(កំពង់ធំ)៖ រឿងពុករលួយ និងបក្ខពួកនិយមនៅក្នុងជួរថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ជូ សំអាន ស្នងការនគរបាលខេត្ត កាន់តែធ្ងន់ធ្ងរទៅៗ ក្រោយពីស្នងការរងរបស់ខ្លួនចំនួន៥រូប បានចេញមុខប្ដឹងជាផ្លូវការ ទៅកាន់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
ក្រៅពីប្ដឹងមេកើយរបស់ខ្លួន ស្នងការរងទាំង៥រូប ថ្នាក់ឧត្តមសេនីយ៍ត្រី៤រូប និងវរសេនីយ៍ឯកមួយរូបនោះ ពួកគេក៏បានប្ដឹងស្នងការរងម្នាក់ទៀត គឺលោកវរសេនីយ៍ឯកអ៊ិត គឹមស្រ៊ន ស្នងការរងទទួលផែនធនធានមនុស្ស ដែលមានការឃុបឃិតដឹកនាំខុសឆ្គងយ៉ាងធ្ងន់ធ្ងរ ជាមួយលោកឧត្តមសេនីយ៍ទោ ជូ សំអាន។
កាលពីពេលថ្មីៗនេះ មន្រ្តីនគរបាលថ្នាក់នាយប៉ុស្តិ៍ ក៏បានប្ដឹងទៅសម្ដេចក្រឡាហោម ស ខេង ឲ្យដកតំណែងលោកឧត្តមសេនីយ៍ទោ ជូ សំអាន និងស្នងការរង អ៊ិត គឹមស្រ៊ន និងស្នងការរងទទួលការងារសន្តិសុខ លោក ខៀវ ចាន់នី ដោយពួកគេចោទថា «មានភាពមិនប្រក្រតី ពុករលួយ និងបក្ខពួកនិយម ក្នុងការដឹកនាំជាពិសេសនោះការតែងតាំងមន្ត្រីឲ្យកាន់តំណែង និងឈរជើងនៅកន្លែងណាមួយ គឺត្រូវកំណត់តម្លៃយ៉ាងជាក់ច្បាស់»។
ប៉ុន្តែភ្លាមៗនោះលោកឧត្តមសេនីយ៍ទោ ជូ សំអាន បានចេញមកធ្វើការបដិសេធចោល ដោយលើកហេតុផលថា មានគេអ្នករៀបចំប្ដឹងលោក ហើយចោទថា មន្រ្តីដែលប្ដឹងលោកនោះ អសកម្មការងារ តែលើកនេះពាក្យបណ្ដឹង ដែលបែកធ្លាយដាក់ទៅសម្ដេចក្រឡាហោម គឺអ្នកប្ដឹងជាស្នងការរងទាំង៥នាក់ ដូច្នេះតើការដាក់ពាក្យបណ្ដឹងទៅកាន់ថ្នាក់លើជាការមួរបង្កាច់ ឬជាការពិត។
យោងតាមពាក្យបណ្ដឹងរបស់ ស្នងការរងទាំង៥រូប រួមមាន៖ លោកឧត្តមសេនីយត្រី ឱម ទីលី លោកឧត្តមសេនីយ៍ត្រី លឹម ហេន លោកឧត្តមសេនយ៍ត្រី លន ណាឡោម លោកឧត្តមសេនិយ៍ត្រី កែ ខាន់ណាឡា និងលោកវរសេនីយ៍ឯក កែវ សុផល ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី០២ខែមីនា ឆ្នាំ២០១៧ ដោយរៀបរាប់ពីភាពមិនប្រក្រតី ក៏ដូចជា អំពើពុករលួយនៃការដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ជូ សំអាន និងស្នងការរង អ៊ិត គឹមស្រ៊ន។
ស្នងការរងទាំង៥រូប បានរៀបរាប់ថា លោកឧត្តមសេនីយ៍ទោ ជូ សំអាន អសមត្ថភាពដឹកនាំ គ្មានការទទួលខុសត្រូវ ជឿតែការចាក់រុកពីស្នងការរង អ៊ិត គឹមស្រ៊ន មានភាពយឺតយ៉ាវ ស្ពឹកស្រពន់ ពេលមានបញ្ហាមិនចេះផ្ដល់យោបល់ ឬគោលការណ៍ច្បាស់លាស់ ពុំដែលប្រជុំគណៈស្នងការ ក៏ដូចជា គណៈកម្មាធិការស្នងការ ធ្វើតែតាមអារម្មណ៍របស់ស្នងការរង អ៊ិត គឹមស្រ៊ន។
ពាក្យបណ្ដឹងនេះ បានលើកឡើងថា លោកស្នងការ បានឃុបឃិតជាមួយស្នងការរង អ៊ិត គឺមស្រ៊ន តែងតាំងមន្រ្តីថ្នាក់នាយរងប៉ុស្តិ៍ និងនាយការិយាល័យពី៥០០ទៅ៣០០០ដុល្លារ ពីនាយ នាយរងផ្នែក និងអធិការដ្ឋាន ពី៥០០ទៅ១០០០ដុល្លារ ព្រមទាំងលួចដំឡើងស័ក្តិតែបក្ខពួករបស់ខ្លួន។
បើតាមពាក្យបណ្ដឹង ស្នងការរងទាំង៥រូប បានស្នើសុំសម្ដេចក្រឡាហោម ឲ្យដកលោកស្នងការ និងស្នងការរងរូបនេះ ចេញពីអង្គភាព ដើម្បីស្ដារស្ថានការណ៍ខាងលើ ឲ្យមានភាពល្អប្រសើរឡើងវិញ៕
លោកឧត្តមសេនីយ៍ទោ ជូ សំអាន
លោកវរសេនីយ៍ឯក អ៊ិត គឹមស្រ៊ន