(ភ្នំពេញ)៖ សិល្បករ-សិល្បការិនីជាច្រើនរូប បានមកជួបជុំគ្នា ថ្លែងអំណរគុណចំពោះ ស្នាដៃរបស់កំពូលតារាសម្ដែងហូលីវូដ គឺអ្នកស្រី អេនជីលីណា ជូលី (Angelina Jolie) ដែលបានផលិតឡើងនូវស្នាដៃរំឭកពីប្រវត្តិកម្ពុជា គឺរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ដែលជាភាពយន្តឆ្លុះបញ្ចាំងពីប្រវត្តិសាស្រ្ត ដ៏ជូរចត់របស់កម្ពុជា នារបបប្រល័យពូជសាសន៍ ប៉ុល ពត ធ្វើឲ្យកូនខ្មែរ អ្នកសិល្បៈខ្មែរចង់ចាំមិនភ្លេច នូវការលះបង់នេះ ហើយក៏បានចូលរួមចំណែកយ៉ាងធំធេង ដើម្បីលើកវិស័យសិល្បៈភាពយន្ត ដែលជាសិល្បៈទី៧ របស់ខ្មែរឲ្យខ្ពស់ត្រដែតឡើង លើឆាកអន្តរជាតិ។
ពិធីថ្លែងអំណរគុណ ដល់កំពូលតារាហូលីវូដ អ្នកនាង Angelina Jolie ត្រូវបានអ្នកសិល្បៈជាច្រើន ក្រោមការផ្ដួចផ្ដើម ដោយក្រុមគ្រួសារតារាកម្ពុជា មានលោក ផាត់ តារារដ្ឋ ជាស្ថានិក ធ្វើឡើងនៅឯភោជនីយដ្ឋាន វីហ្វ្រែន សាខាបឹងត្របែក នារសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧នេះ ក្នុងនោះក៏មានការផ្ដល់កិត្តិយស ចូលរួមពីសំណាក់លោក ថៃ រនៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ , លោក ម៉ៅ អាយុទ្ធ អ្នកនិពន្ធជើងចាស់ និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន, លោក សុះ ម៉ាច, លោក ស្រី ថុង ស៊ីវទៀត, លោក កុយ ស៊ីឌឿន ព្រមទាំងសិល្បករ-សិល្បការិនីជាច្រើននាក់។
លោក ផាត់ តារារដ្ឋ ស្ថាបនិក ក្រុមគ្រួសារតារាកម្ពុជា ដែលបានដឹកនាំក្រុមអ្នកសិល្បៈរៀបចំពិធីនេះ បានថ្លែងឲ្យដឹងថា តាមការពិតក្រុមគ្រួសារតារាកម្ពុជា បង្កើតឡើងគ្រាន់តែពិភាក្សាគ្នា លេង គ្រាន់កំដរការអផ្សុកតែប៉ុណ្ណោះ ប៉ុន្តែដោយសារតែមានកំណើនសមាជិកសិល្បករ-សិល្បការិនីច្រើនឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ យើងក៏បានចូលរួមធ្វើកម្មវិធី សប្បុរសជួយដល់សង្គម ជាបន្តបន្ទាប់ ដូចជាបំផុសឲ្យមានការបរិច្ចាគឈាម បំផុសឲ្យយល់ដឹងពីជំងឺអេដស៍ និងសកម្មភាពសប្បុរសធម៌ជាច្រើនទៀត។ អ្វីដែលយើងធ្វើឡើងក្នុងពេលនេះ គឺក្នុងគោលបំណងលើកកំពស់អ្នកសិល្បៈ ដើម្បីជៀសផុតពីការនិន្ទា ថា អ្នកសិល្បៈអត់ចេះធ្វើអ្វី ចេះតែច្រៀងរាំ រួចច្រណែនគ្នា រិះគន់គ្នា និងកាច់កុងគ្នាជាដើម ប៉ុន្តែពេលនេះ គឺយើងកំពុងតែលុបបំបាត់វប្បធម៌ទាំងនេះចេញ។
លោកបន្តទៀតថា ជាក់ស្ដែងដូចជាថ្ងៃនេះ យើងបានធ្វើការចូលរួមយ៉ាងផុសផុល មកជួបជុំគ្នា ថ្លែងអំណរគុណចំពោះ ស្នាដៃរបស់កំពូលតារាសម្ដែងហូលីវូដ គឺអ្នកស្រី អេនជីលីណា ជូលី ដែលបានផលិតឡើងនូវស្នាដៃ រំឭកពីប្រវត្តិកម្ពុជា គឺរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ដែលជាភាពយន្តឆ្លុះបញ្ចាំងពីប្រវត្តិសាស្រ្ត ដ៏ជូរចត់របស់កម្ពុជា នារបបប្រល័យពូជសាសន៍ ប៉ុល ពត ធ្វើឲ្យកូនខ្មែរ អ្នកសិល្បៈខ្មែរចង់ចាំមិនភ្លេច នូវការលះបង់នេះ ខណៈដែលសមាជិកទាំងអស់ មិនត្រឹមតែលះបង់ពេលវេលាប៉ុណ្ណោះទេ ថែមទាំងលះបង់នូវថវិកាផ្ទាល់ខ្លួន បរិច្ចាគចូលរួម ក្នុងកម្មវិធីនេះទៀតផង។
យ៉ាងណាមិញ លោក ថៃ រនៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្ដែងការកោតសរសើរ ចំពោះលោក ផាត់ តារារដ្ឋ ក៏ដូចជាលោក សុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរ និងសិល្បៈទាំងអស់ ដែលចេះមានគំនិត ផ្ដួចផ្ដើមកម្មវិធីនេះឡើង ក្នុងគោលបំណងដើម្បីឲ្យកូនខ្មែរ ក៏ដូចជាអ្នកសិល្បៈខ្មែរជំនាន់ក្រោយ បានដឹងកាន់តែច្បាស់ ពីរបបដ៏ខ្មៅងងឹតមួយនេះ ដែលកម្ពុជាបានឆ្លងកាត់រយៈពេល ៣ឆ្នាំ៨ខែ២០ថ្ងៃ តាមរយៈភាពយន្តរបស់លោកស្រី Angelina Jolie ដែលជាតារាហូលីវូដ មានសញ្ជាតិកម្ពុជា ហើយបានបង្ហាញទឹកចិត្តស្រឡាញ់ប្រជាជនកម្ពុជា គួរឲ្យកោតសរសើរ។
លោករដ្ឋលេខាធិការដដែលរូបនេះ បានបន្តថា សកម្មភាពនេះឆ្លុះបញ្ចាំងឲ្យឃើញថា យើងត្រូវចេះរួបរួមគ្នា ទាំងអ្នកជំនាន់មុន និងអ្នកជំនាន់ក្រោយ ដើម្បីស្វែងយល់ពីប្រវត្តិសាស្រ្តរបស់កម្ពុជា ថា ពីសម័យមួយទៅសម័យមួយ ប្រទេសកម្ពុជា ជួបប្រទះអ្វីខ្លះ? សិល្បករ-សិល្បការិនីពិតជាមានសារៈសំខាន់ណាស់ សម្រាប់ប្រទេសនីមួយៗ ព្រោះជាបុគ្គលសាធារណៈ ដែលមានគេស្គាល់ច្រើនបំផុត ពោលគឺស្គាល់ខ្លាំងជាងថ្នាក់ដឹកនាំប្រទេសនីមួយៗ ទៅទៀត។
លោកបន្តថា ងាកមកផ្ដោតអារម្មណ៍ ក្នុងកម្មវិធីនេះវិញ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងនាមសមាគមសិល្បករខ្មែរ ក្នុងសមាជិកសមាជិកា អ្នកសិល្បៈ និងក្នុងនាមប្រជាពលរដ្ឋកម្ពុជាទាំងអស់ សូមសម្ដែងនូវការដឹងគុណ និងអំណរសាទរយ៉ាងជ្រាលជ្រៅ ជូនដល់លោកស្រី Angelina Jolie និងសូមប្រសិទ្ធិពរ វិបុលសុខមហាប្រសើរ ជូនដល់លោកស្រី Angelina Jolie ព្រមទាំងក្រុមគ្រួសារ និងក្រុមការងារ ដែលមានមកបំពេញបេសកកម្ម ថតភាពយន្តជាប្រវត្តិរបស់កម្ពុជា ធ្វើឲ្យមានការរំឭកឡើងនូវការចងចាំ នៃថេរវេលាសោកនាកម្មអស់រយៈពេល៣៨ឆ្នាំមកហើយ សូមឲ្យលោកស្រីសមប្រកបតែនឹងជោគជ័យ ជារៀងរហូត។
សូមបញ្ជាក់ថា ក្រៅពីប្រារព្ធនូវកម្មវិធីថ្លែងអណរគុណចំពោះ ស្នាដៃរបស់កំពូលតារាសម្ដែងហូលីវូដ គឺអ្នកស្រី អេនជីលីណា ជូលី (Angelina Jolie) នេះ ក៏មានការពិភាក្សាគ្នា ដើម្បីស្វែងរកចំណុចល្អៗ សម្រាប់អភិវឌ្ឍន៍ អ្នកសិល្បៈ ក៏ដូចជាវិស័យសិល្បៈទាំងមូលផងដែរ៕