(ភ្នំពេញ)៖ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ស្អែក ក្បាលម៉ាស៊ីនថ្មីនៃគណបក្សសង្គ្រោះជាតិនឹងផ្លាស់ប្តូរ គឺតំណែងប្រធានបក្ស និងអនុប្រធានបក្ស៣រូប។ នេះជាផ្លូវរបត់ដ៏ធំរបស់បក្សសង្គ្រោះជាតិ ពីព្រោះពេលនេះ វាមិនត្រឹមជាការផ្លាស់ប្តូរក្បាលម៉ាស៊ីនទេ តែវានឹងផ្លាស់ប្តូរនូវគោលនយោបាយបក្ស ផ្លាស់ប្តូរចរិតបក្ស ផ្លាស់ប្តូររបៀបដឹកនាំបក្ស ដែលជាកត្តាកំណត់ដល់ជោគវាសនាបក្សទាំងមូលតែម្តង។
ខណៈនេះទិដ្ឋភាពទំនាស់ផ្ទៃក្នុងយ៉ាងជ្រាលជ្រៅ ដែលគេខំលាក់បាំងជាយូរមកហើយ និងសារជាតិបក្សសង្គ្រោះជាតិដណ្តើមឥទ្ធិពលតួនាទី ព្រមទាំងជំងឺបក្ខពួកនិយមបានលេចឡើងយ៉ាងច្បាស់ក្រឡែត។
តើអ្វីជាទំនាស់? តើអ្វីជាហេតុ? និងអ្វីជាបច្ច័យ? ទំនាស់ធំ២នៅក្នុងបក្សសង្គ្រោះជាតិដែលគេងាយមើលឃើញគឺ៖ ១) ទំនាស់រវាងមនុស្សក្នុងខ្សែ សម រង្ស៊ី និង ២) ទំនាស់រវាងបក្ខពួក សម រង្ស៊ី ជាមួយនឹងបក្ខពួក កឹម សុខា។ រឿងនេះអាចឃើញធ្លុះយ៉ាងច្បាស់ និងដោយងាយដូចតទៅ៖
ទី១៖ ទំនាស់រវាងបក្ខពួក សម រង្ស៊ី គ្នាឯង៖ នៅក្នុងការផ្គូរផ្គងតំណែងអនុប្រធានបក្ស គឺខ្សែម្ខាងចង់បានលោក គង់ គាំ ហើយខ្សែម្ខាងចង់បានលោក យឹម សុវណ្ណ។ លោក សម រង្ស៊ី ខំទូរស័ព្ទពីក្រៅប្រទេសមកលួងលោម យឹម សុវណ្ណ ឲ្យទទួលយកតំណែងអនុប្រធានបក្ស ក៏ប៉ុន្តែខ្សែ គង់ គាំ បានចំអក ម៉ាក់ងាយនិងបានទាមទារឲ្យដកចេញបេក្ខភាព យឹម សុវណ្ណ ហើយដាក់ គង់ គាំ ជំនួសវិញ។
ទី២៖ ទំនាស់រវាងបក្ខពួក សម រង្ស៊ី និងបក្ខពួក កឹម សុខា៖ នៅពេលដែលគេព្យាករណ៍ថាលោក កឹម សុខា ត្រូវតែបានធ្វើជាប្រធានបក្ស គឺក្រុមបក្ខពួក លោក សម រង្ស៊ី បានបកអាក្រាតពីមាយាទនិងព្រលះ កឹម សុខា យ៉ាងចាស់ដៃថា៖ «កឹម សុខា ជាបុគ្គលស្រឡាញ់អំណាចបណ្តោយឲ្យប្រពន្ធកូន លូកដៃក្នុងបក្សដើម្បីប្រយោជន៍សួនតួ» ហើយទាមទារដាក់បេក្ខភាពលោក គង់ គាំ ជាប្រធានបក្សសង្គ្រោះជាតិវិញ។
ទី៣៖ ការប្រេះស្រាំ និងការបែកបាក់បន្តរីកកាន់តែរីកធំ ដែលមិនអាចគ្រប់គ្រងបាន៖ មុននេះក្នុងការជ្រើសតាំងក្បាលម៉ាស៊ីនបក្សថ្មីគេបានបញ្ចេញនូវ រូបមន្តពីរផ្សេងគ្នា។ រូបមន្តទី១៖ ដែលប្រភពផ្ទៃក្នុងសង្គ្រោះជាតិប្រាប់ទៅអង្គភាពព័ត៌មាន Fresh News គឺ កឹម សុខា ជាប្រធានបក្ស ហើយអនុប្រធានគឺ ប៉ុល ហំម, អេង ឆៃអ៊ាង និង មូរ សុខហួ។ រូបមន្តទី២គឺ គង់ គាំ ជាប្រធានបក្ស ហើយអនុប្រធានគឺ កឹម សុខា, យឹម សុវណ្ណ, និង មូរ សុខហួ។ រូបមន្តនេះគឺកូតាម្ខាង២ ចែកស្មើគ្នារវាងបក្ខ សម រង្ស៊ី និងបក្ខ កឹម សុខា។
នៅពេលដែលរូបមន្តទី១ ការផ្គូរផ្គងគ្មានឈ្មោះ យឹម សុវណ្ណ តើនេះមានន័យដូចម្តេច? តើលោក យឹម សុវណ្ណ មិនស្តាប់តាមសំណូមពរ សម រង្ស៊ី ? ឬលោក យឹម សុវណ្ណ ដែលតស៊ូស្លាប់រស់មានគុណសម្បត្តិយូរមកហើយ គឺមិនសុខចិត្តឱនក្បាលធ្វើជាអនុ កឹម សុខា? ឬក្រុមលោក គង់ គាំ បុករុកឲ្យដកបេក្ខភាពលោក យឹម សុវណ្ណ រហូតបានជោគជ័យមែនដូចដែលគោលបំណងនេះបានបែកធ្លាយតាមខ្សែអាត់សំឡេង?
ការពិតម្ខាងទៀតដែលប្រភពផ្ទៃក្នុងទម្លាយចេញមក គឺលោក យឹម សុវណ្ណ ប្រឆាំងដាច់ខាតលើរូបមន្ត «ប្រធាន១ និង អនុប្រធាន៣»។ លោក យឹម សុវណ្ណ ចង់បានកម្លាំងខាងកូតា សម រង្សីុ បន្តដឹកនាំបក្ស ហើយចង់បានរូបមន្ត «ប្រធាន១ និងអនុប្រធាន១»។ ដូច្នេះហើយ ដែលលោក យឹម សុវណ្ណ ដកខ្លួនមិនធ្វើជាអនុប្រធាន។ ក្នុងស្ថានភាពនេះ វាហាក់ដូចជាបង្ហាញថា ក្នុងកូតា សម រង្ស៊ី គ្មានឥស្សភាពគ្មានមនុស្សមានសមត្ថភាព ហើយទីបំផុតត្រូវ លើកថ្វាយមរតកបក្សដែលខំកសាងជាង២០ឆ្នាំទៅឲ្យ កឹម សុខា ទាំងស្រុងនិងទាំងទឹកភ្នែក។
ប្រភពផ្ទៃក្នុងក៏បានទម្លាយឲ្យដឹងដែរថា ប៉ុន្មានថ្ងៃមុននេះលោកស្រី កែ សុវណ្ណរតន៍ ភរិយាលោក យឹម សុវណ្ណ គឺនៅមិនសុខច្រាស់ច្រាល់ហៅគេហៅឯង រួមមានទាំង ជា ប៉ូច និង ម៉ែន សុថាវរិន្ទ្រ ផងឲ្យទៅផ្ទះដើម្បីខ្សឹបរឿងការផ្គូរផ្គងបេក្ខភាពថ្មីនេះ។ អ្នកណាក៏ដឹងដែរថា លោកស្រី កែ សុវណ្ណរតន៍ គឺអធិរាជ បក្សសង្គ្រោះជាតិនៅខេត្តសៀមរាប ហើយក៏មិនសប្បាយចិត្តនឹង មូរ សុខហួ ប៉ុន្មានទេ។
ឧបមាថា លោក កឹម សុខា បានធ្វើជាប្រធានបក្ស ដូច្នេះសូមលោក សម រង្ស៊ី កុំដេកស្រម័យថា នឹងបានធ្វើជានាយករដ្ឋមន្ត្រី ពីព្រោះបេក្ខភាព ឆ្នាំ២០១៨ គឺនឹងជា កឹម សុខា តទៀតហើយសូមជ្រាប។ មានដើមទន់នយោបាយ៣កៅអី មកដាក់ហ៊ុន ខាំស្មៅ ឆក់ឱកាសបានប៉ុណ្ណេះហើយ បោះបង់ទៅណា!? ក្រោយឆ្នាំ២០១៨ និយាយត្រូវរ៉ូវជាមួយ សម្តេចតេជោ ហ៊ុន សែន អាចធ្វើធំតទៀត។ ល្បង ស៊ី ដេកលេងហ្វេសបុកតទៅទៀតចុះ...!
ឧបមាថា បើដាក់លោក គង់ គាំ ជាប្រធានបក្សសង្គ្រោះជាតិវិញ សូមចាំស្តាប់ស្នួរវាយប៉ោតអង្រួនកៅអី គឺលោក កឹម សុខា មិនសុខចិត្តទេ នឹងអង្រួនលោក គង់ គាំ រហូតជ្រុះពីកៅអី ឬយ៉ាងហោចក៏ធ្វើឲ្យកៅអីក្តៅអង្គុយមិនជាប់ដែរ។ មាននៅចងចាំទេថា គណបក្សលោកតា សឺន សាន គឺរលាយក្រោមស្នាដៃ កឹម សុខា។ បក្សហ្វ៊ុនស៊ីនប៉ិចដែល កឹម សុខា ចូលជ្រកកោនមួយរយៈក៏បានលិចទៅហើយដែរ។ សម រង្សីុ បាត់អាជីពនយោបាយ ភ្លាត់ស្នៀតលោតចោលសំពៅសង្គ្រោះជាតិក៏ដោយសារមានតួអង្គ កឹម សុខា ដែរ។ សូមមើលឲ្យជ្រៅលើសាវតានៃ «មនុស្សទៅទីណា រលាយទីនោះ!»។
ចំណុចគួរគត់សំគាល់មួយទៀត៖ សង្គ្រោះជាតិ អួតសុទ្ធតែជាបក្សប្រជាធិបតេយ្យ!? តែទីបំផុតបែរជា «ចាត់តាំង» បោះឆ្នោតកញ្ចប់បង្គ្រប់កិច្ចសោះទេ។ បើហ៊ានធ្វើប្រជាធិបតេយ្យបើកទូលាយ បោះឆ្នោតជាសម្ងាត់ ពោលគឺយកសមាភាពថ្នាក់ស្រុកឡើងទៅ គឺនឹងមិនឈ្នះ បេក្ខភាពពីខាង សម រង្ស៊ី ទេ ពីព្រោះកូតា សម រង្ស៊ី មានចំនួនច្រើនជាង។ ឯណាទៅតម្លៃអ្នកប្រជាធិបតេយ្យ?
ប្រសិនបើបោះឆ្នោតជាសម្ងាត់ សូម្បីតែដាក់បេក្ខភាពលោកស្រី ជូឡុង សូមួរ៉ា ជាប្រធានបក្ស ក៏ កឹម សុខា បោះឆ្នោតជាប់ដែរ។ ប៉ុន្តែសួរថា ក្រុម កឹម សុខា ក្លាហានធ្វើប្រជាធិបតេយ្យស្អាតស្អំបែបនេះទេ? មិនហ៊ានទេ! ក៏ប៉ុន្តែ ទោះបីលោក កឹម សុខា ចង់លេបបក្សសង្គ្រោះជាតិតាមរយៈការបោះឆ្នោត កញ្ចប់ កូតា សម រង្ស៊ី បានផ្ញើសាររួចហើយថា វាអន់ណាស់។ អន់ទី១ គឺបោះចោលគោលការណ៍ប្រជាធិបតេយ្យផ្ទៃក្នុង ដែលត្រូវបើកចំហរបេក្ខភាព ហើយបោះឆ្នោតសម្ងាត់។ អន់ទី២ គឺ កឹម សុខា បានតួនាទីបែបបំភ័ន្តភ្នែក ដែលមិនមានការគាំទ្រពេញលេញ។ អន់ទី៣ គឺមនុស្សក្នុងកូតា សម រង្ស៊ី ដែលមានចំនួនច្រើនជាង មានអង្គបោះឆ្នោតច្រើនជាង តែបាត់បង់ឱកាសបន្តដឹកនាំលើមូលដ្ឋានរបស់ខ្លួន។ អន់ទី៤ គឺសង្គ្រោះជាតិជាបក្សចាត់ តាំងគ្មានតម្លៃ។
វោហាសាស្ត្រសង្គ្រោះជាតិ ក្នុងពេលវេលាដែលប្រទេសមានសន្តិភាព គឺស្មើនឹង បន្លំ ភូតភរ និងបោកប្រាស់។ មុខរបរនយោបាយបោកប្រាស់បែបនេះ គឺទីបំផុតគ្មានទទួលបានអ្វីក្រៅពី «បណ្តាសារព្រហ្មលិខិតនោះទេ»។ ព្រះអាទិត្យកំពុងបញ្ចេញកំដៅស្ទើឆេះផ្ទៃក្នុង ហើយព្រះអាទិត្យកំពុងរៀបលិច ទៅហើយដែរ...។ ទោះបីតំណែងប្រធានបក្សបានទៅអ្នកណា ក៏មិនបានសុខដែរ ហើយកុំជឿថា អ្វីៗមិនប្រែប្រួល។ សម រង្ស៊ី ប្រកាសលាលែង តែលលួចកាច់ចង្កូតបក្ស។ កឹម សុខា ត្រៀមឡើង ចង់ដូរទិសផ្លូវ។ មនុស្សខាង សម រង្ស៊ី ចង់ដូរតៃកុងថ្មី។ មនុស្សខាងកឹម សុខា ក៏មិនសុខចិត្តដែរ។
ជារូបភាព គណបក្សនេះ ប្រៀបដូចជារថយន្ត១ ដែលមានតៃកុងបើក៤នាក់ ម្នាក់ជាន់ប្រាំង ម្នាក់ហ្គា ម្នាក់កាច់ចង្កូត ម្នាក់ចុចសីុប្លេ ដែលជាគ្រោះថ្នាក់បំផុតទាំងចំពោះអ្នកនៅលើឡាន និងធ្វើដំណើរឯទៀត ដែលរថយន្តគ្មានសណ្តាប់ធ្នាប់បែបនេះអាចបង្ករគ្រោះថ្នាក់ និងបង្ករវិនាសកម្មធ្ងន់ធ្ងរបំផុតដល់សង្គមជាតិ។
ភាពចាស់ទុំក្នុងនយោបាយ ធនធានមនុស្សរបស់បក្ស និងមាគ៌ាបក្សជាគោលការណ៍គឺសំខាន់ណាស់។ អ្វីដែលលោក សម រង្សីុ តែងនិយាយថា បក្សអំពិលអំពែក គឺឆ្លុះបញ្ចាំងចំពោះបក្សប្រឆាំងដ៏ប្រេះស្រាំនេះឯង។ បក្សភ្លើងទៀនបានរលត់បាត់ហើយ ឥឡូវនេះបក្សព្រះអាទិត្យក៏កំពុងដើរតាមគន្លង នេះដូចគ្នាដែរ។ លើទិដ្ឋភាពនិងសារជាតិនេះ វោហាសាស្ត្រសង្គ្រោះជាតិ វាគ្មានន័យទេ គឺវាឆ្លុះបញ្ចាំងនូវសារជាតិ បក្សសង្គ្រោះពួក និង បក្សសង្គ្រោះបុគ្គល ហើយទីបំផុត គឺសង្គ្រោះផេះ!៕
ដោយ៖ សេនាជាតិ