(កណ្តាល)៖ ក្រុមហ៊ុនអេង ឌី ប៉ូ អភិវឌ្ឍន៏ ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិអភិវឌ្ឍន៍ ដំណាំស្រូវក្រអូបធម្មជាតិពីរាជរដ្ឋាភិបាលកម្ពុជា តែងតែគិតគូដល់ប្រជាកសិករ ខណៈដែលពួកគាត់មានផ្ទៃដីស្រែ ជាប់នឹងតំបន់អភិវឌ្ឍន៍ដោយក្រុមហ៊ុនបានបង្ហូរទឹកជូនទៅកាន់ដី ស្រែទាំងនោះ ដើម្បីអោយមានលទ្ធភាពក្នុងការបង្កបង្កើនផលស្រូវ ជាលើកទី២ដូចឆ្នាំកន្លងៗទៅ ។
លោក តាំង សុខឃី ជំនួយការក្រុមហ៊ុន អេង ឌី ប៉ូ អភិវឌ្ឍន៍បានថ្លែងអោយដឹងនៅព្រឹកថ្ងៃទី ០២ ខែមីនា ឆ្នាំ២០១៧នេះថា ថ្ងៃនេះ ក្រុមហ៊ុនបានប្រើប្រាស់គ្រឿងចក្រ ដើម្បីកាប់បង្ហូរទឹកដែលក្រុមហ៊ុនបានស្តុកទុកបញ្ចូល ទៅកាន់ដីស្រែរបស់ប្រជាកសិករដែលមាន ទំហំប្រមាណ១១០ហិកតា ស្មើនឹងជាង៣០គ្រួសារ ដើម្បីអោយពួកគាត់មានលទ្ធភាព បង្កបង្កើនផលដំណាំស្រូវ រដូវប្រាំងលើកទី២ ជូនប្រជាកសិករដែលស្ថិត ក្នុងឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។លោកបន្តថា កន្លងមកពួកគាត់បង្កបង្កើនផលស្រូវ បានតែមួយលើកប៉ុណ្ណោះក្នុង ១ឆ្នាំៗ ប៉ុន្តែនៅពេលនេះក្រុមហ៊ុន បានផ្ដល់ទឹកជូនទៅពួកគាត់នឹងអាចបង្កបង្កើនផលស្រូវ បាន២លើកក្នុង១ឆ្នាំ ។
លោកក៏ថ្លែងបញ្ជាក់បន្តថា ការផ្តល់ទឹកជូនប្រជាកសិករនេះមិនមែនជាលើក១ទេ គឺក្រុមហ៊ុនតែងតែអនុវត្តន៍ជារៀងរាល់ ឆ្នាំក្នុងការចែកទឹកជូនប្រជាកសិករដែលពួកគាត់ មានផ្ទៃស្រែជាប់នឹងតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុន។ លោកអះអាងថា ការផ្តល់ទឹក នេះគឺពុំយកកម្រៃអ្វីទាំងអស់ សំខាន់ជួយជម្រុញអោយប្រជាកសិករ ទទួលបានទឹកប្រើប្រាស់តាមតម្រូវការស្របៗគ្នាជាមួយក្រុមហ៊ុន ។
លោកស្រី ស៊ុំ ស៊ីណុំ អាយុ៤១ ឆ្នាំ រស់នៅភូមិដងគោម ដែលទទួលបាននូវការចែកចាយទឹក ពីក្រុមហ៊ុនចូលដីស្រែ របស់គាត់នោះ បានថ្លែងដោយទឹកចិត្តត្រេកអរ និងថ្លែងអំណរគុណចំពោះសកម្មភាពមនុស្សធម៌នេះ ព្រោះថាដីស្រែរបស់គាត់ បង្កបង្កើនផល បានតែ១លើកប៉ុណ្ណោះក្នុង១ឆ្នាំ តែនៅពេលបានទឹកនេះ គឺគាត់អាចដាំដុះស្រូវជាលើកទី២បានយ៉ាងងាយ ដែលទទួលបានទិន្នផល ស្រូវទ្វេរដង។
សូមបញ្ចាក់ផងដែរថា ក្នុងឱកាសផ្តល់ទឹកជូនប្រជាកសិករ នៅជាប់តំបន់អភិវឌ្ឍន៍កសិកម្មសុខសែនជ័យនេះ ក្រុមហ៊ុន ក៏ចាប់ផ្តើម ដំណើរការការដាំដុះដំណាំស្រូវរបស់ខ្លួន នៅលើទំហំផ្ទៃដី៩៨០ហិកតាផងដែរ ដែលស្ថិតនៅក្នុងតំណាក់កាលចាប់ផ្តើមព្រួសពូជ ស្រូវយ៉ាងមមាញឹកផងដែរ៕