(អ៉ីតាលី)៖ លោកទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហរិញ្ញាវត្ថុ តំណាងរាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន ដែលមានទឹកប្រាក់ចំនួន៣៦.៣០ដុល្លាអាមេរិក ជាមួយលោក Gilbent Fossoun Houngbo ប្រធានមូលនិធិអន្តរជាតិ សម្រាប់អភិវឌ្ឍន៍កសិកម្ម (Internation Fund for Agricultural Development- IFAD) សម្រាប់ជាឥណទានចូលរួមគាំទ្រការអនុវត្ត «គម្រោងជំរុញទីផ្សារ សម្រាប់កសិកម្មខ្នាតតូច»។
ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តធ្វើនៅទីស្នាក់ការកណ្ដាលរបស់ IFAD នាទីក្រុងរ៉ូម ប្រទេសអ៊ីតាលី នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច ចេញផ្សាយនៅថ្ងៃទី១ ខែមីនានេះ។
ក្នុងពិធីចុះហត្ថលេខានេះ លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណចំពោះ IFAD ដែលបានរួមចំណែកផ្ដល់ហរិញ្ញប្បទានគាំទ្រគម្រោងនេះ។ បន្ថែមលើនេះ រដ្ឋាភិបាលនឹងចូលរួមជាថវិកាបដិភាគ ចំនួនប្រមាណ ៨.៦៥លានដុល្លារអាមេរិក ជាមួយនឹងក្ដីរំពឹងថា គម្រោងនឹងអាចគៀរគទុនវិនិយោគ ពីអ្នកទទួលផល និងដៃគូក្នុងវិស័យឯកជន បានចំនួនប្រមាណ១៦.៧០លានដុល្លារអាមេរិកទៀត ដែលនឹងធ្វើឲ្យគម្រោងកើនឡើង ដល់ទឹកប្រាក់សរុបចំនួនប្រមាណ៦១.៦៥លានដុល្លារអាមេរិក។
លោកទេសរដ្ឋមន្រ្តី ក៏បានសង្កត់ធ្ងន់ថា «គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច» នេះគឺគម្រោងទី១ហើយ ដែលត្រូវបានរៀបចំឡើងប្រកបដោយ នវានុវត្តភាពកម្រិតខ្ពស់ ដោយនឹងគៀរគបាននូវការចូលរួមជា ទុនវិនិយោគរបស់វិស័យឯកជន សម្រាប់យកមកដោះស្រាយ បញ្ហាប្រឈមក្នុងវិស័យកសិកម្ម គាំទ្រដល់ការលើកកម្ពស់ជីវភាពប្រជាកសិករក្រីក្រ។
គម្រោងនេះមានរយៈពេលអនុវត្តចំនួន០៦ ឆ្នាំចាប់ពីឆ្នាំ២០១៧ ដល់២០២២ និងមានគោលដៅចូលរួមលកើកម្ពស់ ជីវភាពកសិករខ្នាត់តូច ឲ្យទទួលបានផលចំណេញខ្ពស់ ពីការធ្វើកសិកម្ម តាមរយៈការចូលធ្វើអន្តរាគមណ៍ ជំនះដោះស្រាយរាល់បញ្ហាប្រឈម ក្នុងវិស័យកសិកម្ម ទាំងក្នុងដំណាក់កាលខ្សែសង្វាក់ផលិកម្ម, ទាំងក្នុងការធ្វើកសិពាណិជ្ជកម្ម, និងជាពិសេសការជំរុញតភ្ជាប់ ឲ្យដល់ទីផ្សារកសិកម្ម។
ក្នុងជំហ៊ានដំបូង គម្រោងនិងផ្ដោតលើមុខទំនិញចំនួន៥មុខ រួមមាន៖ ស្រូវ, បន្លែ, មាន់ចិញ្ជឹមជាលក្ខណៈគ្រួសារ, ដំឡូង និងសូត្រ។ គម្រោងនឹងពិនិត្យ លទ្ធភាពពង្រឹកមុខទំនិញនៅជំហ៊ានបន្តបន្ទាប់ទៀត អាស្រ័យតាមតម្រូវការជាក់ស្ដែង។
គម្រោងនេះ នឹងផ្ដល់ប្រយោជន៍ដោយផ្ទាល់ ដល់កសិករក្រីក្រ ចំនួនប្រមាណ៧៥០០០គ្រូសារ ក្នុងខេត្តចំនួន១៥ រួមមាន៖ ខេត្តកំពត, តាកែវ, កណ្ដាល, ព្រៃវែង, ត្បូងឃ្មុំ, កំពង់ចាម, ក្រចេះ, ក្រចេះ, រតនគិរី, ស្ទឹងត្រែង, ព្រះវិហារ, សៀមរាប, បន្ទាយមានជ័យ, បាត់ដំបង, និងប៉ៃលិន។ គម្រោងនឹងត្រូវដឹកនាំអនុវត្ត ដោយក្រសួងពាណិជ្ជកម្ម និងដោយមានការចូលរួម អនុវត្តដោយក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ និងធនាគារអភិវឌ្ឍជនបទ។
គួរំលឹកដែរថា គឹតមកដល់បច្ចុប្បន្ន ដោយរាប់ទាំងគម្រោងនេះផង ទំហំកិច្ចសហប្រតិបត្តិការរវាង IFAD ជាមួយរដ្ឋាភិបាលកម្ពុជា បានកើនឡើងដល់ចំនួន១៨០លានដុល្លារអាមេរិក។
លោកទេសរដ្ឋមន្រ្តី បានថ្លែងក្នុងនាមរដ្ឋាភិបាល និងជាប្រជាជនកម្ពុជា នូវការវាយតម្លៃខ្ពស់ ចំពោះ IFAD ដែលបាន និងកំពុងបន្តគាំទ្រដល់កិច្ចប្រឹងប្រែង របស់រដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ប្រកបស្មារតី នៃភាពដៃគូពិតប្រាកដ និងគោរពគ្នាទៅវិញទៅមក៕