(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធិបតីបើកសន្និសីទ ចក្ខុវិស័យលើប្រធានប្រធានបទ «ការឈានឡើងក្នុងខ្សែចង្វាក់បង្កើតតម្លៃ សម្រាប់ឧស្សាហូបនីយកម្ម កំណើន និងការអភិវឌ្ឍកម្ពុជា»។
សន្និសីទនេះ ធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភូគីត្រា ដោយមានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល មន្រ្តីមកពីតាមក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងម្ចាស់សហគ្រាស និងធុរកិច្ចជនមួយចំនួនទៀត។ សន្និសីទនេះ ធ្វើឡើងក្នុងបំណងជំរុញចង្វាក់ផលិតកម្ម របស់សហគ្រាសនានា នៅក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ និងជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា៕
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយកំណើនសេដ្ឋកិច្ចកម្ពុជា បានកើនឡើងជានិច្ច។ សម្តេចនាយករដ្ឋមន្រ្តី ការសម្រេចបាននូវកំណើនសេដ្ឋកិច្ចថេរក្នុងរង្វង់ប្រមាណ ៧ភាគរយ គឺបានមកពីការដាក់ចេញនូវគោលនយោបាយសេដ្ឋកិច្ច និងធុរកិច្ចត្រឹមត្រូវ ពិសេស គឺកុសលនៃសុខសន្តិភាព និង ស្ថិរភាពនយោបាយនៅទូទាំងប្រទេស ដែលរាជរដ្ឋាភិបាលបានខិតខំការពារជាដាច់ខាតនាពេលកន្លងមក ពេលបច្ចុប្បន្ន និងទៅអនាគត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមការព្យាករណ៍នៅឆ្នាំ២០១៧នេះ សេដ្ឋកិច្ចកម្ពុជាអាចនឹងសម្រេចបានក្នុងរង្វង់ ៧ភាគរយ ក្នុងនោះកំណើនក្នុងវិស័យកសិកម្មរំពឹងនឹងល្អប្រសើរឡើងវិញបន្តិច ដូចគ្នានិងកំណើន នៃវិស័យកាត់ដេរ នឹងរើបឡើងប្រសើរជាឆ្នាំ២០១៦។ ដោយឡែកវិស័យសំណង់ និងអចលនវត្ថុ នឹងបន្តថមថយកំណើន ដោយការកែតម្រូវនូវស្ថានភាពឥណទាន និងការផ្គត់ផ្គង់លើស។ ក្រៅពីនេះ កំណើន នៃឧស្សាហកម្មផ្សេងៗ ពិតមែនកាត់ដេរ រំពឹងថា នឹងមានកំណើនខ្ពស់ ដែលនឹងជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជារួម។ ស្ថានភាពបែបនេះរំពឹងថា នឹងបន្តរហូតដល់ឆ្នាំ២០១៨ ដែលកំណើនសេដ្ឋកិច្ចអាចនឹងសម្រេចបានដូចគ្នាក្នុងរង្វង់ ៧ភាគរយ។
* សម្តេចតេជោ បានថ្លែងថា សេដ្ឋកិច្ចកម្ពុជា ក៏ប្រឈមទៅនឹងហានិភ័យពីខាងក្រៅមួយចំនួនដូចជា ភាពមិនប្រាកដប្រជាពាក់ព័ន្ធការតម្លើង អាត្រាការប្រាក់គោលរបស់ធនាគារកណ្តាលរបស់អាមេរិក ការចាកចេញរបស់អង់គ្លេស និងអនាគតរបស់សហភាពអឺរ៉ុប ហានិភ័យ នៃការធ្លាក់ចុះ នៃកំណើនសេដ្ឋកិច្ចចិន និងការថមថយកំណើនរបស់បណ្តាសេដ្ឋកិច្ច នៃប្រទេសកំពុងរីកលូតលាស់ ភាពចម្រូងចម្រាសក្នុងការធ្វើពាណិជ្ជកម្ម រវាងប្រទេសចិន និងរដ្ឋការរបស់ប្រធានាធិបតីអាមេរិកថ្មី ក៏ដូចជាការកើនឡើងនូវកម្តៅភូមិសាស្រ្តនយោបាយជាដើម។
* សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ដែរថា ការងើបឡើងវិញ នូវតម្លៃប្រេង និងទំនិញលើទីផ្សារអន្តរជាតិ ក៏ជាហានិភ័យសម្រាប់សេដ្ឋកិច្ចកម្ពុជាផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានមើលឃើញថា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឲ្យបាន ៧ភាគរយ ដែលនឹងអាចឲ្យកម្ពុជាសម្រេចបាននូវចក្ខុវិស័យ ប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ គឺត្រូវរួមគ្នាខិតខំអនុវត្តគោល នយោបាយអភិវឌ្ឍន៍ឧស្សាហកម្មឆ្នាំ២០១៥-២០២៥ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ និងត្រូវចាត់ទុកថាជា «យុទ្ធសាស្រ្តកំណើនថ្មី» ដែលជាមគ្គុទ្ទេសន៍ជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការពង្រឹងសមត្ថភាពប្រកួតប្រជែង និង ការលើកកម្ពស់ផលិតភាព ដើម្បីឈានឡើងទៅកាន់ទួលថ្មីមួយទៀត ក្នុងខ្សែចង្វាក់ នៃតម្លៃបន្ថែមក្នុងតំបន់ និងសកលលោក។
* សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ទៀតថា កម្ពុជាត្រូវធ្វើទំនើបកម្ម នៃវិស័យឧស្សាហកម្ម ដែលជាកិច្ចការដ៏ចាំបាច់មួយ ដោយសារវិស័យនេះ នឹងដើរតួនាទីសំខាន់ក្នុងយុទ្ធសាស្រ្តកំណើនថ្មី ជាកម្លាំងចលករក្នុងការជួយទ្រទ្រង់ដល់កំណើនរយៈពេលមធ្យម និងរយៈពេលវែង ជាវិស័យ ដែលមានសក្តានុពលសម្រាប់បង្កើតការងារដល់យុវជន និងជាជន្ទល់កំណើនសេដ្ឋកិច្ចថ្មី ដែលអាចឆក់ស្រូបយកការវិនិយោគបន្ថែមក្រៅពីវិស័យកសិកម្ម និងទេសចរណ៍។
* សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងថា វិស័យឧស្សាហកម្មកម្ពុជា មានការរីកលូតលាស់យ៉ាងលឿន ដោយឧស្សាហកម្មមានចំណែក ២៨,៩ភាគរយ នៃផលិតផលជាតិសរុប ក្នុងឆ្នាំ២០១៦ គឺខ្ពស់បើធៀបនឹងកំណើន១៣,៥ភាគរយ ក្នុងឆ្នាំ១៩៩៤។ សម្តេចនាយករដ្ឋមន្ត្រីបានបន្តថា សុខសន្តិភាពពេញលេញ និងស្ថិរភាពនយោបាយ ព្រមទាំងការកែប្រែប្រព័ន្ធសេដ្ឋកិច្ចប្រកបដោយជោគជ័យទៅជាសេដ្ឋកិច្ចទីផ្សារ ដែលជួយសម្រួល ដល់ការវិនិយោគ ពាណិជ្ជកម្ម និងការអភិវឌ្ឍវិស័យឯកជន បានគាំទ្រដល់ការរីកចម្រើនយ៉ាងលឿន នៃសង្គម សេដ្ឋកិច្ចកម្ពុជា។
* ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការធ្វើទំនើបកម្មឧស្សាហកម្មឲ្យបានសម្រេច ចាំបាច់ត្រូវមានការបន្ស៊ីគោលនយោបាយនានាជាមួយគ្នា ដោយការផ្សារភ្ជាប់គោលនយោបាយឧស្សាហកម្មជាមួយ គោលនយោបាយតាមវិស័យផ្សេងៗទៀត ដូចជាពាណិជ្ជកម្ម វិនិយោគ អប់រំ ដឹកជញ្ជូន ឡូជីស្ទីក វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាជាដើម។
* សម្តេចនាយករដ្ឋមន្រ្តី បានបង្ហាញក្តីរំពឹងថា សន្និសីទ ដែលបានរៀបចំលើប្រធានបទ «ការឈានឡើងក្នុងខ្សែចង្វាក់បង្កើតតម្លៃសម្រាប់ ឧស្សាហូបនីយកម្ម កំណើន និងការអភិវឌ្ឍក្នុងសម័យឌីជីថល» នេះ នឹងផ្តល់ជាអនុសាសន៍ និងគំនិតល្អៗ សម្រាប់ចូលរួមចំណែក ដល់កិច្ចប្រឹងប្រែងពន្លឿនកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង៨៖៥៨នាទីព្រឹកថ្ងៃដដែល៕