(ភ្នំពេញ)៖ អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម បានជូនដំណឹងពីការរាំងខ្ទប់ និងតាមស្វែងរកផលិតផលអាហារសម្រាប់ទារក និងកុមារតូច «PC Organic Brand» លើទីផ្សារប្រទេសកម្ពុជា បន្ទាប់ពីមន្រ្តីបាលឱសថ និងម្ហូបអាហារសហរដ្ឋអាមេរិក បានជូនដំណឹងថា ក្រុមហ៊ុន Loblaw Company Limited បានប្រមូលផលិតផលទាំងនេះ ពីទីផ្សារប្រទេសកាណាដាវិញ ដោយសារតែរកឃើញមានបាក់តេរី កំពុងលូតលាស់ នៅក្នុងផលិតផលទាំងនេះ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ។
សេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានកាំកុងត្រូល ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា «ស្ព័ររបស់បាក់តេរីនេះ នៅក្នុងលក្ខខណ្ឌសមប្រកប (មានខ្យល់ មានភាពសើម) អាចលូតលាស់ដុះដាល និងផលិតសារធាតុពុលខ្លាំង ចំពោះកោសិកាសរសៃប្រសាទ ដែលនិងបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស ហើយក្នុងករណីធ្ងន់ធ្ងរ បណ្ដាលឲ្យស្លាប់បាត់ជីវិតផងដែរ»។
អគ្គនាយកដ្ឋានកាំកុងត្រូវ បាននិងកំពុងចាត់វិធានការ រួមមាន៖ រាំងខ្ទប់មិនឲ្យនាំចូលផលិតផលទាំងនោះ, ផ្ដល់ព័ត៌មានដល់ក្រុមហ៊ុននាំចូល ដល់អាជីវករលក់ដុំ និងរាយ ក្នុងករណីមាននាំចូល និងមានចរាចរណ៍លើទីផ្សារ និងត្រួតពពិនិត្យនៅតាមទីផ្សារធំតូច ផ្សារទំនើប ដើម្បីសម្របសម្រួល និងមានវិធានការតាមនីតិវិធី បើមានការដាក់តាំងលក់។
ជាមួយគ្នានេះ ដើម្បីទប់ស្កាត់គ្រោះថ្នាក់ ដល់សុខភាពប្រជាពលរដ្ឋ អគ្គនាយកដ្ឋានកាំកុងត្រូល បានបង្ហាញលេខទូរស័ព្ទ សាខាកាំកុងត្រូលរាជធានី-ខេត្ត ដើម្បីឲ្យប្រជាពលរដ្ឋ សហការផ្ដល់ព័ត៌មាន នៅពេលជួនប្រទះផលិតផលទាំងនេះ៕