(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី សេរី កុសល អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា និងអ្នកនយោបាយជើងចាស់មួយរូប បានចាត់ទុកការសម្តែងការព្រួយ បារម្ភរបស់សហរដ្ឋអាមេរិក និងប្រទេសមួយចំនួនទៀត ចំពោះការធ្វើវិសោធនកម្មច្បាប់ នយោបាយនៅកម្ពុជា ថាជាចេតនាចង់ឲ្យប្រទេស និងប្រជាជនកម្ពុជា ធ្លាក់ទៅក្នុងភ្លើងសង្គ្រាម ដូចការដែលសហរដ្ឋអាមេរិកគាំទ្រលោកសេនាប្រមុខ លន់ នល់ ទម្លាក់សម្តេចព្រះនរោត្តម សីហនុ ដែលនាំឲ្យប្រទេសកម្ពុជាកើនសង្គ្រាម ស្លាប់ប្រជាជនរាប់ម៉ឺននាក់។
ថ្លែងក្នុងបទសម្ភាសន៍ផ្ទាល់ ជាមួយអង្គភាពព័ត៌មាន Fresh News លោកទេសរដ្ឋមន្ត្រី សេរី កុសល បានបញ្ជាក់ថា ការវិសោធនកម្មច្បាប់ ស្តីពីគណៈបក្សនយោបាយ ដែលត្រូវបានរដ្ឋសភាជាតិ អនុម័តកាលពីពេលថ្មីៗនេះ គឺជាការធ្វើវិសោធនកម្មដ៏សំខាន់មួយ ដើម្បីជាការពង្រឹងនូវ ឯកភាពជាតិ លុបបំបាត់នូវជម្លោះ និងការលាបពណ៌របស់គណបក្សនយោបាយ។
លោកថ្លែងថា «ខ្ញុំយល់ថា ប្រទេសផ្សេងពុំគួរព្រួយបារម្ភចំពោះច្បាប់ (គណបក្សនយោបាយ) ដែលចែងមកហើយទេ ឬមួយអស់លោក ចង់ឲ្យស្រុក យើងខ្ញុំធ្លាក់ទៅក្នុងភ្លើងសង្គ្រាមតាមគំនិតរបស់អស់លោកទៀត? ព្រោះយើងខ្ញុំកំពុងតែបង្កើតច្បាប់ ដើម្បីឈានទៅរកការបង្រួបបង្រួមជាតិ តែវាខុសនឹងនយោបាយអស់លោក ដែលចង់ឲ្យស្រុកខ្មែរនេះ នៅស្ថិតក្នុងភាពអាណាធិបតេយ្យ ដូច្នេះប្រទេសផ្សេងៗគួរតែធ្វើការជាមួយរាជរដ្ឋាភិបាល ដើម្បីពន្លឿនថែមទៀត នូវដំណើរការលទ្ធិប្រជាធិបតេយ្យ»។
ជាមួយគ្នានេះលោកបានអំពាវនាវឲ្យប្រជាជនកម្ពុជា ថែរក្សាឲ្យសន្តិភាព ដែលរកបានដោយលំបាក ពីនយោបាយឈ្នះៗរបស់សម្តេចតេជោ ហ៊ុន សែន៕