(ពោធិ៍សាត់)៖ ករណីលង់ទឹក៣ករណីផ្សេងគ្នា នៅស្រុកក្រគរ និងក្រុងពោធិ៍សាត់ បានបណ្ដាលឲ្យមនុស្សចំនួន៣នាក់ ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ហើយក្នុងចំណោមនោះ ក៏មានកុមារអាយុ២ឆ្នាំម្នាក់ផងដែរ។
សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ នេះថា ករណីលង់ទឹកលើកទី១ បានកើតឡើងនៅវេលាម៉ោង ៤៖៣០នាទីល្ងាច ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅភូមិព្រែកស្តី សង្កាត់លលក ក្រុងពោធិ៍សាត់ ជនរងគ្រោះឈ្មោះ សុខ ហេង អាយុ៣៩ឆ្នាំ មានប្តីឈ្មោះ ហ៊ន រុំ អាយុ៤៧ឆ្នាំ ដែលករណីនេះ បណ្តាលមកពីជនរងគ្រោះ មានជំងឺតេតតាណុស (ជំងឺស្កន់ជាន់ជាប្រចាំ) ពេលទៅងូតទឹកស្រះខាងក្រោយផ្ទះ ក៏ប្រកាច់លង់ស្លាប់តែម្ដង។
ករណីទី២ បានកើតឡើងនៅវេលាម៉ោង១ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅភូមិត្រពាំងស្មាច់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជនរងគ្រោះមានឈ្មោះ ជា ប៊ុននាង អាយុ៣២ឆ្នាំ មានប្រពន្ធឈ្មោះ រិទ្ធ បុណ្យ អាយុ៣៣ឆ្នាំ មានកូនក្នុងបន្ទុក៣នាក់ ប្រុស២នាក់ និងស្រី១នាក់។ ករណីនេះបណ្តាលមកពីជនរងគ្រោះផឹកស្រាស្រវឹង ទៅនេសាទត្រីពេលយប់ ពេលកំពុងតែរាយមង ស្រាប់តែខ្យល់គ ហើយធ្លាក់ទឹកលង់ស្លាប់ និងបានអណ្តែតឡើងលើ នៅវេលាម៉ោង៥៖៣០នាទីល្ងាច។
ករណីទី៣ កើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ក្នុងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចស្រះទឹកក្រោយផ្ទះជនរងគ្រោះឈ្មោះ អ៊ុន ផល្លី ភេទស្រី អាយុ២ឆ្នាំ មានឪពុកឈ្មោះ អ៊ុន ធា អាយុ៤៩ឆ្នាំ និងម្តាយឈ្មោះ សន សុក អាយុ៣៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិក្រាំងវែង ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ករណីនេះបណ្តាលមកពីឪពុកដេកលក់ ទុកកូនឲ្យនៅលេងក្រោយផ្ទះ លុះងើបឡើងបាត់កូន នាំគ្នាផ្អើលឆោឡោរក ក៏ប្រទះឃើញកូនស្រីរបស់ខ្លួន លង់ទឹកស្រះខាងក្រោយផ្ទះស្លាប់បាត់ទៅហើយ។
បច្ចប្បន្នសាកសពជនរងគ្រោះទាំង៣នាក់ផ្សេងគ្នានោះ ត្រូវបានក្រុមគ្រួសារ ស្រង់មកធ្វើបុណ្យតាមប្រពៃណីតាមផ្ទះរៀងៗខ្លួន ហើយករណីលង់ទឹកនេះ មិនមែនជាករណីឃាតកម្មឡើយ៕