(កំពង់ឆ្នាំង)៖ មន្រ្តីយោធាមានតួនាទីជាជំនួយការសុខាភិបាល នៃកងពលលេខ១ម្នាក់ បាននិងកំពុងរត់គេចខ្លួន បន្ទាប់ពីបាញ់សម្លាប់ទៅលើគូជម្លោះ ពេលទាស់គ្នារឿងផឹកស៊ីស្រែកឡូឡា បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យមានជ័យ ខេត្តកំពង់ឆ្នាំង។
លោក ដួង ហុង អធិការនគរបាលស្រុកសាមគ្គីមានជ័យ បានថ្លែងប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ នេះថា ករណីបាញ់ប្រហារដែលបង្កឡើងដោយមន្រ្តីយោធាឈ្មោះ ហែម សុធា នៅកងពលលេខ១ ខាងលើនេះ ផ្ដើមចេញពីរឿងទាស់គ្នាដោយសារផឹកស៊ី។
លោកអធិការបានបញ្ជាក់ថា ជនបង្កបានប្រើកាំភ្លើង AK បាញ់ទៅលើគូជម្លោះចំនួន៤គ្រាប់ បណ្ដាលឲ្យជនរងគ្រោះម្នាក់ឈ្មោះ អោម វាសនា ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងបណ្ដាលឲ្យជនរងគ្រោះម្នាក់ទៀត ឈ្មោះ តុល យ៉ាន រងរបួសធ្ងន់។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ករណីនេះបានកើតឡើងនៅផ្ទះឈ្មោះ ប្រាក់ ធឿន ដោយមានក្រុមក្មេងផឹកស៊ី ជជែកគ្នាឡូឡា ក៏មានជម្លោះជាមួយជនបង្ក រហូតទាញកាំភ្លើង បាញ់ប្រហារបណ្ដាលឲ្យស្លាប់ និងរបួសតែម្តង។
លោក ឌួង ហុង បានបន្តថា នៅពេលនេះជនរងគ្រោះដែលស្លាប់ ត្រូវបានបងប្អូនកំពុងធ្វើបុណ្យ ដោយឡែកអ្នករងរបួសកំពុងព្យាបាលនៅមន្ទីរពេទ្យ ហើយជនបង្កកំពុងរត់គេចខ្លួន៕