(ភ្នំពេញ)៖ អគ្គិភ័យដែលបានឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅខាងជើងស្ពានជ្រោយចង្វារ តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ បានរលត់ទៅវិញហើយ នៅវេលាម៉ោងប្រមាណ ៦៖៣០នាទីល្ងាចថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧នេះ ដោយបំផ្លាញផ្ទះប្រជាពលរដ្ឋ (ផ្ទះតូច) អស់ជាច្រើនខ្នង ដែលមិនទាន់អាចសរុបចំនួនបាននៅឡើយទេ។
ភ្នាក់ងារ Fresh News បានរាយការណ៍ថា ផ្ទះប្រជាពលរដ្ឋ ស្ថិតនៅតំបន់មិនរៀបរយនៅតំបន់នេះ ត្រូវបានអគ្គិភ័យឆេះយ៉ាងសន្ធោសន្ធៅ ដោយមិនទាន់ដឹងមូលហេតុនៅឡើយ។ សម្រាប់ប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ជាច្រើនគ្រឿង ទៅបាញ់ពន្លត់។
សម្រាប់ហេតុការណ៍នេះ ពុំទាន់មានសេចក្តីរាយការណ៍ពីគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋណាម្នាក់នោះទេ ប៉ុន្តែប្រជាពលរដ្ឋជាម្ចាស់ផ្ទះ បានស្រែកទ្រហ៊ោយំ យ៉ាងខ្លាំងនៅពេលឃើញភ្លើងកំពុងឆេះផ្ទះរបស់ខ្លួន។
សូមបញ្ជាក់ថា នៅពេលជួយអន្តរាគមន៍នោះគេសង្កេតឃើញមានវត្តមាន អភិបាលខណ្ឌដូនពេញ លោក សុខ ពេញវុធ និងលោក ព្រហ្ម យ៉ត នាយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ រាជធានីភ្នំពេញ បានដឹកនាំកម្លាំងដោយផ្ទាល់លើការបាញ់ពន្លត់ភ្លើងនេះ៕