(ភ្នំពេញ)៖ តារាម៉ូដែលរបស់ប្រទេសថៃ ចំនួន៤ដួង បានបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ ពិព័រណ៌ពាណិជ្ជកម្មថៃ​ «ថបថៃប្រេន​ ២០១៧» នៅក្នុងប្រទេស​កម្ពុជា ដែលបានរៀបចំឡើង​រយៈពេល៥ថ្ងៃ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ដែលជាព្រឹត្តិការណ៍ តាំងពិព័រណ៍ផលិតផល​ដ៏ធំប្រចាំ ឆ្នាំ២០១៧នេះ។ ក្នុងនោះ ​គេកត់សម្គាល់ថា តារាម៉ូដែលថៃ៤រូប ដែល​ជាតារាល្បីឈ្មោះនៅប្រទេសថៃ គឺទទួលបានការចាប់អារម្មណ៍ខ្លាំង ព្រោះតែពួកគេ បានធ្វើការតុបតែងខ្លួនប្លែក និងមានភាពលេចធ្លោជាងគេ។

ក្នុងព្រឹត្តិការណ៍បង្ហាញ​ផលិតផលថៃ នៅក្នុងប្រទេសកម្ពុជា ក្រោមវត្តមាន​តារាម៉ូដែលល្បីឈ្មោះ​ ទាំង៤របស់ថៃនេះ ត្រូវគេមើលឃើញថា មានជនជាតិថៃ ដែលរស់នៅស្រុកខ្មែរ ជាច្រើនទទួលការស្វាគមន៍​​យ៉ាងកក់ក្ដៅ ​ខណៈពួកនាងប្រកាសថា សប្បាយចិត្តដែលបានមកកាន់ប្រទេសកម្ពុជា។ ពួកគេមានគម្រោងចុះមកកម្សាន្ត នៅប្រទេសកម្ពុជា​ ក្នុងពេលវេលាកំណត់មួយ ប្រសិនបើដំណើរមកកាន់កម្ពុជា សម្រាប់ព្រឹត្តិការណ៍ពិរ័រណ៌នេះ មិនអាចឲ្យពួកនាងបានដើរទស្សនា ប្រទេសកម្ពុជាជុំគ្នា ជាពិសេសតំបន់ប្រាសាទអង្គរវត្ត។​ ពួកគេនៅក្នុងប្រទេសថៃ គឺជាតំណាងផលិតផលប្រេនប្រេន នៅក្នុងប្រទេសថៃ ទើបត្រូវបានម្ចាស់ផលិតផលប្រេនប្រេន ដែលចុះមកតាំងពិព័រណ៌ នៅក្នុងប្រទេសកម្ពុជានាពេលនេះ ចំណាយទុនខ្ពស់អញ្ជើញមក។ ប៉ុន្តែនោះក៏ដោយសារតែស្ថានទូតកម្ពុជា​ ស្នើសុំផងដែរ។

អ្នករៀបចំកម្មវិធី ពិព័រណ៌ពាណិជ្ជកម្មថៃ​ «ថបថៃប្រេន​ ២០១៧» បានអះអាងប្រាប់បណ្ដាញសារព័ត៌មានថា ដោយសារតែតារាម៉ូដែលទាំង៤ មកកាន់កម្ពុជា តាមរយៈស្ថានទូតថៃ ប្រចាំនៅកម្ពុជា ដើម្បីតំណាងឲ្យតារាថៃ ក្នុងពិធីពិព័រណ៌ផលិតផលប្រេនប្រេន របស់ប្រទេសថៃ​នៅកោះពេជ្រ ទើបពួកនាងមិនច្បាស់ពីគម្រោង បានដើរកម្សាន្តនោះទេ។ អ្នក​ដឹកនាំ​តារាម៉ូដែលទាំង៤បញ្ជាក់ថា នៅក្នុងប្រទេសថៃពួកនាងទាំង៤ ជាកំពូលតារាម៉ូដែលកម្រិតប្រទេស ដោយក្រៅពីមានឱកាសមកកាន់កម្ពុជា ក៏ធ្លាប់តំណាងឲ្យប្រទេសថៃដូចគ្នានេះ ទៅបង្ហាញខ្លួននៅតាមបណ្ដាប្រទេសជាច្រើនទៀត នៅក្នុងព្រឹត្តិការណ៍ធំៗផងដែរ៕