(សៀមរាប)៖ ភ្ញៀវទេសចរអន្តរជាតិ ដែលបានទិញប័ណ្ណ ចូលទស្សនារមណីយដ្ឋានអង្គរ នៅរយៈពេល២ខែដំបូងឆ្នាំ២០១៧នេះ មានចំនួន ៥៣៨,៧៩៥នាក់ កើនឡើងចំនួន៩.១០ភាគរយ បើធៀបនឹងឆ្នាំ២០១៦ ដែលមានចំណូលចំនួន ២០,២៩៦,៣០៣លានដុល្លារកើនឡើង៤១.៣៥ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៦ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ ។
ហើយបើតាមរបាយការណ៍ របស់គ្រឹះស្ថានអង្គរ ដែលបានបញ្ជូនឱ្យអង្គភាព Fresh News នាថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៧ថា សម្រាប់ការអនុវត្តតម្លៃលក់ប័ណ្ណថ្មី ចូលទស្សនារមណីយដ្ឋានអង្គរ ដែលត្រូវបានចាប់អនុវត្តពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ គឺបានទទួលលទ្ធផល ដូចខាងក្រោម៖
១-អំពីស្ថានភាពភ្ញៀវទិញប័ណ្ណ មានចំនួន ២៥១,៧៥៤សន្លឹក ធៀបនឹងរយ:ពេលដូចគ្នាខែកុម្ភ: ឆ្នាំ២០១៦ មានការកើនឡើង២.៤១℅។
ក្នុងនោះមាន ភ្ញៀវទិញប័ណ្ណទស្សនារយ:ពេលមួយថ្ងៃតម្លៃ ៣៧ដុល្លារ មានចំនួន១៤៥,៩២៥សន្លឹក។ ភ្ញៀវទិញប័ណ្ណទស្សនារយ:ពេលបីថ្ងៃ តម្លៃ៦២ដុល្លារ មានចំនួន១០២,៧៣៥សន្លឹក។ ភ្ញៀវទិញប័ណ្ណទស្សនារយ:ពេលប្រាំពីថ្ងៃ តម្លៃ៧២ដុល្លារ មានចំនួន ៣,០៩៤សន្លឹក ។ សរុបរកចំណូលបាន ១១,៩៩១,៥៦៣ដុល្លារអាមេរិក ធៀបរយ:ពេលដូចគ្នា ក្នុងខែកុម្ភ: ឆ្នាំ២០១៦ មានការកើនឡើង៦៦.៣៦℅ ៕