ្លាប់បាននិយាយហើយថា កឹម សុខា នឹងឡើងធ្វើប្រធានបក្សតាមពរជ័យរបស់ទេវតា! ឥឡូវបានឡើងដូចក្តីបំណង លេបបក្សដូចគម្រោង ផែនការ ហើយពេលនេះទេវតាក៏បានស្រោចសុគន្ធវារីឱ្យ កឹម សុខា ក្នុងឱកាសដែល កឹម សុខា បានឡើងគ្រប់គ្រងបក្សទាំងមូល ព្រមទាំងជូនពរ ឱ្យមានសុខភាពល្អ និងសុភមង្គលក្នុងគ្រួសារទៀត។ រកឯណាបាន ទេវតាចិត្តល្អយ៉ាងនេះ! នេះដោយសារតែទេវតា ជាម្លប់ដ៏ត្រជាក់របស់មនុស្ស លោកទាំងអស់ ហើយទេវតាត្រូវមើលការខុសត្រូវលើមនុស្សលោកទាំងអស់ ចាត់ចែងវាសនាមនុស្ស និងកែប្រែវាសនាមនុស្សដើម្បី ភាពសុខដុមរមណីយកម្ម ក្នុងឋានមនុស្ស ជាពិសេសក្នុងបន្ទាយព្រះអាទិត្យ ដែលពោរពេញដោយក្តីក្តៅក្រហល់ក្រហាយ ដោយសារតែក្រុមភ្លើងទៀន ចាញ់បោកក្រុមព្រះចន្ទរហូតដល់អស់បក្សទាំងមូល រសាត់អណ្តែត បែកខ្ញែកគ្នា និងខ្លះខ្សឹបខ្សៀវមិនគាំទ្រ ខ្លះថាបេះដូងខ្លួនមានតែលោកប្រធានសម រង្ស៊ី ខ្លះរត់មកផ្ញើខ្លួននឹងព្រះចន្ទ ដែលបានទទួលទានពីទេវតា រាសីឡើងខ្ពស់ត្រដែត។
ចៅចាក់ស្មុកជារាស្ត្រធម្មតា មិនហ៊ានជូនពរដល់មេទ័ពខ្លាំង២យប់១០ដងទេ តែសូមផ្ញើសារតាមវាយោដល់ប្រមុខបក្សថ្មីឱ្យគ្រប់គ្រងបក្សបានយូរអង្វែង ទោះសម រង្ស៊ី រំខានពីចម្ងាយ សូមឱ្យក្លាយជាខ្យល់ បើអ្នកនៅខាងក្នុងរំខាន រាំងខ្ទប់ប្រមុខបក្ស ជាពិសេស យឹម សុវណ្ណ ដែលមានតួនាទីជា នាយកប្រតិបត្តិ និងអនុបក្ស មូរ សុខហួរ អេង ឆៃអ៊ាង សូមឱ្យគម្រោងការក្បត់ទាំងឡាយដែលប៉ុនប៉ងបញ្ចូលឥទ្ធិពលសម រង្ស៊ី ក្នុងបក្ស រលាយត្រឹម ឥទ្ធិពលលោកអនុប្រធាន ប៉ុល ហំម។ សូមឱ្យមេបន្ទាយព្រះអាទិត្យថ្មីជួបសម្បត្តិមនុស្ស គឺសាច់ ស្រី ស្រា ជាពិសេសដោយលោកប្រធាន ខ្លាំងខាងលើគ្រែ សូមលោកប្រធានជួបប្រទះតែស្រីស្អាត និងអ្នកយល់ចិត្ត តែសូមប្រយ័ត្នប្រពន្ធកូនគេ តាមធម៌ព្រះគឺឡើងរកាដែក។ ទេវតាក៏ជួយមិនកើតដែរ!
ដោយ៖ ចៅចាក់ស្មុក