(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី ជា សុផារ៉ា និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្វើជាអធិបតីភាព ក្នុងពិធីចុះអនុស្សារណៈយោគយល់ រវាងអគ្គនាយកដ្ឋានលំនៅឋាន និងក្រុមហ៊ុន ប៊ុន ជេស្ឋ គ្រុប លើគម្រោងលំនៅស្ថានមានតម្លៃសមរម្យក្នុងទំហំផ្ទៃដី ជាង៨២២,១៦០ម៉ែត្រការេ សាងសង់លំនៅឋានចំនួន៥៣៤០ខ្នង។ ពិធីចុះចុះអនុស្សារណៈយោគយល់នេះធ្វើឡើងនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧នេះ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី បានឲ្យដឹងថា គម្រោងលំនៅស្ថានមានតម្លៃសមរម្យ ដែលត្រូវបានចុះ MOU នាពេលនេះ មានគោលបំណង អភិវឌ្ឍន៍គម្រោងលំនៅឋានមានតម្លៃសមរម្យ សម្រាប់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលមធម្យម និងចំណូលទាប និងជនងាយរងគ្រោះ។
យោងតាមអនុស្សារណៈយោគយល់គ្នានេះ ក្រុមហ៊ុន ប៊ុន ជេស្ឋ គ្រុប នឹងចាត់ចែងអនុវត្តគម្រោងអភិវឌ្ឍលំនៅឋានមានតម្លៃសមរម្យទី១ ក្នុងទំហំ៨២២ ១៦០ម៉ែត្រការ៉េ សាងសង់លំនៅឋាន៥៣៤០ខ្នង ក្នុងនោះប្រភេទលំនៅឋានទំហំ (៤,១ម៉ែត្រx១៣ម៉ែត្រ ចំនួន៨៦៤ខ្នង និងប្រភេទលំនៅឋានទំហំ(៥,១ម៉ែត្រx៧,២ម៉ែត្រ) ចំនួន៤៤៧៦ខ្នង មានទីតាំងស្ថិតនៅក្នុងភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឭ ខេត្តកណ្តាល មានចំងាយ២១ គីឡូម៉ែត្រពីវត្តភ្នំ តាមផ្លូវជាតិលេខ៥។
ការដ្ឋាននៃការសាងសង់ នឹងបើកដំណើរការ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧ខាងមុខនេះ៕