(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧នេះ បានដឹក នាំមន្រ្តីគណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេសាប ជិះឧទ្ធម្ភាគចក្រ ហោះត្រួតពិនិត្យ បទល្មើសនៅលើផ្ទៃបឹងទន្លេសាប។
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់និងបង្រ្កាប បទល្មើសនេសាទនៅបឹងទន្លេសាប បានប្រាប់អង្គភាពព័ត៌មាន Fresh News ក្រោយការត្រួតពិនិត្យនោះថា បន្ទាប់ពីការបើកប្រតិបត្តិ ការបង្រ្កាបរយៈពេលពីរខែកន្លងទៅ នៅតំបន់មួយចំនួនមានបទល្មើសនេសាទទៀតនោះទេ តែតំបន់មួយចំនួនទៀត ក៏នៅមានចំនួន ច្រើននៅឡើយ។
បើតាមការបញ្ជាក់របស់លោក វេង សាខុន តំបន់ដែលនៅមានបទល្មើសនេសាទសាច់អួនច្រើននោះ រួមមានខេត្តកំពង់ធំ កំពង់ឆ្នាំង និង សៀមរាប។
ដើម្បីដោះស្រាយបញ្ហាបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប ដែលត្រូវបានគេចាទទុកជាបទល្មើសមានភាពស្មុគស្មាញ និងបង្កការឈឺ ក្បាលខ្លាំងនេះ លោក វេង សាខុន បានបញ្ជាក់ថា សម្តេចក្រឡាហោម ស ខេង នឹងដឹកនាំមន្រ្តីពាក់ព័ន្ធទាំងអស់ ប្រជុំពិភាក្សារិះរកវិធាន ការបន្ថែមនៅថ្ងៃទី០៣ ខែមីនា ស្អែកនេះ។
សម្តេចក្រឡាហោម ស ខេង ធ្លាប់បានព្រមានចាត់វិធានការក្តៅបោសសំអាតឲ្យអស់នូវបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប ព្រមទាំង បានព្រមានដកហូតតំណែងអភិបាលខេត្ត និងមន្រ្តី នៅជុំវិញបឹងទន្លេសាបរូបណា ដែលពាក់ព័ន្ធបទល្មើសនេះ ថែមទៀតផង។
សូមបញ្ជាក់ថា ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាបនេះ កាលពីខែធ្នូ ឆ្នាំ២០១៦ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មការគណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេសាប មានលោក វេង សាខុន ជាប្រធាន។
ក្រោយគណៈកម្មការនេះចេញជារូបរៀង ប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប បានធ្វើឡើងយ៉ាងក្តៅគគុក ផងដែរ។ រយៈពេលពីរខែដើមឆ្នាំ២០១៧នេះ គឺមករា និងកុម្ភៈ គណៈកម្មការនេះ បានបង្រ្កាបបទល្មើសនេសាទបាន ៦៧៤ករណី បញ្ជូនសំណុំរឿងទៅតុលាការ ១៨ករណី។ ជនសង្ស័យ ៥១នាក់ បញ្ជូនទៅតុលាការ និង ៣៧នាក់ ត្រូវបានដាក់ពន្ធនាគារ និង រឹបអូស បំផ្លាញវត្ថុតាងចោលចំនួន ៦៥៦ករណី៕