(កណ្ដាល)៖ គ្រាប់បែកប្រភេទ MK82 ចំនួន៣គ្រាប់ ដែលទម្លាក់ពីយន្តហោះអាមេរិក ដែលរកឃើញនៅភូមិគោកព្រីង ឃុំគោកត្រាប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ត្រូវបានមន្ត្រីជំនាញ CMAC ជីកយកចេញ និងដឹកជញ្ជូនយកទៅរក្សាទុក ប្រកបដោយសុវត្ថិភាពហើយ នៅល្ងាចថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧។
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីន (CMAC) បានប្រាប់ថា កាលពីសម័យសង្គ្រាម កន្លងទៅនោះ គ្រាប់បែកជាច្រើនគ្រាប់ ត្រូវបានកងទ័ពអាមេរិកបើកយន្តហោះ ទម្លាក់ជញ្ជ្រុំយ៉ាងព្រៃផ្សៃបំផុត។
លោកបានបន្តថា ការទម្លាក់គ្រាប់បែករបស់ពួកអាមេរិកាំង ភាគច្រើនកើតមាននៅតាមព្រំដែនកម្ពុជា-វៀតណាម ដែលជាផ្លូវលំហូជីមិញ ដើម្បីតាមសម្លាប់ពួកវៀតកុង (វៀតណាមខាងជើង) តែដល់ពេលទម្លាក់ ចំតែប្រជាពលរដ្ឋខ្មែរស្លូតត្រង់ទៅវិញ។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា «គ្រាប់បែកទំលាក់ពីយន្តហោះ MK82 ចំនួន៣គ្រាប់ ដែលបានរកឃើញនៅភូមិគោកព្រីង ឃុំគោកត្រាប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ត្រូវបានដោះបន្សាប និងដឹកជញ្ជូនដោយសុវត្ថិភាពដល់គោលដៅហើយ។ តាមព័ត៌មាននៅតំបន់នេះ ត្រូវបានទំលាក់គ្រាប់បែកជញ្ជុំយ៉ាងធ្ងន់ធ្ងរ។ ទីតាំងភូមិនេះស្ថិត នៅក្បែររាជធានីភ្នំពេញ។ ខ្ញុំសង្ឃឹមថា អ្នកខ្លះយល់ថា ការទំលាក់គ្រាប់បែកពីសហរដ្ឋអាមេរិក មាននៅតែតាមព្រំដែនវៀតណាម និងផ្លូវលំហូជីមិញតាមសម្លាប់តែពួកវៀតកុងនោះ ជាការយល់ខុសហើយ!»។
ជាការពិតមិនអាចប្រកែកបាន កងទ័ពចក្រពត្តិអាមេរិក ក្រោមការបញ្ជារបស់ ប្រធានាធិបតីឈ្លានពាននិយម លោក និច សុន បានបើកប្រតិបត្តិការទម្លាក់គ្រាប់បែកលើទឹកដីកម្ពុជា ចាប់ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ហើយទិន្នន័យទម្លាក់គ្រាប់ទាំងនោះ ត្រូវបានឯកភាពនៅឆ្នាំ២០០០ ដោយប្រធានាធិបតីជំនាន់ក្រោយ គឺលោក Bill Clinton ដែលបានបញ្ចេញឯកសារចំហរថា អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជាអស់ ២.៨លានតោន និងគ្រាប់បែកគីមីជាច្រើនអនេកទៀត ក្រោមលេសថា តាមកម្ទេចពួកយៀកកុង ប៉ុន្តែស្លាប់តែប្រជាពលរដ្ឋខែ្មរ អស់ជាងកន្លះលាននាក់ និងកម្ទេចតែភូមិឋាន ផ្ទះសម្បែងខែ្មរ អស់រាប់ម៉ឺនកន្លែងទៀត៕