(បន្ទាយមានជ័យ)៖ ក្រោមការណែនាំផ្ទាល់ពីលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម លើការត្រួតពិនិត្យទំនិញគ្រប់ប្រភេទ នាំចេញពីបរទេសនោះ មន្រ្តីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ សហការជាមួយមន្រ្តីគយ បាននិងកំពុងបន្តប្រតិបត្តិការនេះជាប្រចាំ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងតំបន់ផ្សេងៗទៀត ដើម្បីលើកកម្ពស់សុខមាភាព និងសវុត្ថិភាពចំណីអាហារជូនប្រជាពលរដ្ឋ។
ជាក់ស្តែងនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានដឹកនាំមន្រ្តីជំនាញរបស់ខ្លួន សហការជាមួយមន្រ្តីគយ និងរដ្ឋាករការិយាល័យប្រចាំនៅក្រុងប៉ោយប៉ែត បានចុះត្រួតពិនិត្យទំនិញរួមមាន សាច់មាន់ បន្លែ និងផ្លែ ដែលប្រជាពលរដ្ឋ និងឈ្មួញបាននាំចេញពីប្រទេសថៃ ដើម្បីធ្វើការចែកចាយនៅកម្ពុជា។
បើតាមលោក ស៊ាន ស៊ីណាត បានបញ្ជាក់ថា សម្រាប់លទ្ធផល នៃការត្រួតពិនិត្យទំនិញទាំងនេះ សាច់មាន់ខូចគុណភាពចំនួន១១០គីឡូក្រាម ត្រូវបានដកហូត ក្នុងនោះប្រហិតសាច់មាន់ចំនួន៦០គីឡូក្រាម និងសាច់មាន់ ឆ្អឹងមាន់ចំនួន៥០គីឡូក្រាម។
ប្រធានសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ លោក ស៊ាន ស៊ីណាត បានបន្តទៀតថា នៅពេលចុះត្រួតពិនិត្យនោះមន្រ្តីជំនាញរបស់លោក បានដកហូតគំរូ បន្ល ផ្លែឈើ ទៅពិសោធន៍ផងដែរ ដើម្បីរកសារធាតុគីមីតើមានដែរឬទេ?
ដោយឡែកលោក ឈុន ពិសិដ្ឋ ប្រធានប៉ុស្តិច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលបានចូលរួមផងដែរនោះ បានថ្លែងថា ដើម្បីលើកកម្ពស់ពីសុវត្ថិភាពចំណី អាហារ និងសុខភាពប្រជាពលរដ្ឋនោះ មន្រ្តីរបស់លោកសហការជាមួយមន្រ្តីសាខាកាំកុងត្រូល នឹងបន្តយុទ្ធនាការនេះជាបន្តបន្ទាប់ទៀត។
មួយរយៈចុងក្រោយលោក ម៉ក់ ពេជ្ជរិទ្ធ បានបញ្ជាឲ្យមន្រ្តីសាខាកាំកុងត្រូលតាមបណ្តាខេត្ត និងតាមព្រំដែនត្រូវបន្តយុទ្ធនាការចុះត្រួតពិនិត្យនាំចូលជាប្រចាំ ដើម្បីស្វែងរកសារធាតុគីមី និងចង់ដឹងតើមានខូចគុណភាពដែរឬទេ ដែលទាំងនេះធ្វើឡើងដើម្បីលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋ ដែលបានបរិភោគទំនិញទាំងនេះ៕