(ពោធិ៍សាត់)៖ លោកស្រី ឯម ប៉ុណ្ណា សមាជិការដ្ឋសភា និងជាប្រធានប្រតិបត្តិសាខា និងលោកស្រី ហ៊ុន ចាន់ធី ម៉ៅធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយស្រ្តីថ្នាក់ស្រុក ឃុំ មន្ត្រីរាជការ អង្គការក្រៅរដ្ឋាភិបាល និងអាជីវករជិត២០០នាក់ ក្នុងឱកាសអបអរសាទរខួបលើកទី១០៦ នៃទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ក្រោមប្រធានបទ «ស្ត្រីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព»។
ពិធីសំណេះសំណាល និងអបអរសាទរ ទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ត្រូវបានធ្វើឡើងនៅសាលប្រជុំសាលាស្រុកក្រគរ ដែលរៀបចំដោយសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្ត និងការិយាល័យកិច្ចការនារីស្រុក បានការឧបត្ថម្ភគាំទ្រដោយ គម្រោង UNPD, EU/ACES ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹង និងលើកកម្ពស់ស្ថានភាពស្រ្តី នៅលើសកលលោក ក៏ដូចស្រ្តីនៅកម្ពុជា ពិសេសនៅក្នុងស្រុកក្រគរ ទទួលបាននូវឱកាស និងសិទ្ធិស្មើភាពក្នុងសង្គម កាត់បន្ថយអំពើហឹង្សា និងការរើសអើងទៅលើនារីភេទ។
ជាមួយគ្នានោះ ដើម្បីបំផុស និងជំរុញចលនាស្រ្តីនៅទូទាំងស្រុកក្រគរ ឲ្យមានសមត្ថភាពអង់អាច ក្នុងការជួយដោះស្រាយរាល់បញ្ហាប្រឈម និងចេះជួយគ្នាទៅវិញទៅមក ដែលត្រូវបានប្រមុខរាជរដ្ឋាភិបាល ចាត់ទុកថា «ស្ត្រីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គម»។
លោកស្រី ឯម ប៉ុណ្ណា បានសម្តែងនូវក្តីរីករាយនៅក្នុងពិធីដ៏មានអត្ថន័យ ខួបលើកទី១០៦ ទិវាសិទ្ធិនារីអន្តរជាតិ ៨មិនា ដែលឆ្នាំនេះ ក្រសួងកិច្ចការនារី បានជ្រើសរើសយកប្រធានបទ «ស្រ្តីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព» ត្រូវបានប្រារព្ធធ្វើទូទាំងប្រទេស និងពិភពលោក។
ទិវានេះ គឺជាការរំលឹកឡើងវិញនូវសកម្មភាព ប្រវត្តិ និងការតស៊ូ របស់ស្រ្តីនៅលើពិភពលោក ដែលបានខិតខំ ជម្នះរាល់ឧបសគ្គ ដើម្បីទាមទារសិទ្ធិសេរីភាព ពីម្ចាស់រោងចក្រ សហគ្រាស រហូតទទួលបានជោគជ័យជាស្ថាពរ ហើយត្រូវបានអនុវត្តទៅតាមពាក្យស្លោក ធ្វើការ៨ម៉ោង ធ្វើការស្មើភាពគ្នា បៀវត្សស្មើគ្នា និងការពារសុខភាពមាតា និងទារក។
លោកជំទាវបានបន្តទៀតថា ដោយបានការខិតខំប្រឹងប្រែង តស៊ូអត់ធ្មត់ របស់បងប្អូននារីនោះ ត្រូវបានអង្គការសហប្រជាជាតិ ទទួលស្គាល់ជាផ្លូវការ នាឆ្នាំ១៨៧៩ និងអនុម័តយកថ្ងៃ៨មីនា ជារៀងរាល់ឆ្នាំ ជាទិវានារីអន្តរជាតិតាមបណ្តាប្រទេសនីមួយៗ។
ការជួបជុំគ្នារបស់បងប្អូននារីស្រុកក្រគរ នាពេលនេះ គឺបញ្ជាក់ឱ្យឃើញថា នារីត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ និងជំរុញឱ្យថ្នាក់ដឹកនាំ ត្រូវឱ្យមានបេក្ខភាពជានារី បម្រើការងារនៅក្នុងសង្គម ជាក់ស្តែងនៅក្នុងស្រុកក្រគរ ស្រ្តីមានតួនាទីក្នុងវិស័យនយោបាយ ១១៧នាក់ ក្នុងចំណោម ៤២៧នាក់ និងមានតួនាទីក្នុងវិស័យមុខងារសាធារណៈ ៣១៦នាក់ ក្នុងចំណោម ៧៤៣នាក់ ដើម្បីចូលរួមចំណែក អភិវឌ្ឍន៍សង្គម ព្រោះថា «ស្ត្រីគឺជាឆ្នឹងខ្នងសេដ្ឋកិច្ច និងសង្គម»។
ការផ្តល់សិទ្ធិឱ្យស្ត្រី ព្រោះថា ស្ត្រីជាកម្លាំងចលករដោយមិនអាចខ្វះបាន ក្នុងការរួមចំណែកអភិវឌ្ឍន៍សង្គមគ្រួសារ និងសង្គមជាតិប្រកបដោយនិរន្តភាព ដូចនេះបងប្អូននារីគ្រប់ថ្នាក់ គ្រប់ផ្នែក បន្តការខិតខំបំពេញភារកិច្ចរបស់ខ្លួន ចេះរួបរួមសាមគ្គី ជួយគ្នាទៅវិញទៅមក ជាពិសេសស្ត្រីក្រីក្រ កុមារកំព្រា ជនពិការ និងអ្នករងគ្រោះថ្នាក់ ដោយប្រការផ្សេងៗ កាន់តែមានភាពផុលផុស និងសាយភាយ ទៅដល់មូលដ្ឋាន ដើម្បីជាគម្រូល្អសម្រាប់អ្នកជំនាន់ក្រោយ។
នៅក្នុងឱកាសនោះ លោកស្រី ឯម ប៉ុណ្ណា និងលោកស្រី ហ៊ុន ចាន់ធី ក៏បានទទួលថវិកាបង់ចូលសមាគមនារី ប្រចាំឆ្នាំរបស់សមាជិកា អនុសាខាសមាគមនារីស្រុក ព្រមទាំងបានចែកជូនវត្ថុកំដរដៃ ដល់អ្នកចូលរួម ជិត២០០នាក់ ក្នុងម្នាក់ៗទទួលបានសារុង១ ដែលជាអំណោយផ្ទាល់របស់ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងលោកស្រី ហ៊ុន ចាន់ធី ផងដែរ៕