Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតជូនពរលោក កឹម សុខា ទើបជ្រើសតាំងជាប្រធានគណបក្សសង្គ្រោះជាតិ

02-03-2017 12:31

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំប្រទេស បានផ្ញើលិខិតជូនពរលោក កឹម សុខា ដែលទើបជាប់ឆ្នោតក្លាយជា ប្រធានគណបក្សសង្គ្រោះជាតិ ក្រោយអង្គសមាជបោះឆ្នោតជូននៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧។

នៅក្នុងលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានសរសេរជូនពរលោក កឹម សុខា យ៉ាងដូច្នេះថា៖ «ជូនឯកឧត្តម កឹម សុខា នៅក្នុងឱកាសដែល ឯកឧត្តម ត្រូវបានជ្រើសតាំងជាប្រធានគណបក្សសង្គ្រោះជាតិ ខ្ញុំសូមជូនពរឯកឧត្តមមានសុខភាពល្អ និងសុភមង្គលក្នុងគ្រួសារ។ សូមឯកឧត្តមទទួលនូវការរាប់អានពីខ្ញុំ»។

សូមជំរាបថា នៅព្រឹកមិញនេះ លោក កឹម សុខា ដែលកាន់តំណែងប្រធានស្តីទីជាង១ឆ្នាំ បានឡើងកាន់តំណែងប្រធានគណបក្សសង្រ្គោះជាតិជាផ្លូវការហើយ បន្ទាប់ពីសមាជិកជាច្រើនបោះឆ្នោតគាំទ្រនៅក្នុងសមាជវិសាមញ្ញនាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧នេះ ខណៈ លោក ប៉ុល ហំម លោកស្រី មូរ សុខហួរ និង លោក អេង ឆៃអ៊ាង ត្រូវបានសមាជបោះឆ្នោតគាំទ្រឱ្យធ្វើជាអនុប្រធានគណបក្សប្រឆាំង៕