(ភ្នំពេញ)៖ ផលិតកម្ម មហាហង្ស បានរៀបចំពិធីក្រុងពាលីថតរឿងថ្មីមួយទៀត មានចំណងជើងថា «ម្ចាស់បំណុល» នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ ជាប្រភេទរឿងភាគ មានចំនួន៥០ភាគ ដើម្បីត្រៀមបញ្ចាំង ក្នុងស្ថានីយទូរទស្សន៍ PNN នៅពាក់កណ្ដាលឆ្នាំ២០១៧នេះ ដែលជាស្នាដៃទី២​របស់ខ្លួន សម្រាប់​ទូរទស្សន៍ PNN ដោយក្នុងនោះ មានការចូលរួមក្រុងពាលី ពីសំណាក់តារាសម្ដែង ផលិតករ ​និងក្រុមការងាររបស់​ផលិតកម្ម មហាហង្ស ជាច្រើននាក់។

លោក អ៉ិន សុភិន ចាងហ្វាងផលិតកម្ម មហាហង្ស និងជាផលិតករ បានថ្លែង​ប្រាប់ Fresh News ថា ភាពយន្ត​ភាគ​រឿង «ម្ចាស់បំណុល​» ជាប្រភេទរឿងបែបមនោសញ្ចេតនា សោកសង្រែង ឈ្នានីស ឌឺដង កាច់កុងគ្នា ហើយត្រូវចំណាយទុនផលិត​ប្រមាណជា១៥ម៉ឺនដុល្លារ គឺមានចំនួនច្រើនបន្តិច ព្រោះផលិតកម្ម បានសម្រិតសម្រាំងឡើង​យ៉ាងពិសេស ទាំងការតាក់តែងនិពន្ធ ការជ្រើសរើសតួសម្ដែង ការដឹកនាំសម្ដែង ទីតាំងថត ដើម្បីឲ្យមានគុណភាពខ្ពស់ តម្រូវតាមទីផ្សារភាពយន្តភាគ នាពេលបច្ចុប្បន្ននេះ។

ចាងហ្វាងផលិតកម្ម ដែលពោរពេញដោយប្រជាប្រិយភាពរូបនេះ បានបន្តទៀតថា នេះជាស្នាដៃទី២ហើយ សម្រាប់ការដាក់បញ្ចាំង ក្នុងស្ថានីយទូរទស្សន៍ PNN បន្ទាប់ពីស្នាដៃទី១ គឺរឿង «បំភ្លេចមិនបាន» ដែលកំពុងតែដាក់បញ្ចាំងសព្វថ្ងៃនេះ រៀងរាល់ថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសៅរ៍។ ភាពយន្តភាគរឿង​ «ម្ចាស់បំណុល​» នឹងត្រូវប្រើរយៈពេលថតចំនួន៣ខែ ហើយតាមគម្រោង អាចនឹងត្រូវដាក់បញ្ចាំង​ក្នុងអំឡុង ខែមិថុនា ឆ្នាំ២០១៧នេះ។

លោកបន្តថា នៅក្នុងរឿងភាគនេះ គឺបានជ្រើសរើសយក អ្នកនាង ភិន សុដាលីស ដែលជាកូនស្រីបង្កើតរបស់លោក ឲ្យសម្ដែងជាតួឯក និងលោក ភិម តារាវិបុល ជាតួឯកប្រុស។ ក្នងនោះ ក៏មានតារាសម្ដែងល្បីៗ​ជាច្រើនទៀត រួមមាន លោក ហម ឈរ៉ា, កញ្ញា សឿន ផានផាភួង, លោក ហង្ស សម្បើមស័ក្តិ, កញ្ញា សុវណ្ណ រ៉ាផា, កញ្ញា គីង រស្មី , អ្នកស្រី ពៅ ថាវី កញ្ញា សម្ផស្ស , លោក ថម មី អ្នកស្រី ផល្លា និង កញ្ញា ហង្ស ស្រីរ័ត្ន ជាដើម ក៏បានចូលរួមសម្ដែងជាមួយគ្នានេះដែរ។

លោក អ៉ិន សុភិន បញ្ជាក់ទៀតថា មូលហេតុដែលលោកយកកូនស្រី ឲ្យសម្ដែងជាតួឯក ព្រោះ​នាងនៅតែជាតារាមានប្រជាប្រិយភាព មានទីផ្សារនៃការគាំទ្រខ្ពស់​ដដែល ហើយស្ថានីយទូរទស្សន៍ PNN ក៏បានព្រមព្រៀងទទួលយកសំណើរ ក្នុង​ការឲ្យកូនស្រីលោក​សម្ដែងជាតួឯកដែរ ពោលមិនមែនចេះ​តែយកកូន​ស្រីខ្លួន​មក​សម្ដែង ដោយមិនបាន​ធ្វើ​ការពិចារណា រកហេតុផល ឬពិភាក្សាគ្នា ព្រមព្រៀងពីខាងណានោះទេ​។ ម្យ៉ាងទៀត ការរិះគន់នាពេលកន្លងមក ក៏លោកមិនខ្លាចដែរ ព្រោះតាមការដឹង អ្នករិះគន់នោះ មិនមែនជាមហាជន ឬទស្សនិកជនទេ គឺជាអ្នកសិល្បៈដូចគ្នាប៉ុណ្ណោះ ព្រោះតែកើតចិត្តច្រណែន ឈ្នានីសគ្នា ក្នុងសង្គមសិល្បៈ ដែលគិតថា លោក​យកតែកូនស្រីខ្លួនឯង​ សម្ដែងតួឯក​៕