(ភ្នំពេញ)៖ ក្រុមអាជីវករផ្សារ «បូរីសន្តិភាព២» ប្រមាណជាជិត១០០នាក់ នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧នេះ បានប្រមូលផ្តុំគ្នានៅស្នាក់ការផ្សារ ស្ថិតក្នុងភូមិដំណាកតាយឹង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីផ្តិតមេដាយតវ៉ាទៅនឹងសំណើរ របស់ប្រធានផ្សារ ដែលតម្រូវឲ្យពួកគាត់ ជាអាជីវករទិញតូបក្នុងតម្លៃថ្លៃហួសហេតុពេក។
តំណាងក្រុមអាជីវករលោកស្រី ខេន ខណ្ណារិទ្ធ បានលើកឡើងនៅមុខអាជ្ញាធរ និងតំណាងផ្សារថា មូលហេតុដែលពួកគាត់នាំគ្នាផ្តិតមេដាយតវ៉ា គឺដោយសារពីរសប្តាហ៍ តំណាងម្ចាស់ផ្សារសន្តិភាព២ បានហៅក្រុមអាជីវករប្រជុំគ្នា និងតម្រូវឲ្យពួកគាត់ជាអាជីវករទិញតូប ដែលពួកគាត់កំពុងប្រើរាល់ថ្ងៃក្នុង១តូប៥០០០ដុល្លារ រួមទាំងដំឡើងថ្លៃតូប ក្នុងមួយឆ្នាំពី៥០ដុល្លារ ទៅ១០០ ឬក៏២០០ដុល្លារឯណោះ។
លោកស្រីបន្តថា ក្រោយប្រជុំរួចក្រុមអាជីវករមិនសុខចិត្ត ក៏សម្រចតវ៉ាដើម្បីស្នើដល់អាជ្ញាធរជួយដោះស្រាយ ដោយក្រុមអាជីវករបានសំណូមពរដូចជា៖ ទី១-សូមផ្លាស់ប្តូរប្រធានផ្សារបូរីសន្តិភាព២ និងសន្តិសុខឡើងវិញ ដោយជ្រើសតាំងប្រធានផ្សារថ្មី ដោយសម្លេងរបស់ក្រុមអាជីវករ និងសូមឲ្យតម្លៃតូបនៅដដែល(១០០ដុល្លារ១តូប ក្នុង១ឆ្នាំ ត្រូវចុះមក១ឆ្នាំ៥០ដុល្លារវិញ) ទី២-សូមជួលតូបដូចមុនធម្មតា កុំដកហូតយកទៅលក់សារជាថ្មី ទី៣-ពេលជួលជុលតូប ឈប់យកលុយពីអាជីវករ ទី៤- សូមលោកប្រធានផ្សារពង្រឹងសន្តិសុខផង (ព្រោះមានចោរគាស់តូបយកសម្ភារៈញឹកញាប់ណាស់) និងទី៤- សូមដាក់កុងត្រាតូបក្នុងរយៈពេល១០ឆ្នាំ។
ចំពោះការតវ៉ានេះ លោក គឹម យ៉ាន តំណាងផ្សារបូរីសន្តិភាព២ បានលើកឡើងថា លោកបានសំណូមពរទៅលោកឧកញ៉ា ជាម្ចាស់ផ្សាររួចចេញលិខិតមួយជូនក្រុមអាជីវករដោយសន្យា ឲ្យក្រុមអាជីវករលក់ដូរធម្មតាវិញ ដោយមិនមានការទិញលក់តូបអីនោះទេ។
ជុំវិញការប្រមូលផ្តុំគ្នានោះ លោក ជរ គឹមស៊រ អភិបាលរងខណ្ឌដង្កោ តំណាងលោក នុត ពុធដារ៉ា អភិបាលខណ្ឌ បានចុះសម្របសម្រួលភ្លាមៗ រវាងភាគីប្រធានផ្សារនិងក្រុមអាជីវករផ្សារ ដោយតម្រូវឲ្យតំណាងអាជីវករផ្សារចំនួន១៥នាក់ មកជួបពិភាក្សាគ្នា ជាមួយតំណាងផ្សារសន្តិភាព២ នៅសាលាខណ្ឌដង្កោ ដើម្បីរកដំណោះស្រាយ ឲ្យសមស្របកុំឲ្យមានភាពអយុត្តិធម៌ ទៅលើកភាគីណាមួយ។
សម្រាប់ការតវ៉ាខាងលើនេះ គេសង្កេតឃើញក្រុមអាជីវករទាំងនោះបានកាន់រូបថតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត និងទង់គណបក្សប្រជាជនកម្ពុជាផងដែរ៕